Banner-right
Banner-right

កសិករដាំបន្លែលើទឹកនៅទីរួមស្រុកទឹកផុស កំពុងមានការគាំទ្រខ្លាំងពីអតិថិជនដែលធ្វើអោយគាត់អាចរកចំណូលបានក្នុងមួយខែៗបានជាង 300 ដុល្លារ

(កំពង់ឆ្នាំង)៖ កសិករមួយគ្រួសាររស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលចាប់យកមុខរបរដាំបន្លែនៅលើទឹករយះពេលជាង៧ឆ្នាំមកហើយ និងកំពុងទទួលការគាំទ្រយ៉ាងច្រើនពីអតិថិជននៅក្នុងស្រុកដែលគាត់អាចលក់ដូរបន្លែនៅលើទឹកដែលគ្មានសារជាតិគីមី និងរកប្រាក់ចំណូលក្នុងមួយខែៗបានប្រមាណ300ដុល្លារ ដែលមកពីការខិតខំលើមុខរបរដាំដុះបន្លែនៅលើទឹកនៅក្នុងគ្រួសារ របសគាត់ ។

លោក យង់ សារីម អាយុ55ឆ្នាំ ជាកសិករដាំបន្លែលើទឹក បាននិយាយឲ្យដឹងថា៖ គាត់បានរៀនបច្ចេកទេសលើការដាំដុះបន្លែលើទឹកនេះអស់រយៈពេល៧ឆ្នាំមកហើយ ដែលគិតមកដល់ពេលនេះការដាំដុះរបស់គាត់ទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត ដោយមានអតិថិជននៅក្នុងផ្សារស្រុកទឹកផុសជាច្រើននាក់បានទទួលទិញបន្លែពីគាត់ ដាក់នៅតាមហាងនិងទីផ្សារមិនដែលនៅសល់ឡើយអោយតែមាន ។

មិនតែប៉ុណ្ណោះ មុខរបរនេះគាត់អាចរកចំណូលបានក្នុងមួយខែជាង300ដុល្លារសម្រាប់ផ្គត់ផ្គង់ជីវភាព រស់នៅក្នុងក្រុមគ្រួសារផងដែរ ។

លោក យង់ សារីម បានបញ្ជាក់ឲ្យដឹងទៀតថា៖ បន្លែលើទឹកដែលគាត់ដាំសព្វថ្ងៃនេះមាន ៣ ប្រភេទគឺ ស្ពៃកាឆយ ដែលអាចលក់ចេញក្នុងមួយគីឡូថ្លៃ៨០០០រៀល ខាត់ណាដើមធំ ពូជមកពីតៃវ៉ាន់ អាចលក់បានក្នុងមួយគីឡូ ១២០០០រៀល នឹងសាឡាត់ថៃ ឬពូជមកពីប៊ែលស្សិច អាចលក់បានក្នុងមួយគីឡូថ្លៃ ១២០០៩ រៀល ដូចគ្នាផងដែរ ។

ដោយឡែកការងារដាំដុះបន្លែលើទឹកទាំង៣ប្រភេទនេះ ក្នុងរយះពេលពី៤៥ ទៅ៥០ថ្ងៃ ទើបទទួលផល ហើយការដាំដុះក៏មិនពិបាកទេ គ្រាន់តែយើងត្រូវចំណាយដើមទុនធ្វើរងបន្លែ ក្នុងមួយរោងៗដែលមានទំហំប្រមាណ ៤គុណនឹង ៦ ម៉ែត្រ ត្រូវចំណាយថវិកាកសាងប្រមាណ ៩០០ ដុល្លារ ហើយពូជបន្លែដែលគាត់យកមកដាំដុះនេះ គឺសុទ្ធតែជាពូជបន្លែទទួលយកមកពីបរទេសមានរសជាតិឆ្ងាញ់ ។

ចំណែកបច្ចេកទេសដាំដុះនោះគឺ គាត់បានប្រើទុយោ និងអេប៉ុងបណ្តុះកូនបន្លែ ហើយបូមទឹកចេញចូលជាប្រចាំ ហើយពេលប្រមូលផលគឺ មានអតិថិជននៅក្នុងស្រុកមកកម្មង់ទិញមិនដែលនៅសល់ឡើយ ដោយសារ តែបន្លែខាងលើនេះមានរសជាតិផ្អែមឆ្ងាញ់ និងមិនប្រើជីគីមីឡើយ ដែលធ្វើឲ្យអ្នកហូបបន្លែនេះ មានសុខភាពល្អគ្មានជំងឺបៀតបៀនឡើយ ។

ដោយឡែកនៅទីផ្សារក្រុងភ្នំពេញ ក៏ធ្លាប់មកកម្មង់ទិញពីគាត់ផងដែរ តែមិនទទួលផ្គង់ផ្គង់ឡើយ ព្រោះតែគ្មានលទ្ធភាពដាំដុះផ្គត់ផ្គង់ទីផ្សារនៅក្នុងក្រុងភ្នំពេញបាន ដោយគាត់ខ្វះដើមទុនក្នុងការសាងសង់រោងបន្លែ ព្រោះការដាំដុះទ្រង់ទ្រាយធំ អាចនឹងចំណាយថវិការាប់លានដុល្លារទើបធ្វើបាន ។

លោក យង់ សារីម បានបញ្ជាក់អោយដឹងទៀតថា ៖ នៅក្នុងរយះពេល៧ឆ្នាំកន្លងមកនេះ គាត់ក៏បានទទួលសិស្សមករៀនសូត្រការដាំដុះបន្លែលើទឹកនេះបាន៦នាក់ផងដែរ ដែលសិស្សមួយចំនួននៅតាមបណ្តាខេត្តផ្សេងៗ ក៏ទទួលបានភាពជោគជ័យដូចរូបគាត់ផងដែរ ។ ដូច្នេះបើប្រជាកសិករយើងមានចំណូលចិត្តក្នុងការដាំដុំបន្លែលើទឹកនេះ អាចមករៀនសូត្រពីគាត់បាន ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រែតាជៃ ក៏បានអោយដឹងដែរថា៖ ដោយសារមុខរបបដាំដុះបន្លែលើទឹកនេះ ក្នុងគ្រួសារលោក យង់ សារីម មានជីវភាពយ៉ាងធូរធា មិនតែប៉ុណ្ណោះ ក្នុងឆ្នាំនេះ គេក៏សង្កេតឃើញគាត់កំពុងតែសាង សង់វីឡាមួយខ្នងក្នុងលំនៅដ្ឋានផងដែរ ដោយសារតែភាពជោគជ័យក្នុងមុខរបរដាំដុះបន្លែលើទឹកនេះផងដែរ ៕ ដោយ សុក្ខារិន កែសម្រួលដោយ៖រីអន

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz