ក្នុងឆ្នាំ២០១៩ការវិនិយោគរបស់ប្រទេសវៀតណាម នៅកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៣៩ លានដុល្លារអាមេរិក

(ភ្នំពេញ)៖ រយៈពេល ៧ខែ ឆ្នាំ២០១៩នេះការវិនិយោគរបស់ប្រទេសវៀតណាម នៅកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៣៩ លានដុល្លារអាមេរិក ខណៈដែលការវិនិយោគទៅក្រៅប្រទេសសរុបរបស់វៀតណាមដែលមានប្រមាណ២៧៨ លានដុល្លារអាមេរិក នៅក្នុងប្រទេសចំនួន៣០ លើពិភពលោក។

របាយការណ៍ពីអាជ្ញាធរវៀតណាម បានឲ្យដឹងថាគិតមកត្រឹមចុងឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុន វៀតណាមដែលបានមកវិនិយោគ នៅកម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណ៣ពាន់លាន ដុល្លារអាមេរិកជាមួយនឹងគម្រោងវិនិយោគសរុបប្រមាណ ២០០ គម្រោង ដែលបានធ្វើឲ្យវៀតណាមស្ថិតក្នុងចំណោម៥ប្រទេសដែលមាន ដើមទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ។

គួរបញ្ជាក់ដែរថាកាលពីឆ្នាំ ២០១៨ ទំហំ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាម សម្រេចបានដល់ជាង ៤ពាន់.៦០០ លានដុល្លារអាមេរិក កើនឡើងជាង២៣%ធៀបនឹងឆ្នាំ ២០១៧។ក្នុងនោះវៀតណាមនាំចូលមកកម្ពុជាមានប្រមាណ ៣.ពាន់ ៧០០ លានដុល្លារអាមេរិក ខណៈកម្ពុជានាំទៅវៀតណាម មានតែប្រមាណ ១.ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។បន្ថែមពីនេះរដ្ឋាភិបាលប្រទេសទាំងពីរក៏ធ្លាប់បានប្តេជ្ញារួមគ្នាផងដែរថានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់៦ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២០ ខាងមុខ៕