សហប្រជាជាតិ៖ ម្នាក់ក្នុងចំណោមបីនាក់ នៅ ហៃទី ត្រូវការជំនួយស្បៀង 

ប្រជាពលរដ្ឋហៃទីជាងមួយភាគបី កំពុងតែប្រឈមមុខនឹង “អសន្តិសុខស្បៀងធ្ងន់” ដោយសារតែមានការឡើងថ្លៃ ការថយចុះផលិតកម្មកសិកម្ម និងការកើតមានកលោហលសង្គមសុះសាយ តាមការព្រមានឲ្យដឹងពីកម្មវិធីស្បៀងអាហារពិភពលោក របស់សហប្រជាជាតិ កាលពីថ្ងៃសុក្រ (០៨ វិច្ឆិកា)។

ការសិក្សាមួយ កាលពីខែមុន បានបង្ហាញថា ក្នុងចំណោមអ្នករស់នៅក្នុងប្រទេសហៃទី ១១ លាននាក់ មាន ៣,៧ លាននាក់ កំពិងស្ថិតក្នុងស្ថានភាព “អសន្តិសុខស្បៀងធ្ងន់” តាមការរៀបរាប់ពីអ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោក Herve Verhoosel នៅហ្សឺណែវ។ ក្នុងចំណោមនោះ មានជាងមួយលាន់នាក់ ត្រូវបានចាត់ទុកថាប្រឈមនឹងតម្រូវការស្បៀង “ជាការអាសន្ន” គឺតែមួយជំហានទៀតដល់ទុរ្ភិក្ស។ ប្រទេសក្រីក្រនៅទ្វីបអាម៉េរិកមួយនេះ បានដុតរោលពីរខែកន្លងទៅហើយ ដោយការតវ៉ាប្រឆាំង ផ្តើមពីកង្វះឥន្ធនៈ តែបានប្រែទៅជាអំពើហិង្សា និងជាយុទ្ធនាការដ៏ធំប្រឆាំងប្រធានាធិបតី Jovenel Moise។  អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោក បន្តថា ស្ថានការសន្តិសុខមិនល្អ នៅហៃទី បានរារាំងការប្រឹងប្រែងនៃភ្នាក់ងារសហប្រជាជាតិនេះ និងអង្គការជំនួយនានា ពីការទៅឲ្យដល់អ្នកដែលត្រូវការជំនួយប្រមាណជាជាង ៧ សប្តាហ៍មកហើយ៕ ដោយ៖ Kosal R