Banner-right
Banner-right

ស្ថានភាពព្រំដែនប៉ោយប៉ែត មានភាពស្ងប់ស្ងាត់ធម្មតា

(បន្ទាយមានជ័យ)៖ ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់តាំងពីព្រលឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងប្រមាណ៩ព្រឹកនេះ មានសភាពធម្មតា ដោយមិនមានបាតុភាពណាមួយ ឬការប្រមូលផ្តុំកម្លាំងមហាជនខុសពីប្រក្រតីទេ។ នេះបើតាមចេញផ្សាយរបស់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។

ទាំងប្រជាពលរដ្ឋ និងរថយន្តទេសចរណ៍ចេញចូលជាធម្មតា។ ទោះជាយ៉ាងនេះក្តី កម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ នៅតែបន្តប្រចាំការនៅតំបន់នេះ ក៏ដូចជាព្រំដែនកម្ពុជា-ថៃ ផ្សេងៗទៀត ដើម្បីការពារចំពោះការប្រមូលផ្តុំបង្កការអុកឡុក បំផ្លិចបំផ្លាញដល់កម្មវិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាសន្តិភាពប្រទេសកម្ពុជា។ ចំណែកកម្លាំងសមត្ថកិច្ចថៃនៅតែបន្តសហការល្អជាមួយសមត្ថកិច្ចកម្ពុជា នៅចំណុចច្រកព្រំដែន។

គួរឲ្យដឹងថា ទណ្ឌិត សម រង្ស៊ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះដែរ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសហើយថា រដ្ឋាភិបាលថៃនឹងមិនអនុញ្ញាតឲ្យក្រុមរបស់ទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះឡើយ។ ទណ្ឌិត សម រង្ស៊ី ខ្លួនឯង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានប្រកាសពន្យារពេលដោយមិនកំណត់ នូវដំណើរមាតុភូមិនិវត្តរបស់លោក បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីអ្នកដំណើរ៕ ដោយ៖ សង្ក្រាន្ត

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz