Banner-right
Banner-right

អ្នកនយោបាយជើងចាស់មួយរូប ស្នើឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បញ្ចប់ការយកកម្ពុជាជាសត្រូវ ហើយយកគំរូតាមជប៉ុន

(ភ្នំពេញ)៖ អ្នកនយោបាយជើងចាស់មួយរូប គឺលោក គង់ គាំ ដែលជាអតីតមន្រ្តីជាន់នៅអតីតគណបក្សសង្រ្គោះជាតិផងដែរនោះបានស្នើឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បញ្ចប់ការយកកម្ពុជាជាសត្រូវ ដោយសារតែឥទ្ធិពលរបស់ចិន ហើយយកគំរូតាមជប៉ុន ដែលប្រជែងជាមួយចិន ដោយពង្រឹងប្រជាធិបតេយ្យកម្ពុជា តាមរយៈការបោះឆ្នោត ពង្រឹងពង្រីកសិទ្ធិមនុស្សនៅកម្ពុជា។

លោក គង់ គាំ បច្ចប្បន្នជាប្រធានកិត្តយសគណបក្សឆន្ទៈខ្មែរលើកឡើងថា អតីតគណបក្សសង្គ្រោះជាតិ ជាងពីរឆ្នាំកន្លងទៅនេះ បានប្រើប្រាស់យុទ្ធសាស្ត្រការ៉ុត និងដំបង វាយសន្ធប់មកលើស្ថេរភាព អធិបតេយ្យភាពរបស់កម្ពុជាយ៉ាងខ្លាំង ទាក់ទងទៅនិងការងាកទៅរកចិនរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកសហភាពអឺរ៉ុប បានប្រើការ៉ុត EBA និងដំបង គឺដំណើរការពិនិត្យសម្រេចព្យួរ ឬដក EBA ពីកម្ពុជាហើយសហរដ្ឋអាមេរិក ក៏បានប្រើការ៉ុត GSP និងច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០១៩ ដោយចោទឆ្កែថាឆ្កួត ដើម្បីវាយឆ្កែ គឺបានចោទកម្ពុជាថា មានមូលដ្ឋានយោធាចិន។ ដោយឡែកក្រុមដឹកនាំគម្រោងរដ្ឋប្រហារ ៩ វិច្ឆិកា  របស់សម រង្ស៊ី ដែលមានសមាជិកព្រឹទ្ធសភាតំណាងរាស្ត្របរទេសមួយចំនួនលើកទឹកចិត្ត និងមានប្រព័ន្ធឃោសនារបស់មួយចំនួន ជួយបំពង បំពុល និងការបញ្ឆោតអោយប្រជាពលរដ្ឋខ្មែរក្រៅ និងក្នុងប្រទេសងើបឡើងប្រឆាំងរដ្ឋាភិបាល ហើយអោយកងទ័ពបង្វែរកាណុងផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន  សែន ដើម្បីក្រុមគេចូលគ្រប់គ្រង រៀបចំជាថ្មី ចាប់ពីតំណែងព្រះមហាក្សត្រ រហូតដល់ ឃុំ សង្កាត់ តាមក្តីស្រមៃរបស់ពួកគេ។ 

តាមលោក គង់ គាំ ទន្ទឹមសកម្មភាពពីខាងក្រៅ ដែលមិនអាចជឿជាក់ទាំងស្រុងបាននោះ  សកម្មភាពខាងក្នុង ដែលនាំមុខដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលបោះបង់ជំហរមិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយឆ្នាំ២០១៨ បានចាប់ផ្តើមជូនសារតាំង និងបន្តទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការធម្មតា ជាមួយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ (ឆ្នាំ២០១៨-ឆ្នាំ២០២៣)។ លោកបន្តថា របាយការណ៍សហភាពអឺរ៉ុប បានទុករយៈពេលមួយខែអោយរាជរដ្ឋាភិបាលកម្ពុជា មានចម្លើយពីការជឿនលឿនរបស់ស្ថានភាពមួយចំនួន តែបញ្ហានេះ បានចេញដំណើរជួនគ្នា នឹងការបន្ធូរបន្ថយលក្ខខណ្ឌសេរីភាព ជនត្រូវចោទ កឹម សុខា និងការដាក់អោយនៅក្រៅឃុំចំពោះសមាសភាពជាបក្សពួក ជាខ្សែបណ្តាញគម្រោងរដ្ឋប្រហារផងដែរ។ បញ្ហានេះ មជ្ឈដ្ឋានមួយចំនួនទទួលស្គាល់ថា ជាការចាប់ផ្តើមជាវិជ្ជមាន ពិសេសពីឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនានាប្រចាំកម្ពុជា រួមទាំងតំណាងសហភាពអឺរ៉ុបផងដែរ។ 

 

ជាមួយគ្នានោះ លោក គង់ គាំ លើកឡើងថា ក្នុងនាមប្រធានកិត្តយសគណបក្សឆន្ទៈខ្មែរ និងជាអ្នកនយោបាយបន្តវេន អ្នកនយោបាយវ័យក្មេងស្រករក្រោយ បានស្នើអោយសហភាពអឺរ៉ុប សហរដ្ឋអាមេរិកបញ្ចប់ការយកកម្ពុជាជាសត្រូវ (ដោយសារឥទ្ធិពលចិនជាមួយកម្ពុជា) ហើយសូមយកគំរូតាមជប៉ុន ដែលប្រជែងជាមួយចិន ដោយពង្រឹងប្រជាធិបតេយ្យកម្ពុជា តាមរយៈការបោះឆ្នោត ពង្រឹងពង្រីកសិទ្ធិមនុស្សនៅកម្ពុជា តាមការវិនិយោគផ្តល់ការងារ និងជីវភាពសុខចម្រើនតាមស្មារតីជួយស្តារ និងអភិវឌ្ឍកម្ពុជារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសអោយបានត្រឹមត្រូវ និងពេញលេញ។ ជាតិ និងអន្តរជាតិត្រូវផ្តោតលើប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែប្រសើរ តាមរយៈការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣នៅកម្ពុជា ជាទៀងទាត់តាមការកំណត់របស់ច្បាប់បន្តពីការបោះឆ្នោត ឆ្នាំ២០១៨ ជាធម្មតា ដែលគ្មានអានុភាពណាបំផ្លាញបានឡើយ៕ ដោយ៖ ភក្តី

អត្ថបទដែលជាប់ទាក់ទង