Banner-right
Banner-right

ចាក់សោទូទុកចោលលុះព្រឹកឡើងបាត់អស់ជិត ០២ ម៉ឺនដុល្លារ

(បាត់ដំបង)៖ មានករណីជនសង្ស័យដែលមានបក្ខពួកយ៉ាងតិច២នាក់បានធ្វើសកម្មភាពគាស់ទូអាជីវករលក់ដូរក្នុងផ្សារលួចយកគ្រឿងអលង្ការ(ការឡៃ)និងគ្រឿងក្រអូបដែលសរុបអស់ជិត ០២ ម៉ឺនដុល្លារអាចកើតឡើងចន្លោះពីម៉ោង១២ជាងរហូតដល់ម៉ោង០១រំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្សារថ្មីបាត់ដំបង ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខណៈដែលម្ចាស់ចាក់សោគ្របចោល។

យោងតាមចម្លើយរបស់អាជីវកជាម្ចាស់តូប ឈ្មោះ គឿង ជឿងថាក់ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានរៀបរាប់ប្រាប់ក្រុមអ្នកយកព័ត៌មានយើងអោយដឹងនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះថា គ្រួសាររបស់នាងបានប្រកបរបររកស៊ីក្នុងផ្សារមួយនេះជាង១០ឆ្នាំមកហើយនិងបានទុករបស់របរជាគ្រឿងអល្លង្កា(ការឡៃ)និងគ្រឿងក្រអូបជាច្រើននៅក្នុងទូដោយចាក់សោទុកចោលរហូតមិនដែលមានបាត់បង់អ្វីឡើយ ទើបតែព្រឹកនេះនៅពេលដែលគ្រួសារនាងមកផ្សាររៀបចំបើកតូបលក់ក៏ស្រាប់តែមានការភ្ញាក់ផ្អើលដោយឃើញមានស្នាមគាស់ទំលុះទំលាយទូបាត់គ្រឿងអល្លង្ការនិងគ្រឿងក្រអូបអស់ជាច្រើនតែម្តង។

ម្ចាស់តូបដដែលបានបន្តថា គ្រឿងអលង្ការ(កាឡៃ)ដែលបាត់បង់រួមមាន -ខ្សែក មានឈុតកាឡៃជាគ្រឿងពេជ្រ មានកង មានខ្សែដៃ ចិញ្ចៀន និងក្រវិល ដែលសរុបជាទឹកប្រាក់ប្រហែល ១៨០០០ដុល្លារ និងគ្រឿងក្រអូបមួយទូទៀត មានម្សៅ ម៉ាសបិទមុខ ទឹកអប់ ក្រែម សាប៊ូ និងសម្ភារៈផ្សេងៗទៀតសរុបជាទឹកប្រាក់ប្រហែល ០៣លានរៀលផងដែរ។

ពាក់ព័ន្ធទៅនឹងករណីខាងលើ លោក ស៊ុន សុភាព ជាអ្នកគ្រប់គ្រងផ្សារថ្មីបាត់ដំបង ថាលោកមិនបានដឹងរឿងហ្នឹងទេដោយសារលោករវល់ប្រចាំការនៅស្នងការហើយលោកអ្នកទាក់ទងទៅខាងប៉ូលិសផ្នែកសន្តិសុខ ។

ដោយឡែកលោក ថេង ដែលជាប៉ូលីសផ្នែកសន្តិសុខផ្សារថ្មីបាត់ដំបង ជុំវិញករណីចោរលួចគាស់តូបខាងលើនេះដែរ លោកបានអោយដឹងថា វាមិនមែនជាតូបទេគឺឥវ៉ាន់ដែលគាត់ដាក់លក់នៅលើរួចហើយពេលយប់គាត់គ្របក្រណាត់ចោលអត់មានគាស់ទេ ហើយឥវ៉ាន់មិនមានអីទេ មានតែមីសួរ និងប្រេងខ្យងកាប៉ិកការប៉ុកតើអត់មានអីទេ ព្រោះឥវ៉ាន់ទំលាប់អ្នកលក់នៅផ្សារថ្មីអោយតែគាត់លក់ដូរហើយអីហើយគាត់គ្របតែក្រណាត់ក៏ទៅប្រុយ អត់មានឃ្លុុបមានដាក់ចាក់សោអីត្រឹមត្រូវទេ ហើយការគាស់នេះអស់តែ២តូប៣តូបប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណាក្រុមគ្រួសារជនរងគ្រោះថា សេចក្តីរាយការណ៍និងរបាយការណ៍របស់សមត្ថកិច្ចវាផ្ទុយទៅនិងអ្វីដែលជាការពិតទាំងអស់ដោយមិនទទួលខុសត្រូវព្រោះពួកគាត់ត្រូវបានគេគាស់ទូយកគ្រឿងអល្លង្ការ(កាឡៃ)និងគ្រឿងក្រអូបដែលសរុបទឹកប្រាក់អស់ជិត០២ម៉ឺនដុល្លារឯណោះ៕ ដោយ រៀម សាលី

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz