Banner-right
Banner-right

វៀតណាម រក្សាភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោះស្រាយការព្រមានដំឡើងពន្ធ ពីអាមេរិក

(អន្តរជាតិ)៖ មេដឹកនាំវៀតណាម ​នៅតែរក្សាភាពទន់ភ្លន់​ តែម៉ឺងម៉ាត់ នៅក្នុងការដោះស្រាយ ការព្រមានដំឡើងពន្ធពីសហរដ្ឋអាមេរិក ដោយបន្តជួបជជែកយ៉ាងស្ងៀមស្ងាត់ ជាមួយគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ។ ​ភ្នាក់ងារគយរបស់សហរដ្ឋអាមេរិក បានរកឃើញថា ទំនិញជាច្រើនមុខយកចេញពីប្រទេសចិន និងប្រទេសផ្សេងៗទៀត មកបន្លំធ្វើជាផលិតផលរបស់វៀតណាម ហើយនាំចេញបន្តទៅលក់នៅសហរដ្ឋអាមេរិក ដើម្បីទទួលបានការបង់ពន្ធកំរិតទាប ។ ករណីនេះ បានធ្វើឲ្យរដ្ឋបាល លោក ដូណាល់ ត្រាំ ដាក់ចេញនូវការព្រមានទណ្ឌកម្មដំឡើងពន្ធ លើគ្រប់មុខទំនិញទាំងអស់របស់វៀតណាម ។​

ជាក់ស្តែង កាលពីខែកក្កដាកន្លងមក សហរដ្ឋអាមេរិកបានសម្រេចដំឡើងពន្ធ នាំចូលដែកថែបពីវៀតណាម រហូតដល់ ៤០០ភាគរយ ដោយចោទថា ផលិតផលទាំងនេះ នាំចូលពីកូរ៉េខាងត្បូង និងតៃវ៉ាន់ ហើយបន្លំថា ជារបស់វៀតណាម ​ដើម្បីទទួលបានការបន្ធូរ បន្ថយពន្ធ ។ ​ករណីនេះបង្កឲ្យមានការភ័យខ្លាច ដល់អ្នកវិនិយោគទុនផ្សេងៗទៀត ដោយពួកគេបារម្ភថា សហរដ្ឋអាមេរិក អាចនឹងដាក់ទណ្ឌកម្ម លើមុខទំនិញជាច្រើនទៀត ឬមុខទំនិញទាំងអស់របស់វៀតណាម ។ ​រដ្ឋបាលលោក ត្រាំ បានលើកឡើងថា តម្លៃទំនិញដែលវៀតណាមនាំទៅលក់នៅអាមេរិក ​ច្រើនជាងអាមេរិកនាំទៅលក់នៅវៀតណាម រហូតដល់ ៤០ ពាន់លានដុល្លារ ។

ករណីនេះក៏ជាមូលហេតុមួយទៀត បន្ថែមលើករណីបន្លំទំនិញ ដែលធ្វើឱ្យអាមេរិកខឹងសម្បារ ហើយចោទថា វៀតណាមរំលោភកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ ​បើទោះបីជា សហរដ្ឋអាមេរិកបានដំឡើងពន្ធខ្លះៗរួចមកហើយ និងប្រកាសដំឡើងពន្ធលើទំនិញជាច្រើនទៀត ឬលើទំនិញទាំងអស់ក៏ដោយ ប៉ុន្តែមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់វៀតណាម នៅតែរក្សាភាពស្ងប់ស្ងាត់ និងធ្វើការចរចាដោះស្រាយបញ្ហាដោយទន់ភ្លន់ ។​ វៀតណាមសន្យាបង្ក្រាបការលួចបន្លំ យកទំនិញពីប្រទេសផ្សេងៗទៀត មកធ្វើជាទំនិញរបស់វៀតណាម ហើយយកទៅលក់នៅអាមេរិក ។​ វៀតណាម​ក៏រៀបចំបង្កើនការទិញទំនិញពីអាមេរិកបន្ថែមទៀត ដើម្បីឱ្យតម្លៃនៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ប្រហាក់ប្រហែលគ្នា ។

​នាយករដ្ឋមន្ត្រីវៀតណាម​លោក ង្វ្រៀន សួនហ្វុក ក៏បានជួបជាមួយអ្នកវិនិយោគទុន ដើម្បីស្វែងយល់ពីបញ្ហានេះ និងសន្យាជួយដោះស្រាយបញ្ហានានា ដោយធានាមិនឱ្យប៉ះពាល់ ផលប្រយោជន៍ក្រុមហ៊ុននោះឡើយ ។ ​វៀតណាមមិនមានការក្រេវក្រោធ ឬក៏ចោទប្រកាន់រដ្ឋអាមេរិក មានបំណងប្រឆាំងរដ្ឋាភិបាលវៀតណាម ក្នុងគោលបំណងអ្វីមួយនោះទេ ។​ ផ្ទុយទៅវិញវៀតណាម ​សន្យាស្រាវជ្រាវស្វែងរកការពិត ហើយដោះស្រាយរាល់បញ្ហាកើតឡើងទាំងនេះ ។ ​

វៀតណាម គឺជាប្រទេសតែមួយគត់ ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ នៅក្នុងពាណិជ្ជកម្មជាមួយអាមេរិក ដូច្នេះហើយ បានជាមានក្រុមហ៊ុនចេញពីចិន ដូរទៅវៀតណាមកើនឡើងពី ៣០០ ទៅ ៤០០ភាគរយ ចាប់តាំងពីចិន និងអាមេរិក ផ្ទុះសង្គ្រាមពាណិជ្ជកម្មកាលពីខែកក្កដា ឆ្នាំ២០១៨ ។ ​ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវៀតណាម ​ប្រកបដោយភាពទន់ភ្លន់ និង ម៉ឺងម៉ាត់នេះ អាចនឹងរក្សាបានទាំងការអនុគ្រោះពន្ធពីអាមេរិក និងក្រុមហ៊ុនវិនិយោគ ៕ បកប្រែដោយ៖ សារិទ្ធ

អត្ថបទដែលជាប់ទាក់ទង