Banner-right
Banner-right

មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋជាង៥០០ហិកតាដែលកំពុងខ្វះខាតទឹក

(កំពង់ឆ្នាំង)៖ យោងតាមសំណើរបស់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរឃុំមេលំ ស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បាននាំយកគ្រឿងចក្រទៅ ជីកប្រឡាយ ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋជាង៥០០ ហិកតាដែលកំពុងតែខ្វះខាតទឹកនៅចុងរដូវ។

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅតំបន់ដែលពួកគាត់កំពុងតែខ្វះខាតទឹក ដែលខាងមន្ទីរកំពុងតែជួយសង្គ្រោះនៅពេលនេះគឺជាតំបន់ប្រទាញប្រទង់។ មានន័យថា៖ស្រែរបស់គាត់បើទឹកធំគាត់អាចធ្វើបណ្តេញទឹកបាននៅ ពេលទឹកស្រក ប៉ុន្តែបើទឹកតូចគាត់ទុកដីស្រែចោលមិនអាចធ្វើស្រែបានទេ។ ជាក់ស្តែងឆ្នាំនេះប្រជាពលរដ្ឋក្នុងភូមិចំនួន៣ គឺភូមិទួលរការ ភូមិមេលំ និងភូមិទួលធ្លក ក្នុងឃុំមេលំ បាននាំគ្នាទៅធ្វើស្រែនៅតំបន់នោះចំនួន៥៤៥ហិកតា។ លុះដល់ចុងរដូវអត់ទឹកភ្លៀង ធ្វើអោយស្រូវរបស់ពួកគាត់ជួបការខ្វះខាតទឹកទើបពួកគាត់តាមរយៈអាជ្ញធរ ឃុំមេលំ បានសំណើរមកមន្ទីរដើម្បីជួយជីកកូនប្រឡាយនាំយកទឹក ពីចំណុចសំណង់ ផ.ស.គ ទៅដាក់ស្រែរបស់ពួកគាត់ ដែលមានប្រវែង ២២០០ម៉ែត្រ ប្រឡាយនេះមានទទឹង០,៨ម៉ែត្រ និងជម្រៅ១ម៉ែត្រ។ប្រឡាយថ្មីនេះនឹងត្រូវ ចំណាយរយៈពេល៣ថ្ងៃទើបជីករួច។

លោកកេត សុឃា មេឃុំមេលំ ស្រុកបរិបូរណ៌ ក៍បានអោយដឹងថា៖ទូរសព្ទ័ដែរថា ចំពោះការជួយសង្គ្រោះស្រូវនៅតំបន់នោះ មិនមែនតែប្រឡាយដែល ខាងមន្ទីរធនធានទឹកនិងឧតុនិយម កំពុងតែជីកនោះទេ គឺនៅមានប្រឡាយមួយខ្យែទៀត ដែលត្រូវ​យក​ទឹកពីស្ទឹងបរិបូរណ៌ទៅបូកបញ្ជូនគ្នាទើបអាចជួយសង្គ្រោះបាន។ ចំពោះមូលហេតុនៃការខ្វះខាតទឹកនេះដែរដោយសារតែប្រជាពលរដ្ឋពេល ប្រមូលស្រូវវស្សាបានហើយ ពួកគាត់សង្ឃឹមថា នឹងទទួលរបបទឹកភ្លៀងនៅចុងរដូវ ទើបពួកគាត់សម្រេចធ្វើម្តទៀត(ធ្វើ១ឆ្នាំ២ដង) ហើយក៍ជួបគ្រោះរាំងស្ងួតតែម្តង ។

ប្រជាពលរដ្ឋ ក៍ដូចជាអាជ្ញាធរឃុំមេលំ បានថ្លែងអំណរគុណ ដល់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម និងអាជ្ញាធរស្រុក ខេត្តដែលបានផ្ដល់គ្រឿងចក្រមកជួយជីកជួយសង្គ្រោះស្រូវរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹកហើយបើគ្មានការអន្តរាគមន៍ទេ ស្រូវរបស់ពួកគាត់ពិតជាខូខាតជាពុំខានឡើយ៕ (ដោយ៖ សុក្ខារិន)

 

 

 

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz