Banner-right
Banner-right

កម្ពុជាកំពុងតវ៉ាឲ្យដោះលែងប្រជាពលរដ្ឋខ្មែរប្រមាណ៨០នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្មីៗនេះ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងថា មកដល់ពេលនេះ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើលិខិតតវ៉ា ដើម្បីឲ្យអាជ្ញាធរថៃដោះលែងប្រជាពលរដ្ឋខ្មែរប្រមាណ ៨០នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្មីៗនេះ តែមិនទាន់សម្រេចទេ ពីព្រោះអាជ្ញាធរថៃថា ជាប់ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិកម្ពុជាអះអាងបែបនេះ បន្ទាប់ពីមានសារជាសម្លេងមួយត្រូវបានគេបញ្ជូនមកកាន់បណ្ដាញសារព័ត៌មានកាលពីថ្មីៗនេះ ដោយអះអាងថា មានពលករខ្មែរប្រមាណជាង៦០នាក់ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីប្រមាណ៤ខែមុននៅអារញ្ញប្រាថេត ហើយនៅមិនទាន់ដោះលែងនៅឡើយ ថែមទាំងអត់បាយអត់ទឹកទៀតផង។

ទាក់ទងបញ្ហានេះ លោក កេត សោផាន់បានថ្លែងថា លោកមិនដឹងថា ករណីនេះ ដួចគ្នា ឬយ៉ាងណានោះទេ តែមានករណីមួយ ឯកអគ្គរដ្ឋទូតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានធ្វើលិខិតតវ៉ាចំនួនពីរដងរួចមកហើយ ដើម្បីឲ្យអាជ្ញាធរថៃដោះលែង។ ជាមួយគ្នានោះខាងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសថៃក៏បានចុះទៅមើលប្រជាពលរដ្ឋខ្មែរ ដែលជាប់ទោសនៅផងដែរ។

តាលោក កេត សោផាន់ ករណីនេះមានពលការខ្មែរប្រមាណ៨០ នាក់ ហើយការធ្វើលិខិតតវ៉ាចំនួនពីរលើក ដើម្បីឲ្យអាជ្ញាធរថៃដោះលែងនោះ អាជ្ញាធរថៃមិនបានដោះលែងមកវិញនោះទេ ដោយ សារតែក្រុមទាំងនោះ បានជាប់ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស។ មានន័យថា ពួកគេគឺជាក្រុមមេខ្យល់។

លោក កេត សោផាន់ បានឲ្យដឹងដែរថា ករណីនេះ ខាងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានចុះទៅមើលប្រជា ពលរដ្ឋខ្មែរ ដែលជាប់ទោសនោះផងដែរហើយចំពោះព័ត៌មានថា អត់បាយអត់ទឹកនោះ មិនជាការពិតទេ គឺមន្ត្រីទូតបានទៅមើលជាក់ស្ដែង។ទាក់ទងករណីនេះដែរ ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ។

បានឲ្យដឹងតាមរយៈសារ messengerថាដោយសារករណីខាងលើនេះគ្មានកាលបរិច្ឆេទច្បាស់លាស់ ស្ថានអគ្គកុងស៊ុលមិនហ៊ានសន្និដ្ឋានយ៉ាងណាទេ ប៉ុន្តែពលរដ្ឋខ្មែរ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួននៅស្រុកអារញ្ញ ខេត្តសាកែវ ឬស្រះកែវ មិនមានអ្នកណាត្រូវបង្អត់បាយបង្អត់ទឹកទេ គឺមានបាយទឹកហូបមួយថ្ងៃ ៣ពេល ហើយរឿងក្តីសុទ្ធតែត្រូវបានរៀបចំសំណុំរឿងឡើងតុលាការតាមនីតិវិធី និងមានមេធាវីស្ម័គ្រចិត្តការពារក្តីជូនទាំងអស់។

បើតាមស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ កាលពី៤ខែមុន គ្មានរឿងចាប់ពលរដ្ឋខ្មែរជាង៦០នាក់ នៅអារញ្ញប្រាថេតនោះទេ។ ជាមួយគ្នានោះ ស្ថានអគ្គកុងស៊ុល បានស្នើឲ្យជួយរកកាលបរិច្ឆេទជាក់លាក់នៃរឿងខាងលើ ដើម្បី តាមដាន និងដោះស្រាយបន្ទាន់ ពីព្រោះស្ថានអគ្គកុងស៊ុល មិនដែលទុកបណ្តោយអោយពលរដ្ឋខ្មែរត្រូវចាប់ឃុំដោយគ្មានដំណោះផ្លូវច្បាប់យូរយ៉ាងនេះទេ៕ ដោយ: ភក្តី(កែសម្រួលដោយ៖LK)

អត្ថបទដែលជាប់ទាក់ទង