ប៉ូលីសហុងកុង បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈបាតុករបំផ្លាញហាងនានា

(អន្តរជាតិ)៖ ប៉ូលីសហុងកុង បានពាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកការប្រមូលផ្តុំគ្នា ខណៈដែលសកម្មជនស្លៀកពាក់ខ្មៅ បានបិទផ្លូវ និងបំផ្លាញហាងនានា កាលពីថ្ងៃអាទិត្យ (១០ វិច្ឆិកា) នៅក្នុងចុងសប្តាហ៍ទី ២៤ នៃការតវ៉ាប្រឆាំង។

ក្រុមបាតុករតូចៗ ដែលពាក់របាំងមុខប្រមូលផ្តុំគ្នានៅតាមផ្សារជាច្រើន បំផ្លាញធុរកិច្ចនានា ដែលគេដឹងថាគាំទ្រចិន ក៏ដូចជាផ្លូវចូលស្ថនីយ៍រទេះភ្លើងក្រោមដី ធ្វើអោយមានការប៉ះទង្គិចគ្នាដូចឆ្មានិងកណ្តុរ ជាមួយប៉ូលីស។

សកម្មភាពហឹង្សា បានរាលដាលទៅដល់ស្រុក Kowloon ដែលជាតំបន់ដែលមានមនុស្សរស់នៅច្រើន។ កាលពីសប្តាហ៍មុន បាតុករតវ៉ាប្រឆាំងរដ្ឋាភិបាល បានជួបជុំជាហ្វូងចូលទៅផ្សារទំនិញ ពេលដែលមនុស្សម្នាក់បានចាក់មនុស្សដោយកាំបិត និងបានខាំត្រចៀកអ្នកនយោបាយម្នាក់។

ក្នុងព្រឹត្តិការណ៍មួយទៀត ពិធីទិវាចងចាំដល់អ្នកដែលបានបូជាជីវិតក្នុងបុព្វហេតុការពារហុងកុង ក្នុងសម័យសង្គ្រាមលោកទាំងពីរ ដោយមានតំនាងពីប្រទេសជាច្រើន និងសមាគមអតីតយុទ្ធជន ត្រូវបានរំខានមួយភ្លែត ដោយបាតុករ ដែលស្រែក ពាក្យស្លោកប្រឆាំងនៅជិតចប់ព្រឹត្តិការណ៍៕

ដោយ៖ Kosal R