Banner-right
Banner-right

រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចុះសំណេះសំណាល ជាមួយកសិករផលិតបន្លែសុវត្ថិភាព នៅស្រុកពាមជរ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នេះ  លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមជាមួយលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត និងសហការី បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយកសិករផលិតបន្លែសុវត្ថិភាពចំនួន ១៥០គ្រួសារ របស់គម្រោងជំរុញផលិតកម្មស្បៀង នៅក្នុងបរិវេណវត្តកោះពាមរាំង ភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ។ យោងតាមការផ្សាយហ្វេសប៊ុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់មកលោកបានធ្វើការសំណេះសំណាលជាមួយកសិករផលិតបន្លែដោយបានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកាន់យកអាជីពជាអ្នកដាំបន្លែដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសារឲ្យបានល្អប្រសើរ។

ព្រមជាមួយគ្នានេះលោកក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីអនុវត្តគម្រោងដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងសម្រេចបានលទ្ធផលល្អដូចយើងបានឃើញនាថ្ងៃនេះ ជាពិសេសសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានឧបត្ថម្ភថវិកាដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងផ្តោតជាសំខាន់ទៅលើការផលិតបន្លែសុវត្ថិភាពក្នុងទិសដៅលើកកម្ពស់កម្រិតជីវភាពកសិករតាមរយ:ការបង្កើនផលិតភាពផលិតកម្មបន្លែក្នុងស្រុក និងឈានទៅកាត់បន្ថយបរិមាណបន្លែនាំចូលពីប្រទេសជិតខាង។

សូមបញ្ជាក់ជូនផងដែរថា គម្រោងជំរុញផលិតកម្មស្បៀង ត្រូវបានរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឧបត្ថម្ភទឹកប្រាក់ចំនួនជាង ២០លានដុល្លារសហរដ្ឋអាមេរិក យកទៅអនុវត្តគម្រោងក្នុងខេត្តគោលដៅចំនួន១១ ក្នុងបំណងផលិតពូជស្រូវក្រអូប និងប្រភេទបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាព ក្នុងទិសដៅកាត់បន្ថយការនាំចូល ដោយកំណត់គោលការណ៍ផលិតឲ្យបានស្រូវក្រអូបចំនួន១៥ពាន់តោន/ឆ្នាំ និងបន្លែចំនួន ៦០ពាន់តោន/ឆ្នាំ នាឆ្នាំ២០១៩។ គម្រោង បានជ្រេីសយកសហគមន៍៦០ ផលិតពូជ ២០០ សហគមន៍ផលិតស្រូវចំណី កសិករចំនួន២០០០គ្រួសារផលិតបន្លែខ្នាតមធ្យម និង៦០គ្រួសារទៀតផលិតបន្លែខ្នាតធំ ដោយត្រូវអនុវត្តតាមគោលការណ៍ស្តីពីការអនុវត្តកសិកម្មល្អ(Good Agricultural Practices, GAP)៕

ដោយ៖ ភាព

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz