Banner-right
Banner-right

ប្រធានាធិបតី​ស្រីលង្កា លោក MaithripalaSirisena បាន​មកដល់​កម្ពុជា​ហើយ ដើម្បី​ផ្តើម​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​

(ភ្នំពេញ​)៖ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (MaithripalaSirisena) បានមក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​។​
​តាម​ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (MaithripalaSirisena) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា ហើយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី នឹង​ចូលគាល់​ព្រះករុណា ព្រះមហាក្សត្រ នៅក្នុង​ព្រះបរមរាជវាំង​។ លោក​ប្រធានាធិបតី ក៏​នឹង​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ក្នុងអំឡុង​ពេលនោះ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅក្នុង​វិស័យ​ជាច្រើន​នឹងត្រូវ​លើក​យកមក​ពិភាក្សា សំដៅ​ពង្រឹង​ថែមទៀត​នូវ​ចំណងទាក់ទង​មិត្តភាព រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ចងភ្ជាប់​គ្នា​យ៉ាង​ជ្រាលជ្រៅ តាមរយៈ​ព្រះពុទ្ធសាសនា​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏​នឹងធ្វើ​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការព្រួយបារម្ភ​និង​ផលប្រយោជន៍​រួម​ផងដែរ​។ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ លោក​ប្រធានាធិបតី និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើ​សាក្សី​ក្នុង ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​មួយចំនួន​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ស្រីលង្កា ក៏​នឹង​អញ្ជើញ​ជា​អធិបតី​រួមគ្នា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រីលង្កា​ផងដែរ ដើម្បី​បើកឱកាស និង​ពង្រីក​ការវិនិយោគ ក៏ដូចជា​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ឱ្យ​កាន់​ធំធាត់​ថែមទៀត​។​

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា នៅក្នុង​អំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា ប្រធានាធិបតី​ស្រីលង្កា នឹង​អញ្ជើញ​ទៅកាន់​វត្ត​លង្កា និង​ប្រគេន​សម្តេច​ព្រះមហា​អរិយវង្ស សៅរ៍ ច័ន្ទ​ថុល្ល ព្រះចៅអធិការ​វត្ត​លង្កា នូវ​កូនដើម​ពោធិ៍ នៃ​មហាពោធិ​ព្រឹក្ស​ពី​ក្រុង​អនុ​រា​ធ​បុ​រៈ​។ បន្ទាប់មក​លោក​នឹង​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ដាំ​ដើមឈើ​តំណាង​ប្រទេស​ស្រីលង្កា នៅ​មជ្ឈមណ្ឌល​វិបស្សនា​ភ្នំ​ឧ​ត្តុ​ង្គ ដែល​ទទួល​អំណោយ​ដើមឈើ​ប្រភេទ​នេះ​ចំនួន​១០​ដើម ពី​លោក​ប្រធានាធិបតី ហើយ​លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា និង​សមាជិក​គណៈប្រតិភូ ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​នានា នៅក្នុង​ឧទ្យាន​អង្គរ ក្នុង​ខេត្តសៀមរាប​ផងដែរ​។​

តាម​ក្រសួងការបរទេស ដំណើរ​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា របស់លោក​ប្រធានាធិបតី ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា នាពេលនេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​ចំណងមិត្តភាព និង​ពង្រីក​កិច្ច​សហ​-​ប្រតិបត្តិការ​នៅក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌ រវាង​កម្ពុជា​និង​ស្រីលង្កា​។​

​លោក MaithripalaSirisena គឺជា​មេដឹកនាំ​ទី​៥​ហើយ ដែល​បាន​បានមក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ប្រធានាធិបតី​វៀតណាម លោក ង្វៀង ហ្វ៊ូ​ជុង (Nguyen Phu Trong) បំពេញ​ទស្សនកិច្ច រយៈពេល​២​ថ្ងៃ​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ , ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន និង​ភរិយា បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមីនា​, លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បំពេញ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​០១ ខែឧសភា និង លោក KP Sharma Oli នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា​៕ ដោយ​៖ ភក្តី​

 

អត្ថបទដែលជាប់ទាក់ទង