Banner-right
Banner-right

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាអបអរសាទរថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦​ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៩ វិច្ឆិកា ២០១៩ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្រ្តីរាជការមកពីគ្រប់ក្រសួង​ ស្ថាប័ន​ កងកម្លាំងប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ បានដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​ថ្វាយភ្លេីងជ័យនៅវិមានឯករាជ្យ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ស្របជាមួយនឹងខួបលើកទី៦៦ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ។

តាមរយៈការបង្ហោះសារតាមបណ្តាញសង្គម ហ្វេសប៊ុករបស់សម្តេចបាន បានបញ្ជាក់ថា ថ្ងៃទី៩​ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។

សម្តេចនាយកបានបន្ថែមទៀតថា ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវអោយមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។

ឆ្លៀតនាឱកាសនោះផងដែរ សម្តេចហ៊ុន សែន បានថ្លែងអំណរអរគុណដល់បងប្អូនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសយើងមកទល់សព្វថ្ងៃ។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦​ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ ខ្ញុំសូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ” ៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz