Banner-right
Banner-right

លិខិតចំហ ៖ ជូនស្ថានទូតអាមេរិកប្រចាំកម្ពុជា ៖ តើពាក្យសម្តីរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បម្រើឱ្យក្រុមបរាជ័យធ្វើបដិវត្តន៍ពណ៌នៅកម្ពុជារឺ?

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរសារនៅលើបណ្តាញទំនាក់ទំនងសង្គមនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ថា៖ «ថ្ងៃនេះរដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំងនៅកម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ។

ការបោះឆ្នោតនេះ បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឱ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១មក»។

ការលើកឡើងនៅក្នុងបណ្តាញសង្គមផ្លូវការរបស់ស្ថានទូតអាមេរិក ប្រចាំនៅក្រុងភ្នំពេញនេះជារឿងគួរឱ្យអស់សំណើចណាស់ពីសំណាក់អ្នកនៅកម្ពុជា ជាពិសេសម្ចាស់ឆ្នោតដែលបានទៅចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៨ ពីព្រោះធ្វើដល់ស្ថានទូតមួយតំណាងឱ្យអាមេរិកទាំងមូលបែរជាសម្តែងធ្វើឆោតវ៉ៃស្គរវ៉ៃប៉ោតបម្រើឱ្យបក្សប្រឆាំងដែលរលាយដោយច្បាប់បរាជ័យក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌ហើយមានទោសរត់ចោលស្រុកទៅវិញ។

តើស្ថានទូតនៃប្រទេសមហាអំណាចអាមេរិក មិនស្គាល់ពីច្បាប់ការទូត ឬដឹងហើយធ្វើពើជាមិនដឹង?»

ស្ថានទូតអាមេរិកអើយ កុំដើរតួជាកម្ពុជាជាងកម្ពុជា ជាងប្រជាជនកម្ពុជា ជាងម្ចាស់ឆ្នោតដែលបានទៅបោះឆ្នោតប្រកបដោយភាពជឿជាក់ !

ប្រជាជនកម្ពុជាគ្មានអ្នកណាទៅជឿអស់លោកទៀតទេ ប្រជាជនកម្ពុជាជាម្ចាស់វាសនាប្រទេសបានដឹង និងឃើញច្បាស់ណាស់ថា ប្រទេសកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពហុបក្ស ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ភាពប្រកួតប្រជែងផ្នែកនយោបាយត្រូវបានពង្រីក ហើយការបោះឆ្នោតត្រូវបានគេរៀបចំធ្វើជាទៀងទាត់ ចាប់តាំងពី ឆ្នាំ១៩៩៣។

ថ្មីៗនេះប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលមាន១២គណបក្ស បានចូលរួមការបោះឆ្នោត និងមានអ្នកបោះឆ្នោតចំនួន៧,៨លាននាក់ ចុះឈ្មោះបោះឆ្នោត ។នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រទេសកម្ពុជាក៏បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នៅក្នុងលក្ខណៈសេរី ត្រឹមត្រូវ និងបរិយាប័ន្ន ប្រកបដោយជោគជ័យ។

គណបក្សនយោបាយចំនួន២០ បានចូលរួមនៅក្នុងការបោះឆ្នោត។ នៅក្នុងការប្រៀបធៀបអាត្រានៃអ្នកទៅបោះឆ្នោតបានកើនឡើង ទៅដល់ចំណុចកំពូលថ្មី រហូតដល់៨៣,២% បើប្រៀបធៀបទៅនឹងអាត្រាតែ ៥៥%ប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិក នៅឆ្នាំ២០១៦។ វាគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីឆន្ទៈរបស់ប្រជាជន។

ជាការពិតនៅក្នុងការបោះឆ្នោតទាំងអស់នៅកម្ពុជា តែងតែមានអ្នកសង្កេតការណ៍អន្តរជាតិ រួមទាំងអ្នកសង្កេតការណ៍ដែលមកពីអាមេរិកផងដែរ។

ជាក់ស្តែងនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដែលអាមេរិក បានហៅថា «មិនសេរី និងយុត្តិធម៌ ហើយមិនតំណាងឲ្យឆន្ទៈ របស់ប្រជាពលរដ្ឋកម្ពុជា» គឺមានអ្នកសង្កេតការណ៍អន្តរជាតិចំនួន៥៣៨រូប ដែលចូលរួមសង្កេតការណ៍ការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ មកពីអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អង្គការក្រុមប្រទេសនិយាយភាសាបារាំង (Assemblée Parlementaire de la Francophonie) សភាប្រជាជននៃសហព័ន្ធរុស្ស៊ី (Civic Chamber) អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្ដរជាតិ អង្គការសភាអាស៊ី និងអង្គការអន្តរសភាអាស៊ាន។ ក្រៅពីនេះក៏មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនបានតាមដានយកព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា។

ក្រុមអ្នកសង្កេតការណ៍បានឯកភាពទាំងអស់គ្នាថា ការបោះឆ្នោតនេះគឺប្រកបដោយសន្តិវិធី សេរី និងយុត្តិធម៌ ព្រោះអ្នកសង្កេតការណ៏ទាំងនោះបានមកសង្កេតផ្ទាល់ មិនមែនអង្គុយចាំរិះគន់ដូចស្ថានទូតអាមេរិកនោះទេ។

សំណួរសាមញ្ញមួយនៅទីនេះគឺថា តើអ្នកណាដែលសាកសមជាងគេក្នុងការវិនិច្ឆ័យចំពោះការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា?

អ្នកសង្កេតការណ៍អន្តរជាតិដែលចូលរួមការសង្កេតការណ៍ជាក់ស្តែង រឺអ្នកចាំថាមិនបានមើល?

ឈប់បាន ឈប់ទៅ កុំមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ឱ្យកម្ពុជារស់នៅបានសុខផង។ ការវាយតម្លៃការការបោះឆ្នោតជាតិ ខែកក្កដានៅកម្ពុជា ជាការបោះឆ្នោតមានកំហុសឆ្គង ហើយកោតតែប្រទេសមហាអំណាចមួយធ្វើទៅរួចដោយគ្មានការអៀនខ្មាស។

ប្រវត្តិសាស្រ្តកម្ពុជាពិតជាឆ្អែតឆ្អន់នឹងទង្វើរបស់អាមេរិកហើយ! ដោយសារតែអស់លោកចោទប្រកាន់គ្មានការពិតនេះហើយ អស់លោកអាមេរិកបានទម្លាក់គ្រាប់បែកជាង ៣លានតោនលើក្បាលខ្មែរ គ្មានសុំទោសខ្មែរមួយម៉ាត់ ហើយឥឡូវបានតាមចងកម្មចងពៀរខ្មែរមិនឱ្យរស់បានសុខសន្តិភាពទៀត។ ប្រវត្តិសាស្ត្របានដឹងច្បាស់ណាស់ថា អាមេរិកមិនដែលសប្បាយចិត្តពេលខ្មែររីកចម្រើនទេ!

ម្យ៉ាងទៀតរហូតមកដល់ពេលនេះ ចាប់ពីថ្ងៃទី២៩ កក្កដា ២០១៨ គឺមានរយៈពេលមួយឆ្នាំហើយ មុនការបោះឆ្នោត ពេលបោះឆ្នោត ក្រោយពេលបោះឆ្នោត ប្រជាជនកម្ពុជាទទួលបានសន្តិភាព រស់នៅប្រកបដោយសេរីភាព សេដ្ឋកិច្ចជាតិកើនឡើង មិនគួរស្ថានទូតអាមេរិកមកមួលបង្កាច់កម្ពុជារម្លឹកខួប១ឆ្នាំនៃការបោះឆ្នោតអីនោះទេ ចូលចិត្តចោទប្រកាន់តែរឿងប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាខែល ព្រោះកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា គឺសម្លឹងទៅមុខដើម្បីអភិវឌ្ឍន៏ កសាងប្រទេស ប្រជាជនកម្ពុជាដែលជាម្ចាស់ជោគវាសនាប្រទេសជាតិត្រូវការសន្តិភាព និងរីកចម្រើនទៅមុខ ។

ប្រទេសកម្ពុជាមានឆន្ទៈ ក្នុងការកសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងអន្ដរជាតិ រួមមានការមិនជ្រៀតជ្រែក ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍គ្នាទៅវិញទៅមក។ យើងក៏ត្រូវប្រកាន់ខ្ជាប់នូវតម្លៃជាសកលនៃភាពយុត្តិធម៌ បរិយាប័ន្ន និងការបើកចំហ។ ស្ថានទូតអាមេរិកគួរមានយុត្តិធម៌ចំពោះកម្ពុជា ដោយយកសន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

ជាចុងក្រោយ ខ្ញុំសង្ឃឹមថា ស្ថានទូតអាមេរិកដែលតំណាងឱ្យរដ្ឋបាលអាមេរិកឈប់លូកដៃកិច្ចការផ្ទៃក្នុងកម្ពុជា គួររក្សាទំនាក់ទំនងល្អដើម្បីផលប្រយោជន៏ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ដូចប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងកាលពីថ្ងៃទី២៩ កក្កដា ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មិនល្ងង់ផ្តាច់ទំនាក់ទំនងជាមួយកម្ពុជានោះទេ ។

« រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាពុំបានចែងថា បោះឆ្នោតនៅកម្ពុជាត្រូវទទួលស្គាល់ពីបរទេសឡើយ ។ »

ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩

ដោយ៖ ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz