Banner-right
Banner-right

ព្រឹទ្ធសភាអាមេរិកអនុម័តបេក្ខភាពលោក W.Partick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា

(ភ្នំពេញ)៖ លោក W. Patrick Murphy អតីតឧបការីរងទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នេះ ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តឲ្យក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសខ្លួនប្រចាំប្រទេសកម្ពុជា នេះបើយោងតាមគេហទំព័ររបស់សភាជាតិអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។

ការអនុម័តនេះ បានធ្វើឡើងបន្ទាប់ពីសេតវិមានសហរដ្ឋអាមេរិក  កាលពីថ្ងៃទី១០ ខែសីហា បានឲ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានស្នើតែងតាំងឧបការីរងនៃក្រសួងការបរទេស លោក Patrick Murphy ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា ដើម្បីជំនួសលោក William Heidt ដែលផុតអាណត្តិ។

 សេចក្តីប្រកាសព័ត៍មានផ្លូវការរបស់សភាអាមេរិកបានបញ្ជាក់ថា លោក W. Patrick Murphy ជាសមាជិកអាជីពនៃក្របខ័ណ្ឌមន្រ្តីការទូតជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តីទីប្រឹក្សា នឹងក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោក Murphy មុនការអនុម័តនោះ គឺជាឧបការីរងទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហើយក៏ធ្លាប់ធ្វើការនៅស្ថានទូតអាមេរិកប្រចាំទីក្រុងបាងកក និងប្រទេសមីយ៉ាន់ម៉ាផងដែរ។

សូមជំរាបថា លោក Murphy មានដើមកំណើតនៅរដ្ឋ Vermont សហរដ្ឋអាមេរិក។ លោកបានបម្រើការងារក្នុងវិស័យការទូតអស់រយៈពេលជាង២៥ឆ្នាំមកហើយ។ ក្នុងអំឡុងពេលបម្រើការងារ លោកមានតួនាទីសំខាន់ៗមួយចំនួនដូចជា ធ្វើជាឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ជាអនុប្រធានបេសកកម្ម និងភារធារីនៅស្ថានទូតនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីឆ្នាំ២០១៣ ដល់២០១៦ និងធ្វើជាអ្នកតំណាងស្ដីទីពិសេស និងជាអ្នកសម្របសម្រួលផ្នែកគោលនយោបាយនៅស្ថានទូតនៅប្រទេសភូមា ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៣ ជាដើម៕ ដោយ៖ ភក្តី

អត្ថបទដែលជាប់ទាក់ទង