Banner-right
Banner-right

អាជ្ញាធរអ:អាងថា រថយន្តធំៗអាចនឹងឈប់ឲ្យមកចតនៅតាមផ្លូវក្នុងក្រុងសៀមរាបទៀតហើយ

សៀមរាប៖​ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអះអាងប្រាប់អ្នកកាសែត នៅថ្ងៃទី២៣ខែតុលានេះថា ករណីរថយន្តធំៗដែលផ្ទុកទំនិញធ្វើចរាចរណ៍ចូលចត ក្នុងក្រុងសៀមរាប ដើម្បីទម្លាក់ទំនិញ សាងឲ្យម៉ូយឬ ទម្លាក់ស្តុកទុកក្នុងក្រុង ឬទីប្រជុំជន នោះអាចនឹងលែងមាន តទៅទៀតហើយ ដោយខាងជំនាញថានិងចាត់វិធានការឲ្យបានម៉ត់ចត់បំផុត។
ប្រភពព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញរថយន្តធុនធំៗ ប្រភេទភ្លៅ៥​ ភ្លៅ៦​ ឬរថយន្តសណ្ដោង បានបើកដឹកទំនិញ ចូលមកក្រុងសៀមរាប។ ជាពិសេសគឺរថយន្តធំៗទាំងនោះ បានដឹកទំនិញ មកទម្លាក់នៅក្រោយផ្សារលើធំថ្មី ចំណុចកែងផ្លូវតាអ៊ុច ជាហេតុបណ្ដាលឲ្យមានការកកស្ទះ និងបាត់បង់សណ្ដាប់ធ្នាប់ និងមួយចំនួនទៀតចត នៅផ្លូវពីក្រោយផ្សារលើធំថ្មីដូចគ្នា​ ផ្លូវទៅកែងជន្លង់។
បាតុភាពបែបនេះ បានកើតមានជាយូឆ្នាំមកហើយ មិនដែលមានមន្ត្រីជំនាញរូបណា ចេញមុខ អន្តរាគមន៍ ដើម្បីបញ្ចៀសឬ ទប់ស្កាត់បានម្ដងឡើយ។ ជាមួយគ្នានេះរថយន្តធំៗបែបនេះ អាចជាហេតុបណ្ដាលឲ្យខូចផ្លូវ ផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះ នាយការិយាល័យចរាចណ៍ ផ្លូវគោកនៃស្នងការ ខេត្តសៀមរាប លោកវរសេនីយ៍ឯក​ ជឹម សុវណ្ណ បានបញ្ជាក់ថា ខ្ញុំនិងពិនិត្យឡើងវិញ អរគុណដែលបានផ្តល់ព័ត៌មាន។ លោកជឹម សុវណ្ណ ថាព្រឹកនេះ និងចាត់ចែង។ចំណែកលោកឧត្តមសេនីយ៍ត្រី​ ស៊ន ចំណាន ស្នងការង ខេត្តសៀមរាប ទទួលផែនសណ្ដាប់ធ្នាប់ បានបញ្ជាក់ផងដែរថា ករណីខាងលើ លោកបានឲ្យកម្លាំងចរាចរណ៍ និងកម្លាំងសណ្តាប់ធ្នាប់ចុះណែនាំ និងអនុវត្តហើយ ហើយសូមបងប្អូនជួយតាមដានបន្តទៀតផង បើមិនមានអីប្រែប្រួល ឬនៅតែបន្តចូលមកទៀត សូមផ្តល់ព័ត៌មានមកផង។
ដោយឡែកចំពោះទំនិញ នៅលើរថយន្តធំៗនោះ ដែលប្រជាពលរដ្ឋ សង្ស័យថាអាចមានបង្កប់ទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់នោះ ត្រូវបានមន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តសៀមរាប អះអាងថាជំនាញធ្លាប់បានផ្ទៀងផ្ទាត់ គេមានពន្ធត្រឹមត្រូវហើយ។
ប្រជាពលរដ្ឋ សង្ឃឹមថាអាជ្ញាធរជំនាញ និងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះរថយន្តធំៗ ដែលកន្លងមក តែងតែ ធ្វើចរាចរណ៍ ចូលក្រុងសៀមរាប នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ សាធារណ: និងកកស្ទះចរាចរណ៍ជាដើម៕ដោយ៖​ សៀមរាបថ្មី(សម្រួល​ដោយ៖​ ​LK)

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz