Banner-right
Banner-right

ខ្មែរ៥រូប និងថៃ៥រូបលើសង្វៀនDNA Star Vagas Super Fight Night

(ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរជាលក្ខណៈអន្តរជាតិ ដែលនឹងធ្វើនៅថ្ងៃទី៥ ខែធ្នូ នៅសណ្ឋាគារ និងកាស៊ីណូផ្កាយ៥ DNA Star Vegas នឹងមានអ្នកប្រដាល់កម្ពុជា៥រូប ​និងអ្នកប្រដាល់ថៃ៥រូបចូលរួមប្រកួត ។

ព្រឹត្តិការណ៍នេះរៀបចំដោយសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ សហការជាមួយសហព័ន្ធប្រដាល់ថៃ។ លោកថៃ អ៊ូ ដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នេះជាការប្រកួតដ៏អស្ចារ្យមួយ ដែលមានការគាំទ្រពីលោកអភិបាលខេត្តបន្ទាយមានជ័យ និងសណ្ឋាគារ និងកាស៊ីណូ DNA Star Vegas ។

ព្រឹត្តិការណ៍នេះត្រូវបានប្រសិទ្ធិនាមថា DNA Star Vagas Super Fight Night។ អ្នកប្រដាល់វ័យក្មេងកម្ពុជា ដែលចូលរួមប្រកួតនោះមាន សុធា ឈីង មកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ថៃ ភីត អារុណ(Phit Aroun) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៤៥
គីឡូក្រាម។ វ័ន្ដ ថៃដេត មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដែរនោះ ប្រកួតជាមួយអ្នកប្រដាល់ថៃ កៀង កៃ (Keang Kai) ពួកគេទាំង២ប្រកួតគ្នា​ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាមដែរ ។

លោកហេង ប៊ុនឃីម ដែលជាគ្រូបង្វឹកក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថាពួកគេទាំង២រូបជាអ្នកប្រដាល់វ័យ​ក្មេងមែន តែគេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃញឹកញាប់ណាស់ដែរ ។

យុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍ខេត្តបន្ទាយមានជ័យ ដែលមានរហស្សនាមថាយក្សតឿនៅទិសពាយ័ព្យនោះ ត្រូវបានដាក់ឲ្យប្រកួតជា​មួយអ្នកប្រដាល់ថៃ ដេត ខេន(Deth Khen)។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍ជួបប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃ កាំឡៃ យុគ(Kamlay Yuk)។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅនេះ សាម៉េតធ្លាប់ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃរូបនេះ​ម្ដងហើយនៅលើទឹកដីខ្លួនឯងគឺប្រកួតលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។ ជំនួបសងសឹកលើទឹកដីជាយដែនលើកនេះ មិនដឹងថាអ្នកប្រដាល់កម្ពុជា ម៉ន សាម៉េត ធ្វើបានសម្រេច ឬក៏ត្រូវបង្កើនស្ថិតិចាញ់នៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួននោះឡើយ ។

អ្នកប្រដាល់កណ្ដាប់ដៃថ្ម ឡុង សំណាង មកពីក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃ យ៉ត ភីត។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

សំណាងជាអ្នកប្រដាល់ ដែលមានផ្លែវ៉ៃល្អ តែសម្រាប់យ៉ត ភីត ក៏មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្រ្កាបនោះទេ។ ជំនួបមួយនេះ មិនដឹងថា សំណាងអាចកសាងជ័យជំនះនៅលើទឹកដីទល់ដែនបានឬទេ៕ ដោយ៖ កូនដូច

អត្ថបទដែលជាប់ទាក់ទង