Banner-right
Banner-right

​មូលហេតុអ្វីបណ្តាលឲ្យពុលឡាន?

(​សុខភាព​)៖ ការនឿយហត់អស់កម្លាំង ក្អួតចង្អោរ គ្មាននណាម្នាក់ចង់ជួបប្រទះនោះទេនៅក្នុងពេលធ្វើដំណើរ ។ អាការៈទាំង​នេះបានធ្វើ​ឲ្យ មនុស្សមួយចំនួនមិនចង់ធ្វើដំណើរទៅណាឡើយទោះបីជាជិត ឬ ឆ្ងាយក្តី។ មិនថា ទីនោះ​ជា​ទីកន្លែងដែលមាន​ក្តីសុខ​ក៏ដោយក៏គាត់មិន ព្រមធ្វើដំណើរតាមរថយន្តនោះដែរព្រោះតែពុលឡាន។ តើពុលឡានជាអ្វី ? ហេតុអ្វីបានជាបណ្តាល​ឲ្យពុលឡាន?

​ពាក្យពុលឡានបើតាមពាក្យបច្ចេកទេសហៅថា ពុលដំណើរ ។ ពុលដំណើរនេះរួមមានទាំងការពុលរថយន្ត ពុល​យន្ត​ហោះពុលកប៉ាល់ និង ពុលរលកជាដើម ។ ពុលឡានមិនមែនជា ជំងឺធ្ងន់ធ្ង​រទេពុលឡានជាវិបត្តិមួយ​ដែលកើតឡើង ក្រោយពេលដែលអ្នកដំណើរធ្វើដំណើរដោយ ជិះយានជំនិះដូចជា រថយន្តជាដើម។

​មូលហេតុ ពុល ឡាន រហូតមកដល់បច្ចុប្បន្ននេះការពុលឡាននៅតែជាបញ្ហាប្រឈមរបស់មនុស្សម្នាមួយចំនួន។ បើយោងទៅតាម ការបញ្ជាក់ពីអ្នកជំនាញដែលបាន​ឲ្យ​ដឹងថា មូលហេតុដែលធ្វើ​ឲ្យ​ពុលឡាន គឺបណ្តាលមកពីកត្តាបី ដែលកើតឡើងព្រមគ្នាក្នុងពេល តែមួយដែលអ្នកជំងឺទទួលក្នុងពេលកំពុងធ្វើដំណើរ។ កត្តាទាំងបីនោះរួមមានអ្នកជំងឺទទួលនូវចលនាបណ្តោយខ្លួនអ្នកជំងឺមានអារម្មណ៍ ថា ខ្លួនគាត់កំពុងវិលជុំវិញវត្ថុអ្វីមួយ និងកត្តាមួយទៀតអ្នកជំងឺហាក់ដូចជាកំពុងតែធ្វើដំណើរឡើងចុះៗដូចទឹករលក។

ចលនាទាំងបីដែលអ្នកជំងឺទទួលក៏ធ្វើ​ឲ្យសរីរាង្គនៅក្នុងខ្លួនបានទទួលផងដែរ។ ដោយឡែកសរីរាង្គដែលងាយទទួលរង និងបញ្ចេញជា បាតុភាព ឬរោគសញ្ញាឲ្យ​ដឹងគឺសរីរាង្គដែលមាននៅក្នុងពោះដូចជាពោះវៀនក្រពះជាដើម។ ពេលដែលសរីរាង្គទាំងនេះទទួលបាននូវចលនា ទាំងនេះក៏បង្កើតឲ្យមានចលនាមិនធម្មតាមួយប៉ះទៅនឹងសរសៃ​បញ្ជារបស់ខ្លួនមនុស្ស។

ត្រង់ចំណុចនេះសូមបញ្ជាក់ថា នៅក្នុងខ្លួនមនុស្សយើងមានប្រព័ន្ធប្រសាទពីរជាប្រព័ន្ធប្រសាទអាតូណូ​ម ( ប្រពន្ធ​ប្រសាទ អាតូណូ​ម មិន ស្ថិតនៅក្រោមការបញ្ជា​នៃខួរក្បាលពិតប្រាកដទេ ប៉ុន្តែមានប្រភពចេញពីខួរក្បាល ) គឺប្រសាទសាំ ប៉ាទិច និងប្រសាទ ប៉ារ៉ាសាំប៉ាទិច ( សរសៃប្រសាទ ដែលធ្វើ​ឲ្យប្រព័ន្ធសរីរាង្គ​ក្នុងរាងកាយធ្វើការលឿន​ឬយឺត )។

ប្រព័ន្ធប្រសាទទាំងពីរនេះមានតួនាទីធ្វើ​ឲ្យសរីរាង្គមាន​ច​លនា​និងមាន​លំនឹង។ នៅពេលដែលចលនាទាំងបី​ដូចដែល​បានរៀបរាប់ខាងលើ កើតឡើងសរីរាង្គក្នុងពោះវៀន មានចលនាធ្វើ​ឲ្យ ភ្ញោចសរសៃសាំប៉ាទិច ភ្ញោចប្រព័ន្ធមួយក្នុង​ខួរក្បាលពេលនោះនិងកើតមានអាការ ក្អួតចង្អោរវិលមុខជាដើម ។ ដំណាក់កាលនេះហើយដែលហៅថា ដំណាក់​កាលនៃការពុលឡាន។

​រោគសញ្ញាពុលឡាន រោគសញ្ញាពុលឡានមិនមានអ្វីពិបាកចំណាំនោះទេ។ ជាអាការៈដែលលោកអ្នកតែងតែ​ជួប​ប្រទះអំឡុងពេលធ្វើ​ដំណើរតាមយានយន្ត និង បង្ហាញថា ពុលឡាននោះមានដូចជាអាការចង់ក្អួតចង្អោរ វិលមុខ អស់កម្លាំង ជាដើម។ អាការៈ​មួយទៀត ធ្វើ​ឲ្យអ្នកនោះឯងចេះតែមាន អារម្មណ៍ថា ល្វីងនៅក្នុងមាត់។

ផលវិបាក ពុលឡាន ថ្វីត្បិតតែពុលឡានមិនមែនជាជំងឺ ធ្ងន់ធ្ងរនិងមិនត្រូវការការព្យាបាល ជាពិសេសក៏ដោយ ក៏ការពុលឡាននេះនៅតែមានជាផលវិបាក សម្រាប់អ្នកដែលពុលឡានដែរ។ ផលវិបាកទាំងនោះមានដូចជា ប៉ះពាល់ទៅលើសុខភាពធ្វើ​ឲ្យហេវ​ហត់ អស់កម្លាំង ខ្សោយកម្លាំង ទន់ដៃទន់ជើង វិលមុខ ក្អូ​ត​ចង្អោរ ជាដើម។ ការក្អួតនោះទៀតសោត ក៏បង្កឲ្យ​មានផលប៉ះពាល់ដល់សុខភាពដែរអ្នកខ្លះក្អួតរហូតទាល់តែ កម្អួតនោះមាន​ពណ៌ខៀវដែលយើងតែងតែនិយមហៅថា ក្អួតបែកប្រមាត់ថ្លាន់។
​គួរបញ្ជាក់ដែរថា ពុលឡាននៅក្នុងករណីធ្ងន់ធ្ងរក៏អាចធ្វើ​ឲ្យសម្ពាធឈាម​ចុះជា​លំដាប់ផងដែរ។

វិធីបង្កាការពុលឡាន ដើម្បីបង្កាកុំឲ្យពុល​ឡាន នៅក្នុងអំឡុងពេលធ្វើដំណើរ លោកអ្នក​មិនត្រូវមើលទៅ​វត្ថុអ្វី​ដែល​មានបំលាស់ទីលឿនៗ។ វត្ថុទាំងនោះរួមមាន ចិញ្ចើមផ្លូវជាដើម ពីព្រោះវាអាចភ្ញោចទៅ និងប្រព័ន្ធប្រសាទនាំ​ឲ្យមាន​អាការចង់ក្អួត និង វិលមុខ មិនត្រូវធ្វើចលនាមួយចំនួន ដូចជាកាច់ខ្លួនឬ​ពុតខ្លួន​មិនត្រូវធ្វើដំណើរក្នុងរថយន្ត​ដែលមាន​ក្លិនមិនល្អ​។

​អ្វីដែលគួរធ្វើក្នុងអំឡុងពេលធ្វើដំណើរ លោកអ្នកត្រូវមើលទៅទីឆ្ងាយព្រោះតែកន្លែងឆ្ងាយៗ មានបំលាស់ទីយឺតៗ។​
ត្រូវអង្គុយក្នុងស្ថានភាពសមរម្យមួយដៃ និងជើងសណ្តូកឲ្យ​បានអស់និង​ដាក់ក្បាលឲ្យនឹង។​ លោកអ្នកអាចប្រើឱសថ ឬថ្នាំពុលឡានបាន។​ ត្រូវអង្គុយក្នុងកៅអីខាងមុខក្នុងពេលធ្វើដំណើរតាមរថយន្ត ឬកប៉ាល់។ ព្រោះផ្នែកខាងមុខនៃ​យានយន្តមិនសូវមានចលនាខ្លាំងដូចផ្នែក ខាងក្រោយដែលអាចធ្វើ​ឲ្យលោកអ្នកឆាប់ទទួលរំញោច។

ប្រសិនបើការធ្វើបែបនេះនៅតែមិនអាចបញ្ឈប់ការពុលឡានបានទេអ្នកជំនាញបានផ្តល់នូវដំបូន្មានថា គួរប្រើប្រាស់ថ្នាំ ឬទៅពិគ្រោះ យោបល់និងពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ៕

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz