Banner-right
Banner-right

ស.ស.យ.កខេត្តមណ្ឌលគិរី រៀបចំពិធីប្រកាសទទួលស្គាល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសែនមនោរម្យ

មណ្ឌលគិរីះ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី និងលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសែនមនោរម្យ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩។
លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានសំដែងនូវការអបអរសាទរ ចំពោះបងប្អូនយុវជនសមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តន៍ការងារទទួលបានលទ្ធផលល្អនាឪកាសនេះ។ លោក ក៏បានណែនាំដល់បងប្អូនយុវជនដែលមានសមាសភាព ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ នឹងខិតខំយកចិត្តទុកដាក់បន្តទៀតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តតួនាទីភារកិច្ចតាមគោលការណ៍ច្បាប់នីតិវិធី និងបទបញ្ជាផ្ទៃក្នុង ដែលបានកំណត់ជាពិសេស ទាក់ទងនឹងការងារយុវជន។ បន្ថែមលើសនេះ លោកក៏បានណែនាំដល់សមាជិកសមាជិកាទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងសមាជិកក្រោមឪវាទ ត្រូវគិតគូរយកចិត្តទុកដាក់ជាប់ជាប្រចាំរួមទាំងកិច្ចការសហប្រតិបត្តិការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព និងសមត្ថកិច្ចមូលដ្ឋានដទៃទៀត។លោក បានណែនាំដល់គណៈកម្មាធិការសសយកខេត្តត្រូវខិតខំយកចិត្តទុកដាក់ ចាត់ចែងក្នុងការបំពេញភារកិច្ចរបស់សមាជិក សមាជិកា ដើម្បីចូលរួមចំណែកក្នុងការងារសង្គមជាតិ ដោយឈរលើ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
នាឪកាសនោះ ក្រុមការងារស.ស.យ.កខេត្ត ក៏បានធ្វើបទបង្ហាញអំពីលក្ខន្តិកៈ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បទបង្ហាញ C 3 អនាគតកម្ពុជា និងផែនការយុទ្ធសាស្រ្តឆ្នាំ២០១៨-២០២៣ យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ បានទទួលការអនុម័ត មហាសន្និបាតតំណាងទូទាំងប្រទេស ស.ស.យ.ក នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ពិធីប្រកាសទទួលស្គាល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសែនមនោរម្យ និងសង្កាត់ទាំង០៤ សរុបចំនួន៨៨រូប ក្នុងនោះ ស.ស.យ.កក្រុងសែនមនោរម្យចំនួន៣២រូប សង្កាត់មនោរម្យ០៨រូប សង្កាត់សុខដុម០៩រូប សង្កាត់រមនា ១២រូប និងសង្កាត់ស្ពានមានជ័យចំនួន២៧រូប៕

អត្ថបទដែលជាប់ទាក់ទង