Banner-right
Banner-right

ឯកអគ្គរដ្ឋទូតថ្មីសហភាពអឺរ៉ុប ប្រកាសបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើប្រព័ន្ធអនុគ្រោះពន្ធ EBA

(ភ្នំពេញ)៖ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក កុយ គួង ក្រោយពីជំនួបរវាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុបប្រចាំ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក កុយ គួង ថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានផ្ដល់ជំនួយជាច្រើននាពេលកន្លងមក ចាប់ពីឆ្នាំ១៩៩៤ មក ដែលបានធ្វើឱ្យមានការអភិវឌ្ឍសង្គម ក៏ដូចជាសេដ្ឋកិច្ចរបស់កម្ពុជារហូតមកដល់បច្ចុប្បន្ននេះ ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេសត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយលោកស្រី ដើម្បីឲ្យបេសកម្មកាទូតនេះទទួលបានជោគជ័យ ពីព្រោះជោគជ័យរបស់លោកស្រី ក៏ដូចជាជោគជ័យរបស់កម្ពុជាផងដែរ។ ជាមួយគ្នានោះដែរ លោកស្រីបានសម្ដែងក្តីរីករាយ ដែលត្រូវបានសហភាពអឺរ៉ុបតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ហើយលោកស្រីប្តេជ្ញាថា នឹងធ្វើការឲ្យបានជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុប និងជំរុញអ្វីដែលមានស្រាប់ឲ្យបន្តទៅមុខទៀត។

លោកស្រី Carmen Moreno បានអះអាងថា កាលពីឆ្នាំ១៩៩៦ លោកស្រីធ្លាប់បានមកកម្ពុជាម្ដង ប៉ុន្តែនៅពេលនេះលោកស្រីបានឃើញការរីកចម្រើនយ៉ាងខ្លាំង ហើយក្រៅពីការរីកចម្រើននេះ លោកស្រីក៏បានចាប់អារម្មណ៍អំពីព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងត្រូវរៀបចំឡើងនាពេលខាងមុខ ជាពិសេសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខ ហើយលោកស្រីបានអះអាងថា បានឧបត្ថម្ភទូកងផ្នែកស្ត្រីផងដែរ។ លោកស្រីក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយប្រទេសកម្ពុជា ដោយលោកស្រីបានអះអាងថា នឹងបន្តធ្វើតទៅមុខទៀត។

លោក កុយ គួង បានអះអាងដែរថា ជំនួយអភិវឌ្ឍន៍របស់សហភាពអឺរ៉ុបចាប់ពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០១៥ សហភាពរដ្ឋបានផ្ដល់ជំនួយឥតសំណងប្រមាណ៧០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការអភិវឌ្ឍនៅលើវិស័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជាផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ និងវិស័យដទៃទៀត ហើយសហភាពអឺរ៉ុបក៏បានផ្ដល់ជំនួយដល់សាលាក្តីខ្មែរក្រហមផងដែរ ដោយចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ មានប្រមាណ២០លានដុល្លារ ហើយប្ដេជ្ញាថា នឹងបានបន្តជួយតទៅទៀត។

ដោយឡែកទាក់ទងវិស័យពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប នឹងប្រទេសកម្ពុជា នៅឆ្នាំ២០១៨ មានប្រមាណ៧៥០០ លានដុល្លារ ហើយវិស័យវិនិយោគ រវាងសហភាពអឺរ៉ុបជាមួយកម្ពុជា ឆ្នាំ២០១៧ មានប្រមាណ៥១លានដុល្លារអាមេរិក។ លោកស្រីអះអាងថា នឹងជំរុញអ្នកវិនិយោគិនអឺរ៉ុប ឲ្យចូលមកបន្ថែមទៀត ដើម្បីពិនិត្យលើវិស័យអាទិភាព និងចូលមកវិនិយោគនៅកម្ពុជា ហើយភ្ញៀវទេសចរមកពីសហភាពអឺរ៉ុបជាមធ្យម៧០ម៉ឺននាក់ក្នុងមួយឆ្នាំ។

ទាក់ទងវិស័យពាណិជ្ជកម្មនេះ ភាគីទាំងពីរក៏បានលើកឡើងអំពីប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ ដោយភាគីទាំងពីរបានលើកឡើងអំពីកិច្ចពិភាក្សារវាងសហភាពអឺរ៉ុប ជាមួយកម្ពុជានាពេលកន្លងមក គឺបានដំណើរការទៅដោយល្អ តាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមក។ ក្នុងនោះសហភាពអឺរ៉ុបបានបញ្ជូនបេសកម្មស្វែងរកការពិតមកកម្ពុជា ហើយកម្ពុជាក៏បានស្វាគមន៍ និងបានបញ្ជូនបេសកម្មទៅសហភាពវិញ ដើម្បីបញ្ជាក់ពន្យល់អំពីអ្វីដែលកើតមានពិតប្រាកដនៅប្រទេសកម្ពុជា។ នៅក្នុងបេសកម្មកាទូតនេះ លោកស្រី ក៏បានប្ដេជ្ញាថា នឹងសហការជាមួយកម្ពុជាលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះផងដែរ តែអ្វីដែលសំខាន់នៅពេលនេះ យើងនៅរង់ចាំរបាយការណ៍ចុងក្រោយរបស់គណៈកម្មការសហភាពអឺរ៉ុបតែប៉ុណ្ណោះ។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន លោក កុយ គួង បានអះអាងថា លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងពីសារៈសំខាន់ ជាពិសេសគោលដៅរួមរវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលធ្វើយ៉ាងណាឱ្យ ភាគីទាំងពីរធ្វើការអោយចំគោលដៅរួមមួយ ហើយកម្ពុជាចង់ឲ្យអ្វីដែលមានហើយបន្តមានតទៅទៀត ដូចជាបញ្ហា EBA នេះ គឺយើងទទួលបានតាំងពីឆ្នាំ២០០១ ម្ល៉េះ ដូច្នេះអ្វីដែលយើងធ្លាប់មាន គឺយើងចង់ឲ្យមានតទៅទៀត ហើយលោកស្រីឯកអគ្គរដ្ឋទូត ក៏បានអះអាងថា គោលដៅរបស់លោកស្រីក្នុងនាមជាឯកអគ្គរដ្ឋទូតនេះ នឹងធ្វើការដើម្បីគោលដៅរួមមួយ។

សូមបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរក៏បានលើកឡើងពីកិច្ចប្រជុំអាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ ហើយលោកស្រីឯកអគ្គរដ្ឋទូតបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះដោយជោគជ័យ ពីព្រោះកិច្ចប្រជុំនេះ មានសារសំខាន់ណាស់សម្រាប់ប្រទេសជាម្ចាស់ផ្ទះផង ក៏ដូចជាប្រទេសដែលនឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះ គឺនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងប្រទេសនានា កាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត ជាពិសេសជាមួយប្រទេសកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ៕ ដោយ៖ ភក្តី (សម្រួលដោយ៖ Micheal)

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz