លោក កឹម​ សុខា ត្រូបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតនៅក្រោមការត្រួកពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចចំនួន៣

(ភ្នំពេញ)៖ យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់ថា តាមដីការសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៨៨០៤ “គ” ដ.ព.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ, ជនត្រូវចោទឈ្មោះ កឹម​ សុខា ត្រូបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតនៅក្រោមការត្រួកពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចចំនួន៣ រួមមាន៖ ក. មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា, ខ. មិនត្រូវធ្វើសកម្មភាពនយោបាយ និង គ. ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

ការចេញសេចក្តីសម្រេចនោះធ្វើឡើងបន្ទាប់ពី បានពិនិត្យលើពាក្យស្នើសុំរបស់សហមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទ ត្រង់ចំណុចពាក់ព័ន្ធបញ្ហសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវត្រួតពិនិត្យ និងព្យាបាល និងម្យ៉ាងវិញទៀត ដោយសារនាពេលកន្លងមក ក្នុងពេលស្ថិនៅក្រៅឃុំជាបណ្តោះអាសន្ន ជនត្រូវចោទបានគោរពតាមកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធី តុលាការ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យស្នើសុំមួយច្បាប់របស់សហមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ កឹម សុខា ដែលមានខ្លឹមសារពាក់ព័ន្ធការបិទបញ្ចប់ការស៊ើបសួរនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ នេះបើយោងទៅតាមការជូនដំណឹងរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ៕ ដោយ៖ Micheal