Banner-right
Banner-right

តុលាការខេត្តកំពតបង្គាប់ឲ្យដោះលែងជនត្រូវចោទ២នាក់ នៅក្នុងសំណុំរឿង “រួមគំនិតក្បត់”

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត បានចេញដីកាបង្គាប់ឲ្យដោះលែងជនត្រូវចោទចំនួន២នាក់ នៅក្នុងសំណុំរឿង “រួមគំនិតក្បត់”  គឺទី១, ឈ្មោះ នុត ពេជ ភេទប្រុស អាយុ៦៣ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើតនៅភូមិស្រង៉ែ ឃុំបឹងមល ស្រុកឈូក ខេត្តកំពត អាសយដ្ឋានបច្ចុប្បន្ន នៅភូមិស្រង៉ែ ឃុំ បឹងនិមល ស្រុកឈូក ខេត្តកំពត និងទី២, ឈ្មោះ ប៉ែន មុំ ហៅ ស្រីមុំ ភេទស្រី អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ កើតនៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកកំពត ខេត្តកំពត និងទីលំនៅសព្វថ្ងៃភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

ឈ្មោះ ប៉ែន មុំ លោក នុត ពេជ ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងសំណុំរឿងរួមគំនិតក្បត់ ដោយសារតែពួកគេលង់ខ្លួនតាមការអូសទាញរបស់ទណ្ឌិត សម រង្ស៊ី ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបើយោងតាមពាក្យសុំនៅក្រៅឃុំរបស់ជនត្រូវចោទទាំង២នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពួកគេបានសន្យា នឹងមិនចូលរួមសកម្មភាពនានា ដែលបង្កឡើងដោយទណ្ឌិត សម រង្ស៉ី ឬអតីតគណបក្សសង្គ្រោះជាតិនោះឡើយ ហើយសន្យាចូលមកតុលាការគ្រប់ពេលវេលា នៅពេលដែលកោះហៅ។

សូមបញ្ជាក់ថា ការសម្រេចដោះលែងនេះ បានធ្វើឡើងក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីឈានទៅដល់ការដាក់ឱ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ហើយដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន  បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីឈានទៅដល់ការដាក់ឱ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។ សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា “អ្នកដែលយើងបានចាប់ខ្លួន ខ្ញុំសូមឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយនឹងព្រះរាជអាជ្ញា ធ្វើការជាមួយតុលាការ ដើម្បីដោះលែងឱ្យនៅក្រៅឃុំ តាមរយៈនៃការស្នើសុំរបស់សាមីខ្លួន របស់មេធាវី ឬរបស់ក្រុមគ្រួសារ ព្រោះបើគ្មានការស្នើសុំទេ យើងមិនអាចដោះលែងឱ្យនៅក្រៅឃុំទេ”។

 

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាកិច្ចការចាំបាច់ ដែលរាជរដ្ឋាភិបាលត្រូវតែធ្វើ ក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ព្រោះអ្នកទាំងនោះ ចាញ់បោកគេទេ៕ ដោយ៖ ភក្តី ( សម្រួលដោយ៖ Micheal)

អត្ថបទដែលជាប់ទាក់ទង