Banner-right
Banner-right

លិខិតមិត្តអ្នកអាន៖ «អគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជា ជាមួយពណ៍បេះដូងថ្មី រឺ?»

(ភ្នំពេញ)៖ នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣ រហូតមកដល់បច្ចប្បន្នទស្សនៈ និងផ្នត់គំនិតរបស់ប្រជាជនខ្មែរ ភាគច្រើនបំផុត តែងតែយល់ថាពាក្យ «ទូតអាមេរិក = មេរបស់ក្រុមប្រឆាំង» «ទូតអាមេរិក = មេបញ្ជាការផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន»។ នេះជាការពិត ដែលមន្ត្រីទូតនិងក្រសួងការបរទេសអាមេរិកត្រូវហ៊ានទទួលស្គាល់ដើម្បីពិចារណា ព្រោះខ្ញុំយល់ថា «ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ល្អឬអាក្រក់ វាអាស្រ័យស្ទើរតែទាំងស្រុងលើលោកអគ្គរដ្ឋទូតអាមេរិកតែម្តង។

១៖ ទន្ទឹមនឹងការរីករាយសាទរចំពោះលោក Patrick Murphy ដែលនឹងមកបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំក៏បានស្រាវជ្រាវតាម វេបសាយហើយកត់សំគាល់ថា លោកគឺជាអ្នកការទូតដ៏មានពិសោធន៍ម្នាក់ និងជាពិសេសគឺជាអ្នកជំនាញខាងកិច្ចការអាស៊ីអាគ្នេយ៍។ ដូច្នេះប្រាកដណាស់ថា លោកពិតជា បានស្គាល់ច្បាស់អំពីសភាពការណ៍ និងបទពិសោធន៍ផ្អែមល្វីងជូរចត់របស់កម្ពុជាក្នុងអតីតកាលនិងបច្ចុប្បន្នកាល ជាពិសេសគឺពិតជាដឹងច្បាស់អំពីអ្វី ដែលពលរដ្ឋប្រទេសមួយនេះត្រូវការជាចាំបាច់បំផុត។

ដូច្នេះសារដែលខ្ញុំចង់ផ្ញើជូនលោកអគ្គរដ្ឋទូតអាមេរិកថ្មីដើម្បីពិចារណានោះគឺ៖

ទី១៖ ដូចអ្វីដែលគេតែងតែនិយាយរត់មាត់ថា «Let bygone be bygone» «ទុកអោយរឿងចាស់វាកន្លងផុតទៅហើយ សូមគិតរឿងថ្មី»។

ទី២៖ ខ្ញុំក៏មានការសប្បាយរីករាយណាស់ដែរ នៅពេលឃើញមានការចុះផ្សាយដោយកាសែតអនឡាញបរទេសមួយបានស្រង់សំដីលោក Murphy ថា លោកនឹងផ្តោតការយកចិត្តទុកដាក់ លើការបង្កើនពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកឲ្យឡើងបាន ដល់ ៣.៥ ពាន់លានដុល្លារ ក៏ដូចជាបង្កើនទំនាក់ទំនង រវាងសហគមន៍ ជនជាតិអាម៉េរិកជាមួយប្រជាជនកម្ពុជា។

ខ្ញុំក៏ដូចពលរដ្ឋខ្មែរទូទៅសង្ឃឹមយ៉ាងមុតមាំថា លោកនឹងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យបានល្អក្នុងនាមជាដៃគូស្មើសិទ្ធ និងស្មើមុខមាត់គ្នាដោយមិនដើរតាម លំអានឯកអគ្គរដ្ឋទូតមុនៗនោះឡើយព្រោះអ្វីដែលលោកបាននិយាយថា គ្រោងនឹងធ្វើនេះគឺពិតជាការងារត្រឹមត្រូវនិងជាក់ ស្តែងដើម្បីស្តារជំនឿទុក ចិត្តដែលបានបាត់បង់ស្ទើរតែទាំងស្រុងពីសំណាក់ ប្រជាពលរដ្ខខ្មែរទូទៅជាពិសេសពីសំណាក់រដ្ឋាភិបាលដែលកំពុងគ្រប់ គ្រងនិងដឹកនាំប្រទេសនេះ «Confidence building measures to restore the lowest trust in the relationship between Cambodia and USA is an Imperative»។

តាមទស្សនៈរបស់ខ្ញុំ ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក វាលឿនទៅមុខ រឺ បន្តធ្លាក់ចុះថែមទៀតគឺបាល់ស្ថិតនៅក្នុងជើងរបស់លោកទូតហើយ។ ដូច្នេះ បើលោកចង់ញាក់ឆ្វេងរឺស្តាំ ឬស៊ុតត្រង់គឺជាសិទ្ធិរបស់លោក ចំណែកឯភាគីកម្ពុជាគ្រាន់តែជាអ្នកចាំមើលទិសបាល់ និងលេងតាមបាល់របស់លោកតែប៉ុណ្ណោះ «The Ball is in Your Court»។

ប៉ុន្តែយោងលើបទ ពិសោធន៍ពីអតីតកាលនិងរហូតដល់ពេលថ្មីៗនេះ ខ្ញុំយល់ឃើញថា ដើម្បីឲ្យទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកមានលក្ខណៈល្អប្រសើរឡើងវីញ បន្ថែមពីលើសារដែលខ្ញុំបានរៀបរាប់ខាងលើក៏នៅមានកត្តាសំខាន់ៗ ជាក់ស្តែងមួយចំនួនទៀតដែលលោក Murphy គួរពិចារណាហើយបើលោកអាចធ្វើបាន នោះវាកាន់តែល្អប្រសើរ៖

ក/ លោកត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវសន្ធិសញ្ញាទីក្រុងវីយែនស្តីពី ការងារការទូតដែលមិនអនុញ្ញាតឲ្យមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូឡើយ។ កន្លងទៅនេះ ការបំពានសន្ធិសញ្ញាទីក្រុងវីយែននេះ គឺជាអធិករណ៍ដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកជួបភាពល្អក់កករជាបន្តបន្ទាប់ពីព្រោះមន្ត្រីក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាបន្តបន្ទាប់ច្រើនតាំងខ្លួនជាបងធំ ឬជាចៅហ្វាយរបស់កម្ពុជា ដោយចង់ឲ្យកម្ពុជាធ្វើនេះ ឬធ្វើនោះតាមចិត្តរបស់ខ្លួនចង់បានដោយ មិនខ្វល់ខ្វាយពីសន្ធិសញ្ញាអន្តរជាតិ ឬច្បាប់របស់កម្ពុជាឡើយរហូតដល់មន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលភ្នំពេញនិយាយថា «ចង់ធ្វើមិត្តល្អជាមួយអាមេរិកពិតជា ពិបាកណាស់ ប៉ុន្តែបើចង់ធ្វើជាអាយ៉ងកូនអុក របស់អាមេរិកវីញគឺជាការងាយស្រួលបំផុត»។ នេះគឺជាកត្តាកំណត់នូវភាពល្អក់កករ ជូរចត់នៃទំនាក់ ទំនងរវាងប្រទេស ទាំងពីរដែលបង្កឡើងដោយភាគី មិត្តពីព្រោះកម្ពុជាគោរព បានយ៉ាងល្អនូវសន្ធិសញ្ញាទីក្រុងវីយែនដោយមិន ដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជា ដៃគូណាមួយឡើយ។

ដូច្នេះខ្ញុំសង្ឃឹមថា លោក Murphy ច្បាស់ជាបានស្វែងយល់យ៉ាងច្បាស់អំពីសន្ធិសញ្ញាទីក្រុងវីយែនក្នុងនាមជាអ្នកការទូតជើងចាស់ម្នាក់។

ខ/ ទំនាក់ទំនងកម្ពុជា-អាមេរិកនឹងស្គាល់ភាព រលូននិងល្អូកល្អឺនដរាបណាស្ថានទូតសហរដ្ឋអាមេរិកឈប់ប្រើប្រាស់គេហទំព័ររបស់ស្ថានទូត មកធ្វើជាទីលានផ្ញើសារដែលមានគោលដៅវាយប្រហារមកលើកម្ពុជា ដែលជាម្ចាស់ផ្ទះ ហើយ ងាកមកប្រើប្រាស់ទំនាក់ ទំនងការទូតដើម្បីដោះស្រាយបញ្ហាជាមួយគ្នាវិញ។

កន្លងទៅនេះ ស្ថានទូតអាមេរិកតែងប្រើប្រាស់គេហទំព័ររបស់ស្ថានទូត ដើម្បីបង្កអរិយភាពជាមួយរដ្ឋាភិបាលជាម្ចាស់ផ្ទះ ហើយខ្ញុំនៅចាំបានច្បាស់ថា សូម្បីតែក្នុងកំឡុង ពេលដែលឯកអគ្គរដ្ឋទូតចាស់ផុតអាណត្តិ និងមិនទាន់មានឯកអគ្គរដ្ឋទូតថ្មីចូលមកជំនួសក៏ដោយពោលគឺក្នុងពេលមិនទាន់មានឯកអគ្គរដ្ឋទូតបំពេញការងារផង ក៏ស្ថានទូតអាម៉េរិកហ៊ាន បំពានសន្ធិសញ្ញាអន្តរជាតិ ទីក្រុងវីយែនដោយបាន បញ្ចេញព័ត៌មានតាមគេហទំព័ររបស់ស្ថានទូត ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំពិតជាឆ្ងល់ណាស់ថា តើស្ថានទូតនៃប្រទេសមហាអំណាចមួយទាំងមូលអាចធ្វើរឿងបែបនេះទៅរួច? ចំពោះចំណុចនេះ ខ្ញុំក៏សង្ឃឹមថា លោក Murphy ប្រាកដជាយល់ច្បាស់ និងជៀសវាងមិនឲ្យកើតមានឡើយនៅក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា។

គ/ ទំនាក់ទំនងកម្ពុជា អាមេរិក អាចល្អទៅបានទាល់តែស្ថានទូតអាមេរិក ឬក៏រូបលោកឯកអគ្គរដ្ឋទូតផ្ទាល់បំពេញការងារដោយមិនលម្អៀង ហើយបើនិយាយឲ្យចំ គឺគប្បីឈប់ធ្វើជាខ្នងបង្អែកឲ្យក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់នៅកម្ពុជា។ កន្លងទៅនេះភាពល្អក់កករ រវាងប្រទេសទាំងពីរ បានកើតឡើងជាញឹកញាប់ដោយសារ តែមន្ត្រីស្ថានទូត ឬឯកអគ្គរដ្ឋទូត អាម៉េរិកតែងតែនិយាយនិងដើរបង្ហាញអោយគេយល់និងមើលឃើញថា ខ្លួនមានតួនាទីជាខ្នងបង្អែករបស់ក្រុមប្រឆាំងដែលធ្វើឲ្យ អ្នកទាំងអស់នោះឡើងចាង បូសឃ្លៀកនិងបានចិត្តបំពានច្បាប់ហើយហ៊ានក្រឡុកកកូរសភាពការណ៍ផ្ទៃក្នុងកម្ពុជាតាមក្បាលចិត្ត។

តាមខ្ញុំយល់ រដ្ឋាភិបាលភ្នំពេញមិនបានកោតខ្លាចឥទ្ធិពលរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងនោះឡើយ ប៉ុន្តែភាពលម្អៀងរបស់ស្ថានទូតអាមេរិកបានត្រឹមបង្កអរិយភាព រវាងប្រទេសទាំងពីរតែប៉ុណ្ណោះដោយមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយ ពីព្រោះនៅទីបំផុតបញ្ហាកម្ពុជានឹងត្រូវតែដោះស្រាយដោយកម្ពុជាខ្លួនឯងដោយឈរលើ
ច្បាប់របស់កម្ពុជាតែ ដដែលទេ។ ដូច្នេះខ្ញុំសង្ឃឹមថា លោក Murphy នឹងយល់អំពី បញ្ហានេះហើយជៀសវាងកុំឲ្យស្ថានភាពដដែលៗ នេះកើតមានទៀតឡើយ។

ឃ/ កម្ពុជាគឺជាប្រទេសតូចមួយដែលបានឆ្លងកាត់ភ្លើងសង្គ្រាមវិនាសកម្មយ៉ាងខ្លោចផ្សារណាស់។ ដូច្នេះពេលនេះកម្ពុជាត្រូវការសុខសន្តិភាព និងត្រូវការរួមរស់ដោយ សន្តិសហវិជ្ជ មានជាមួយគ្រប់បណ្តាប្រទេសនៅលើលោក។ ហេតុដូច្នេះហើយបានជារដ្ឋធម្មនុញ្ញកម្ពុជាប្រកាន់យកគោលការណ៍អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ជាពិសេសមិនឲ្យមានមូលដ្ឋានកងទ័ពបរទេសណា មួយនៅលើទឹកដីរបស់ខ្លួនឡើយ។ កម្ពុជាគ្មានចេតនាអ្វីទាំងអស់ចង់ទៅរករឿងជាមួយប្រទេសណាឡើយពោល គឺកម្ពុជា សុំតែម៉ាសុខតែប៉ុណ្ណោះតែគឺជាសេចក្តីសុខដែល មិនស្ថិតក្រោមការដាក់ សម្ពាធសង្កត់សង្កិន ឬសេចក្តីសុខតាមបែបអាយ៉ងរបស់ប្រទេស ណាមួយនោះឡើយ។

សេចក្តីសុខដែលកម្ពុជា និងប្រជាពលរដ្ឋនៃ ប្រទេសនេះត្រូវការគឺជាសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍន៍ក្នុងដែនអធិបតេយ្យភាព ជាតិរបស់ខ្លួន។ នេះគឺជាសេចក្តីប្រាថ្នាដ៏តិចតួចដែលមិនបានបៀតបៀនអ្នកណា ហើយជាសេចក្តីសុខដែលគួរតែកម្ពុជាទទួលបាន។ ខ្ញុំក៍សង្ឃឹមថា លោក Murphy នឹងយល់អំពីបញ្ហានេះហើយមិន ព្យាយាមរំខានបំផ្លាញដល់ប្រទេសដ៏តូចនិងដ៏កំសត់ មួយនេះឡើយ។

សរុបទៅ បាល់ស្ថិតនៅក្នុងជើងរបស់ភាគីអាមេរិកនិយាយជារួម និងនិយាយដោយឡែកគឺស្ថិតនៅក្នុងជើងរបស់លោកឯកអគ្គរដ្ឋទូតហើយ។ សូមលោក លេងតាមសប្បាយចុះ។ អ្វីដែលប្រជាជនកម្ពុជាចង់បាន គឺសុំឲ្យការលេងនោះគោរពតាមលក្ខខណ្ឌបច្ចេកទេសឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ កម្ពុជាមិនចង់ឃើញគេ លេងខូចហើយធ្វើបាបខ្លួននោះឡើយ។ ខ្ញុំសុំតែប៉ុណ្ណឹង គឺសុំឲ្យលោកអគ្គរដ្ឋទូតអាម៉េរិកថ្មីមកកម្ពុជាដោយមានពណ៌ បេះដូងថ្មី។ តើបានទេ លោកទូត?

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទដែលជាប់ទាក់ទង