Banner-right
Banner-right

សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយប្រធានាធិបតីស្រីលង្កា មុនពិធីលៀសាយភោជន៍

(ភ្នំពេញ) នារាត្រីថ្ងៃទី៩សីហា សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយប្រធានាធិបតីស្រីលង្កា មុនពិធីលៀសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូន លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិប​តី នៃសាធារណរដ្ឋ​សង្គមនិយមប្រជាធិបតេយ្យស្រីលង្កានិងលោកជំទាវ ដែលបានអញ្ជើញមកបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាលក្ខណៈគ្រួសារជាមួយ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ មុនពិធីលៀងសាយភោជន៍ ដែលរៀបចំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ត្រូវបាន​ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវភាពស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ចំពោះវត្តមានរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ដែលបានចំណាយ នូវពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយធ្លាប់មានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងសាសនា ជាមួយគ្នាដ៏យូរលង់​ណាស់មកហើយនោះ។ ដូចគ្នានិងអ្វីដែលបានលើកឡើង នៅក្នុងជំនួបទ្វេភាគី ដែលធ្វើឡើងកាល ពីថ្ងៃទី៨សីហាម្សិលមិញ ឯកឧត្តម ម៉ៃទ្រី​ប៉ា​ឡា ស៊ីរីសេនា បានជម្រាបជូនសម្ដេចតេជោនាយក​រដ្ឋមន្ត្រីថា ទំនាក់ទំនងរវាងកម្ពុជានិងស្រីលង្កា គឺមាន​ជា​យូរលង់ណាស់មកហើយ នោះគឺជាង ១ពាន់​ឆ្នាំ​មកហើយ ហើយទំនាក់ទំនងនេះ គឺមានមូលដ្ឋាន​លើ​ទស្សនវិជ្ជាខាងពុទ្ធសាសនា និង​ទំនាក់​ទំនងខាងសាសនាផងដែរ។

ជាងនេះទៅទៀតលោកក៏បានគោរពជម្រាបជូន សម្ដេចតេ​ជោ​ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក មក​កាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បី​ពង្រីកនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង​ពីរ ក្នុងនោះលោកបានលើកឡើងធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាម​រយៈ ទី១វិស័យអប់រំ ទី២ វិស័យវប្បធម៌ ទេស​ចរណ៍ ពាណិជ្ជកម្ម វិស័យអាកាសចរណ៍ស៊ីវិល និង​ជាពិសេសទៀតជំរុញឱ្យមានការ​ហោះហើរត្រង់​មក​កាន់កម្ពុជា ឬពីកម្ពុជាទៅប្រទេស​ស្រី​លង្កា​ ។

ដូចទៅនិងអ្វីដែលមានប្រសាសន៍លើកឡើង ក្នុងជំនួប​កំពូលកាលពីថ្ងៃទី៨សីហា នៅក្នុងពិធីលៀងសាយភោជន៍នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និង​វិស័យ​ពាណិជ្ជ​កម្ម សម្ដេចបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺនៅតូចនៅឡើយ ដូច្នេះ​ប្រទេសទាំងពីរ គប្បីពិនិត្យមើល​លទ្ធភាពដទៃទៀត ដើម្បីជំរុញឲ្យមានទំហំពាណិជ្ជកម្ម​ កាន់តែ​ធំ​ឡើងថែមទៀត និង​វិនិយោគ​កាន់តែច្រើនឡើងថែមទៀតរវាងប្រទេសទាំងពីរ ដូចគ្នាផងដែរ​លើ​វិស័យទេសចរណ៍ វិស័យ​សាសនា និងវិស័យអប់រំ។

សូមបញ្ជាក់ផងដែរថា លោកប្រធានាធិបតីស្រីលង្កា និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧សីហា និងគ្រោងធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសស្រីលង្កាវិញ នៅថ្ងៃទី១១​សីហា។

 

អត្ថបទដែលជាប់ទាក់ទង