អាជ្ញាធរស្រុកពួកចុះពិនិត្យស្រូវដែលរងគ្រោះដោយគ្រោះរាំងស្ងួត

(សៀមរាប)៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ លោក ស៉ិន ចាន់ថុល អភិបាលស្រុកពួកស្តីទី និងការិយាល័យកសិកម្មស្រុក អជ្ញាធរឃុំ ភូមិបានចុះពិនិត្យស្រូវដែលរងគ្រោះដោយរាំងស្ងួត។ជាលទ្ធផលនៃកាត្រួតពិនិត្យឃើញថាក្នុងឃុំមួយចំនួន ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតឃើញថា ស្រូវខូចខាតប្រហែល ៥ % ស្រូវលូតលាស់ពុំសូវបានល្អដោយ របាយទឹកភ្លៀងពុំស្មើ(ភ្លៀងដោយកន្លែង) ការប្រើប្រាស់ជី និងថ្នាំស្មៅ ពុំត្រូវពេលវេលានិង បច្ចេកទេស គ្មានប្រភពទឹកនិងប្រពន្ធ័ប្រឡាយនៅជិត កសិករភាគច្រើនជ្រើសរើសពូជស្រូវស្រាលដែលពុំសូវធន់នឹងអាកាសធាតុក្តៅនិងរាំងស្ងួតរយៈពេលវែង ។

ជាមួយគ្នានេះ ក្រុមការងារក៏បានត្រៀមនឹងការស្តាឡើងវិញចំពោះស្ថានភាពនេះ ៖
បានចុះពិនិត្យស្ថានភាពប្រភពទឹកដែលនៅសេសសល់ដើម្បីអន្តរាគមន៍បូមចូលប្រឡាយរងនានា ។បន្តអំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកប្រើជី និង ថ្នាំបាញ់ស្មៅ១រយះសិន ។ស្នើសុំពូជស្រូវវស្សា និងស្រូវប្រាំងដើម្បីធ្វើឡើងវិញ ក្នុងស្ថានភាពរាំងស្ងួតអូសបន្លាយរយះពេលវែងតទៅមុខទៀត ។ត្បិតស្រូវដែលពិនិត្យឃើញថាខ្លោចឫស្វិត ពាក់កណ្តាលដើមខាងលើ ប៉ុន្តែអាចលាស់ឡើងវិញ រយៈពេល ១សប្តាហ៍ ឫ១០ថ្ងៃទៀត ដោយសារគល់និង ឫស នៅខៀវនៅឡើយ ។ ក្នុងរយៈពេល១សប្តាហ៍ ឫ១០ថ្ងៃខាងមុខបើមិនមានភ្លៀងសោះការខូចខាតអាចឡើងដល់ ១៥ ទៅ ២០%។

ទន្ទឹមនឹងនេះ មន្ទីរធនធានទឹកនិងឧតុនិយមបានពិនត្យមើល ស្ថានភាពទឹកដែលនៅសេសសល់តាមបណ្តាស្ទឹងនិងប្រឡាយមេមួយចំនួន ដើម្បីដាក់ម៉ាសុីនធំបូមចូលប្រឡាយរងមួយចំនួន និងសូមជួយផ្តល់ស្រូវពូជជូនពួកគាត់ក្នុងករណីភាពរាំងស្ងួតបន្តរយៈពេលវែងតទៅទៀត៕ ដោយ៖សៀមរាបថ្មី