ប៉ាគីស្ថាន អនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រី ចេញទៅព្យាបាលនៅបរទេស

ប៉ាគីស្ថាន នឹងអនុញ្ញាតឲ្យលោក Nawaz Sharif ចាកចេញពីប្រទេសដើម្បីទៅរកការព្យាបាលវេជ្ជសាស្ត្រនៅរាជាណាចក្រ។ នេះបើតាមការអះអាងពីរដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃព្រហស្បត្តិ (០៧ វិច្ឆិកា) តែបានព្រមានអតីតនាយករដ្ឋមន្ត្រីពីការស្វះស្វែងណាមួយរកការនីរទេស គេចចេញពីបទចោទអំពើពុករលួយ។

លោក Shah Mahmood Qureshi រដ្ឋមន្ត្រីប៉ាគីស្ថាន និយាយថា “ក្រុមវេជ្ជបណ្ឌិត អោយអនុសាសន៍ថា ប្រហែលជាគាត់ត្រូវទៅបរទេសដើម្បីទទួលការពិនិត្យបន្ថែម” និងថា “បើការព្យាបាលវេជ្ជសាស្ត្រតម្រូវ រដ្ឋាភិបាលយល់ព្រម”។ ធ្លាប់ជានាយករដ្ឋមន្ត្រី ៣ ដង លោក Sharif វ័យ ៦៩ ឆ្នាំ ត្រូវបានដោះលែងដោយការបង់ប្រាក់លោះខ្លួនកាលពីខែមុន ពីការជាប់ទោស ៧ ឆ្នាំ ពីបទប្រព្រឹត្តិអំពើពុករលួយ បន្ទាប់ពីមានបញ្ហាសុខភាពម្តងហើយម្តងទៀត។ ត្រួតត្រានយោបាយប៉ាគិស្ថានអស់បីទសវត្ស លោក Sharif បដិសេធការដាក់បន្ទុក និងអះអាងថាជាការចោទប្រកាន់មានចេតនានយោបាយ។ លោកធ្លាប់បានរស់នៅនីរទេសឯ អារ៉ាប៊ី សាអ៊ូឌី ចំនួន ៧ ឆ្នាំ ក្រោយពីផ្តួលរំលំដោយកងទ័ពប៉ាគីស្ថានកាលពីឆ្នាំ២០០០៕ ដោយ៖ Kosal R