Banner-right
Banner-right

ក្រសួងការបរទេសកម្ពុជាថ្លែងថាស្ថានទូតអាមេរិកមានអាកប្បកិរិយាខ្វះលក្ខណៈការទូតនិង

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី៣១ កក្កដា នេះ បានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថា វាជារឿងគួរឱ្យភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង ក្រោយពីបានកត់សម្គាល់ឃើញនូវអាកប្បកិរិយាខ្វះការទូត និងមិនគោរពមួយទៀតរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ចំពោះកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ។តាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថានទូតបានផ្សព្វផ្សាយនូវបទអត្ថាធិប្បាយមួយដ៏ខុសឆ្គង ដោយបានវាយប្រហារលើភាពត្រឹមត្រូវ នៃការបោះឆ្នោតទូទៅនៅកម្ពុជា កាលពីឆ្នាំ២០១៨។អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ បានអះអាងថា វាជារឿងនឹកស្មានមិនដល់ទាល់តែសោះថា ទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ ដែលរំលោភបំពានទៅលើបទប្បញ្ញត្តិទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១ ត្រូវបានបង្កឡើងដោយស្ថានបេសកកម្ម ដែលតំណាងឱ្យប្រទេសដែលមានអារ្យធម៌មួយ។

អ្នកនាំពាក្យក្រសួងការបរទេស បានរំលឹកសារជាថ្មីដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ពីភាពចាំបាច់នៃការអនុវត្តតាមមាត្រា១ នៃធម្មនុញ្ញអង្គការសហប្រជា ជាតិ ដែលចែងយ៉ាងច្បាស់ថា គោល បំណងមួយក្នុងចំណោមគោលបំណងទាំងឡាយរបស់អង្គការសហប្រជាជាតិ គឺ “ត្រូវកសាងទំនាក់ទំនងមិត្តភាពក្នុង ចំណោមប្រជាជាតិទាំងឡាយ ដោយផ្អែកលើការគោរពគោលការណ៍ នៃសិទ្ធិស្មើភាពគ្នា និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជន និងត្រូវចាត់វិធានការសមស្របទាំងឡាយផ្សេងទៀត ដើម្បីពង្រឹងសន្តិភាពសកល”។

លើសពីនេះទៀត មាត្រា៤១នៃ អនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១ ចែងយ៉ាងច្បាស់ថា បុគ្គលគ្រប់រូបដែលទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិបែបនេះ មានករណីកិច្ចគោរពច្បាប់ និងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេសម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ ពួកគេក៏មានករណីកិច្ចមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនោះដែរ, និវេសនដ្ឋានទាំងឡាយរបស់ស្ថានបេសកកម្ម មិនត្រូវបានប្រើប្រាស់តាមរបៀបណាមួយ ដែលមិនស្របតាមមុខងាររបស់ស្ថានបេសកកម្ម ដូចមានចែងក្នុងអនុសញ្ញានេះ ឬដោយវិធានច្បាប់អន្តរជាតិទូទៅផ្សេងទៀត ឬដោយកិច្ចព្រមព្រៀងពិសេសណាមួយជាធរមាន រវាងប្រទេសបញ្ជូន និងប្រទេសម្ចាស់ផ្ទះ។ក្នុងគោលដៅនេះ គោលការណ៍សមភាពអធិបតេយ្យរបស់រដ្ឋ បូរណភាពដែនដី និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ត្រូវតែគោរពឱ្យបានពេញលេញ។

តាមអ្នកនាំពាក្យ ទោះបីជាមានការអំពាវនាវរបស់ក្រុមក្រៅច្បាប់ឱ្យធ្វើពហិការបោះឆ្នោតក៏ដោយ ក៏ការបោះឆ្នោតសកលកាលពីឆ្នាំមុន មានចំនួនអ្នកចូលរួមបោះឆ្នោតរហូតដល់៨៣,០២ភាគរយ ពោលគឺជាអត្រាខ្ពស់បំផុតមួយ បើប្រៀបធៀបទៅនឹងការបោះឆ្នោតនានានៅក្នុងបណ្តាប្រទេសដែលប្រកាន់លទ្ធិ
ប្រជាធិបតេយ្យជាយូរមកហើយ។ ការបោះឆ្នោតនោះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព
មានសណ្តាប់ធ្នាប់ សេរីនិងយុត្តិធម៌ ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីសំណាក់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិរាប់ម៉ឺននាក់។ លើសពីនេះទៀត តួលេខនេះក៏បញ្ជាក់ពីបំណងប្រាថ្នារបស់ ប្រជាជនកម្ពុជា ក្នុងការចង់បានការបន្តកិច្ចអភិវឌ្ឍប្រទេសជាតិលើមាគ៌ាសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋជានិរន្តរ៍ ក៏ដូចជាការបន្តជំនឿទុកចិត្តរបស់ប្រជាជនលើគណបក្សកាន់អំណាច។ ការបដិសេធ ចំពោះការពិតទាំងនេះ ស្មើនឹងការវាយប្រហារទៅលើឆន្ទៈសេរីរបស់ប្រជាជនកម្ពុជាភាគច្រើនបំផុត ក៏ដូចជាលើសុច្ចរិតភាពរបស់អ្នកសង្កេតការណ៍ទាំងអស់ ដែលបានវាយតម្លៃការបោះឆ្នោតលើទីតាំង ជាក់ស្តែង។លោក កេត សោផាន់ អះអាងថាសកម្មភាពមួលបង្កាច់ឥតឈប់ឈររបស់ស្ថានទូតសហរដ្ឋអាមេរិក មិនត្រឹមតែប្រព្រឹត្តទៅផ្ទុយនឹងការខិតខំប្រឹងប្រែងបច្ចុប្បន្នប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យជាមួយនឹងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានចោទជាសំណួរអំពីគោលបំណងស្មោះត្រង់របស់ស្ថានទូតសហរដ្ឋអាមេរិក ចំពោះកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះផងដែរ៕ ដោយ៖ ភក្តី

អត្ថបទដែលជាប់ទាក់ទង