Banner-right
Banner-right

ប្រមុខល្បុកត្តោ ជួបអ្នកដែលត្រូវទៅស៊ីហ្គេម

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានញ្ជើញជួបសំណោះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡាគុនល្បុក្កតោមុនពេលទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម “SEA GAMES 2019” លើកទី៣០ នៅប្រទេសហ្វីលីពីន។

លោក ច័ន្ទ សារុន បានមានប្រសាសន៍ថា ដោយត្រូវចេះគោរពស្រឡាញ់គ្នាអត់ឱនអនុគ្រោះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យក្រុមរបស់ខ្លួនមានភាពរឹងមាំទាំងការហ្វឹកហាត់ និងការប្រកួតជាដើម។ ការហ្វឹកហាត់ត្រៀមក៏ដូចជាការប្រកួតនេះ ត្រូវខិតខំធ្វើយ៉ាងណាឲ្យស៊ីសង្វាក់គ្នាខាងផ្នែកបច្ចេកទេស រីឯការស៊ីសង្វាក់គ្នាផ្នែកផ្លូវចិត្តអារម្មណ៍នោះក៏ត្រូវតែមានដូចគ្នា ដើម្បីជំរុញឲ្យការប្រកួតនេះមានភាពរលូន និងអាចស្វែងរកបាននូវលទ្ធផលកាន់តែប្រសើរផងដែរ។ យើងមិនអាចប្រកាន់ចិត្តខឹងធ្វើឲ្យចិត្តសាស្រ្តក្រុមនេះបែកឆ្ងាយពីគ្នានោះឡើយ ព្រោះការចាញ់ ឬឈ្នះ គឺជាលទ្ធផលក្រុមទាំងមូល។

ក្នុងរយៈពេលហ្វឹកហាត់ត្រៀមខ្លួននេះ ដោយត្រូវគោរពឲ្យបាននូវវិន័យក្រមសីលធម៌ស្តាប់បង្គាប់គ្រូបង្វឹកដោយមិនត្រូវហ្វឹកហាត់តាមអារម្មណ៍ផ្ទាល់ខ្លួនម្នាក់ៗនោះទេ ប៉ុន្តែត្រូវគោរពតាមកម្មវិធីហ្វឹកហាត់បច្ចេកទេស ដែលបានកំណត់ទុក។ ក្រុមកីឡាការិនីជម្រើសជាតិកីឡាគុនល្បុក្កតោកម្ពុជា ត្រូវបង្កើនគុណភាពបច្ចេកទេសដើម្បីត្រៀមចូលប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ ដោយកម្ពុជា បានត្រៀមប្រភេទកីឡាសរុបចំនួន៣០ ក្នុងនោះមាន៩ប្រភេទកីឡាត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ចាត់ចូលក្នុងប្រភេទកីឡាសក្តានុពលឈានទៅប្រជែងបានមេដាយ៕ ដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz