Banner-right
Banner-right

អ្នកវិភាគ៖ ចរិតមន្ត្រីការទូតខ្វះការទូតរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កំពុងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមនៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ

(ភ្នំពេញ)៖ ពិតជាគួរឱ្យខ្មាសអៀនជាទីបំផុតចំពោះមន្ត្រីស្ថានទូតអាមេរិកទាំងសញ្ជាតិអាមេរិក និងក្រុមបុគ្គលិកខ្មែរមួយចំនួនដែលប្រកាន់អាកប្បកិរិយាក្រអើតក្រទម និងខែងរ៉ែងជាងមេដឹកនាំរបស់ខ្លួនទៅទៀតដែលត្រូវមន្ត្រីក្រសួងការបរទេសកម្ពុជាបង្រៀនមេរៀនការទូត និងអំពីអនុសញ្ញាទីក្រុងវីហ្សេន រួមនឹងមេរៀនពីធម្មនុញ្ញអង្គការ សហប្រជាជាតិ ដែលទាំងនេះជាលិខិតូបករណ៍អន្តរជាតិសម្រាប់ទំនាក់ទំនងការទូត និងការគោរពអធិបតេយ្យភាព នៃរដ្ឋជាសមាជិកអង្គការសហប្រជាជាតិដូចគ្នា ខណៈម្តងហើយម្តងទៀត មន្ត្រីនៃស្ថានទូតមហាអំណាចមួយនេះនៅភ្នំពេញ តែងតែបង្ហាញអាកប្បកិរិយាខ្វះការទូត និងគ្មានសេចក្តីថ្លៃថ្នូរជាមន្ត្រីការទូតមកពីប្រទេសស៊ីវិល័យ។

មួយថ្ងៃៗមន្ត្រីស្ថានទូតអាមេរិកនៅភ្នំពេញទាំងអស់នេះតាំងខ្លួនជាអ្នកប្រជាធិបតយ្យ និងជាគ្រូបាអាចារ្យដើរបង្រៀនគេពីប្រជាធិបតេយ្យ ការគោរពច្បាប់ ប៉ុន្តែមិនបានមើលខ្លួនឯងថា តើបានគោរពប្រជាធិបតយ្យ និងច្បាប់ត្រឹមត្រូវហើយនៅ? ទំនងលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានដឹងពីអាកប្បកិរិយាខ្វះការទូតរបស់ មន្ត្រីការទូតអាមេរិកមួយចំនួននៅភ្នំពេញទេ ហើយមន្ត្រីការទូតដែលគ្មានការទូតទាំងនេះបានបំពានម្តងហើយម្តងទៀតនូវតួនាទីជាមន្ត្រីការទូត ហើយបំពានទាំងកំរោលលើ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបន្តជ្រៀតជ្រែកជាប្រចាំមកលើកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈសំណេរបែបចំអក និងគ្មានលក្ខណៈការទូតនៅលើប្រព័ន្ធផ្សព្វផ្សាយ ផ្លូវការរបស់ខ្លួន ហើយត្រូវបានបន្ទរតាមក្រោយដោយប្រព័ន្ធផ្សព្វផ្សាយដែលខ្លួនផ្តល់លុយឱ្យ និងក្រុមប្រឆាំងរត់ចោលស្រុក និងជាខ្ញុំកញ្ជះបរទេសដាច់ថ្លៃមួយចំនួន។

តាមពិតគួរឱ្យសោកស្តាយជំនួសលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលខិតខំកសាងទំនាក់ទំនងការទូតដ៏ល្អ ជាមួយបណ្តាប្រទេសនានារាប់ទាំងកម្ពុជា ប៉ុន្តែបែរជា ក្រុមមន្ត្រីការទូតនៃស្ថានទូតអាមរិកនៅភ្នំពេញ បំផ្លាញស្ពាននៃទំនាក់ទំនងកម្ពុជា អាមេរិកនេះម្តងហើយម្តងទៀតដោយបង្ហាញអាកប្បកិរិយា ច្រលើសបើស តាំងខ្លួនជាឪរបស់កម្ពុជា។ មន្ត្រីនៃស្ថានទូតអាមេរិកអាចជាឪរបស់ក្រុមប្រឆាំង និងជាម្ចាស់របស់ខ្មោចគណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនមែនជាឪរបស់កម្ពុជាដែលអាចក្បាលកម្ពុជា តាមអំពើចិត្តដូចដែលខ្លួនធ្លាប់បានបង្វិលក្បាលក្រុមខ្មែរក្បត់ជាតិមួយចំនួនទាំងនៅក្នុងអតីតកាល និងបច្ចុប្បន្នកាលនេះឡើយ។ កម្ពុជាជារដ្ឋឯករាជ្យ ជារដ្ឋអធិបតេយ្យ និងជាម្ចាស់ផ្ទះ ហើយប្រជាជនកម្ពុជាក៏មិនចង់ស្វាគមន៍ មន្ត្រីការទូតដែលខ្វះការទូតដូច្នេះឡើយ។

តើអ្វីដែលមន្ត្រីការទូតខ្វះការទូតនៃស្ថានទូតអាមេរិកចង់បានឱ្យប្រាកដ? ហេតុអ្វីបានព្យាយាមក្នុងការបង្កជម្លោះពាក្យសម្តី និងបង្កអរិភាពការទូតរវាងប្រទេសទាំងពីរ? ជាតិនិងប្រជាជនកម្ពុជាទទួលបទពិសោធគ្រប់គ្រាន់ពីអតីតកាលរួចមកហើយ ហើយកេរដំណែលដ៏អាស្រូវរបស់អាមេរិកក៏មិនទាន់រលប់បាត់ពីអារម្មណ៍ពលរដ្ឋខ្មែរ និងពីទឹកដីកម្ពុជាឡើយ។ កេរតំណែលនៃកាកសំណល់សង្គ្រាមគ្រាប់បែកប្រមាណ ៣លានតោន ដែលអាមេរិកបានទម្លាក់មកលើប្រទេសកម្ពុជាមិនទាន់រសាត់បាត់ឡើយ ហើយកេរដំណែលសង្គ្រាមនេះបានបន្សល់ទុកមកទល់ពេលនេះ និងបានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សសត្វ និងបង្ករបួសស្នាមស្ទើររាល់ថ្ងៃជាពិសេសគ្រាប់បែកចង្កោម ដែលពួកគេបានប្រើប្រាស់ និងអាវុធគីមីដែលពួកគេបានប្រើអំឡុងពេលសង្គ្រាម។

ប៉ុន្តែមន្ត្រីការទូតខ្វះការទូតទាំងនេះមិនបានចេញមកសុំទោសខ្មែរមួយមាត់ឡើយ។ ប៉ុន្តែពួកគេបង្ហាញអាកប្បកិរិយាព្រហើនកោងកាចចំពោះជនរងគ្រោះ ពីការទម្លាក់គ្រាប់បែករបស់ខ្លួន និងបានព្យាយាមបង្កហេតុសព្វបែបយ៉ាងប្រឆាំង នឹងការរស់រានជីវិតប្រឆាំងនឹងសន្តិភាពប្រឆាំងនឹងការអភិវឌ្ឍរបស់កម្ពុជាតាមរយៈ សកម្មភាពផ្សេងៗរាប់ទាំងការគាំទ្រក្រុមប្រឆាំងក្បត់ជាតិធ្វើបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបនៅកម្ពុជាទៀត។ កឹម សុខា អតីតប្រធានខ្មោចបក្សសង្គ្រោះជាតិ ជាមេក្លោងជាក់ស្តែងនៃការអនុវត្តផែនការបដិវត្តន៍ពណ៌ ដោយបានសារភាពដោយផ្ទាល់មាត់ថា អាមេរិកបង្រៀនខ្លួនឱ្យផ្លាស់ប្តូរមេដឹកនាំតាមរយៈបដិវត្តន៍ពណ៌ ដែលអាមេរិកបានធ្វើលើអតីតប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ នេះឬជារបៀបជួយប្រទេសផ្សេងនោះ?

កាលដែលស្ថានទូតអាមេរិកនៅភ្នំពេញ ចេញសារដៀមដាមអំឡុងពេលខួប១ឆ្នាំ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៩ ខែកក្កដា ពិតជាបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកពិតជាចៅហ្វាយនាយខ្មោចបក្សសង្គ្រោះជាតិ ហើយក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងកឹម សុខា គឺជាអាយ៉ងដាច់ថ្លៃរបស់ខ្លួន។ ពួកគេពិតជាឈឺចាប់ជំនួសកញ្ជះរបស់ខ្លួន បានជាបញ្ចេញសារខ្វះវិជ្ជាជីវៈការទូតថាការបោះឆ្នោតនាខែកក្កដា ជាការបោះឆ្នោតមានកំហុសឆ្គង។ នេះជា ការប្រមាថទាំងកម្រោលប្រឆាំងនឹងឆន្ទៈម្ចាស់ឆ្នោត ៨៣,២% ដែលបានអញ្ជើញទៅបោះឆ្នោតស្របតាមឆន្ទៈនិងមនសិការរបស់ខ្លួនដែល សូម្បីតែប្រទេសរបស់មន្ត្រីស្ថានទូតអាមេរិកដែលកំពុងសោចចម្អកឱ្យកម្ពុជា ក៏គ្មានអត្រានៃការចូលរួមបោះឆ្នោតច្រើនយ៉ាងដូច្នេះផង។
ដូច្នេះអ្វីដែលមន្ត្រីទូតអាមេរិកខ្វះការទូតមួយចំនួន ព្យាយាមបំភ្លៃការពិតនៃការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ យុត្តិធម៌ ត្រឹមត្រូវ និងប្រកបដោយតម្លាភាពនេះ គឺគ្រាន់តែ បង្ហាញការឈឺចាប់ជំនួសអាយ៉ងរបស់ខ្លួន និងលួងលោមចិត្តកញ្ជះរបស់ខ្លួនដែលបាត់បង់ឱកាសបាត់បង់ទីតាំងឈរជើងនយោបាយដោយសារ តែដើរតាមផែនការទុច្ចរិតរបស់ខ្លួន ចង់ឡើងកាន់អំណាចដឹកនាំប្រទេសតាមបែបមិនប្រជាធិបតេយ្យដូច ដែលពួកគេបានធ្វើនៅតាមបណ្តាប្រទេសមួយចំនួននាពេលកន្លងទៅ។ អាកប្បកិរិយាច្រណែនឈ្នានីសកម្ពុជារបស់មហាអំណាចមួយនេះមិនមែនជាលើកទី១ទេ ប៉ុន្តែកម្ពុជាប្រកាន់នូវភាពចាស់ទុំនយោបាយរបស់ខ្លួន និងរក្សាសិទ្ធិឆ្លើយតប តាមផ្លូវការទូតចំពោះការបំពានរបស់មន្ត្រីការទូតដែលគ្មានការទូតមហាអំណាចនេះ ដោយមិនបានបំពានលើប្រទេសណាមួយឡើយ។

កម្ពុជាមិនបានយកប្រទេសណាមួយជាសត្រូវឡើយ គឺធ្វើទំនាក់ទំនងការទូតជាមួយទាំងអស់ក្នុងនាមជាប្រទេសស្មើសិទ្ធិ និងស្មើភាពស្របតាមធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ហើយមិនមែនជាប្រទេសក្រោមអាណានិគមណាមួយឡើយ។ បាវចនាដឹកនាំប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់គឺ «កំណែទម្រង់ខាងក្នុង ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ»។ កម្ពុជាមិនអាចយកអធិបតេយ្យភាព និងឯករាជ្យរបស់ខ្លួនប្តូរនឹងជំនួយ ឬប្តូរនឹងការគាំទ្រណាមួយឡើយ ហើយកម្ពុជា ក៏មិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិមួយក្តាប់ដែលមានចៅហ្វាយនាយបរទេសយកជាតិនិងប្រជាជនកម្ពុជាធ្វើជាចំណាប់ខ្មាំង និងបំផ្លាញសមិទ្ធផលដែលមាន រួមនឹងសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយពិបាកនេះឡើយ។

អាមេរិក សូមកុំដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍សេដ្ឋកិច្ចនិងមហិច្ឆតាគ្រប់គ្រងពិភពលោករបស់ខ្លួន ហ៊ានលើកដៃបំផ្លាញសេចក្តីសុខ ប្រជាជាតិមួយដែលកំពុងរស់សុខសាន្តក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ បទពិសោធពីអតីតកាល បានបង្រៀនកម្ពុជាគ្រប់គ្រាន់ហើយក្នុងនោះបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ថាព្រះអង្គសោកស្តាយដែលជឿទុកចិត្តមិត្តលើអាមេរិកពេកក៏នៅតែដក់ជាប់ក្នុងស្មារតីនិងជម្រៅដួងចិត្តប្រជាជនកម្ពុជា។
នេះជាមេរៀនប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរភាគច្រើនចងចាំ និងមិនចង់បានប្រវត្តិសាស្ត្រចាស់វិលត្រឡប់មកវិញទេ។ ហេតុដូច្នេះហើយបានជាពលរដ្ឋខ្មែររួមសាមគ្គីជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ និងវាយកម្ទេចចោលនូវផែនការទុច្ចរិតបដិវត្តន៍ពណ៌ និងបន្តទប់ស្កាត់ និងបកអាក្រាតទង្វើដ៏អាក្រក់នៃមហាអំណាចមួយដែលមិនចង់ឱ្យ កម្ពុជាបានសុខសាន្ត។ ដូច្នេះសូមមន្ត្រីការទូតទាំងសញ្ជាតិអាមេរិក និងមន្ត្រីមានសញ្ជាតិខ្មែរនៅស្ថានទូតអាមេរិកគួរប្រកាន់ចរិតការទូតថ្លៃថ្នូរ និងគោរពធម្មនុញ្ញអង្គការ សហប្រជាជាតិ ទើបខ្លួនមានតម្លៃការទូតគួរឱ្យគោរព ហើយពលរដ្ឋកម្ពុជាជឿជាក់ថាមន្ត្រីទាំងនេះនឹង មិនយកនិន្នាការនយោបាយផ្ទាល់ខ្លួនបំផ្លាញនយោបាយការទូតដ៏ល្អ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើយ។ ពលរដ្ឋខ្មែរក៏សង្ឃឹមថា មន្ត្រីការទូតខ្វះការទូតទាំងនេះនឹងរៀនសូត្របន្ថែមទៀតពីរបៀបរបបនៃទំនាក់ទំនងការទូត និងយល់ដឹងពីអាកប្បកិរិយាថ្លៃថ្នូរ ក្នុងនាមជាមន្ត្រីការទូតនៃប្រទេសមហាអំណាចដ៏ស៊ីវិល័យយ៉ាងពិតប្រាកដ៕

ដោយ៖ ចៅចាក់ស្មុក, ស្រុកកំចាយមារ ខេត្តព្រៃវែង
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz