Banner-right
Banner-right

លោក មុត ចន្ថា ថា លោក កឹម សុខា មានគោលការណ៍អហិង្សា ផ្ទុយពីក្រុម សម រង្ស៊ី

(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានអះអាងថា លោក កឹម សុខា មានគោលការណ៍ និងគោលជំហរអហិង្សា សន្តិវិធី ហើយអ្វីដែលផ្ទុយនឹងច្បាប់ ផ្ទុយនិងគោលការណ៍អហិង្សា សន្តិវិធី គឺលោក កឹម សុខា មិនធ្វើជាដាច់ខាត ដែលខុសពីលោក សម រង្ស៊ី ដែលចូលចិត្តហឹង្សា យកអ្នកគាំទ្រធ្វើជាឈ្នាន់ ដើម្បីអំណាចរបស់ខ្លួន។ 

លោក មុត ចន្ថា អតីតនាយកខុទ្ធកាល័យលោក កឹម សុខា អះអាងបែបនេះ ឆ្លើយតបសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរវាងលោកស្រី Tina Susan Redshaw  ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ កាលពីពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅគេហដ្ឋានផ្ទាល់របស់លោក កឹម សុខា ដែលស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក មុត ចន្ថា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះថា ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសមកជួបលោក កឹម សុខា នាព្រឹកនេះ គឺដើម្បីសម្ដែងនូវការគួរសម និងសួរសុខទុក្ខ ព្រមទាំងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក អំពីបញ្ហាទូទៅ គឺអ្វីដែលអន្តរជាតិ អាចចូលរួមក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ។

ឆ្លើយតបសំណួរអ្នកសារព័ត៌មានថា តើលោក កឹម សុខា គាំទ្រសកម្មភាពលោក សម រង្ស៊ី ដែលកំណត់យកថ្ងៃ០៩ វិច្ឆិកា ដើម្បីចូលមកប្រទេសកម្ពុជា ធ្វើចលនាផ្ទួលរំលំរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែរឬទេ ? លោក មុត ចន្ថា បានអះអាងថា “ឯកឧត្តម កឹម សុខា លោកគឺជាអ្នកបដិបត្តិច្បាប់ លោកមានគោលការណ៍ និងគោលជំហរមួយច្បាស់លាស់ ហើយជំហររបស់គាត់ គឺអហិង្សា សន្តិវិធី អញ្ចឹងអ្វីដែលផ្ទុយនឹងច្បាប់ អ្វីដែលផ្ទុយគោលការណ៍អហិង្សា និងសន្តិវិធី គឺគាត់អត់ធ្វើទេជាដាច់ខាត។ ខ្ញុំសូមបញ្ជាក់ថា គាត់គឺជាអ្នកបដិបត្តិច្បាប់ ដែលសូម្បីនៅក្នុងសេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក៏តុលាការបានទទួលស្គាល់ថា ឯកឧត្តម កឹម សុខា បានគោរពពេញលេញនូវកាតព្វកិច្ចរបស់តុលាការផងដែរ ដូច្នេះគាត់គឺជាអ្នកបដិបត្តិច្បាប់មានគោលការណ៍ច្បាប់ គឺគោលការណ៍អហិង្សា សន្តិវិធី មិនប្រឈម ហើយអ្វីដែលផ្ទុយពីនេះ គឺគាត់មិនធ្វើទេ”។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានកំណត់យកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំនឹងបុណ្យឯករាជ្យជាតិ ដើម្បីធ្វើមាតុភូមិនិវត្តមកប្រទេសកម្ពុជាវិញ ហើយទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារនេះ ទណ្ឌិត សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ព ដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀតផង។ ពាក់ព័ន្ធនឹងសកម្មភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ បានចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម៕ ដោយ៖ ភក្តី (សម្រួលដោយ៖ Micheal)

អត្ថបទដែលជាប់ទាក់ទង