Banner-right
Banner-right

ដូណាល់ ត្រាំ អាចនឹងយកពន្ធ ១០០ភាគរយលើផលិតផលនាំចូលពីប្រទេសបារាំងមួយចំនួន ដែលមានតម្លៃ ២.៤ពាន់លានដុល្លារ

(អន្តរជាតិ)៖ យោងតាមសារព័ត៌មាន USA TODAY ចុះផ្សាយនាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឱ្យដឹងថា ខ្លួនអាចនឹងយកពន្ធ ១០០ភាគរយលើផលិតផលនាំចូលពីប្រទេសបារាំងមួយចំនួន ដែលមានតម្លៃ ២.៤ពាន់លានដុល្លារ ក្រោយមើលឃើញគោលនយោបាយយកពន្ធថ្មីរបស់បារាំង លើក្រុមហ៊ុនបច្ចេកវិទ្យារបស់បរទេស ធ្វើឱ្យខូចខាតដល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។

 

បើតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃចន្ទកន្លងទៅ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា ការស៊ើបអង្កេតផ្នែក ៣០១ ឬ “Section 301” បានរកឃើញគោលនយោបាយយកពន្ធថ្មីរបស់បារាំង គឺមិនសមស្របទៅនឹងលក្ខខណ្ឌ នៃគោលនយោបាយពន្ធអន្តរជាតិ ហើយមិនតែប៉ុណ្ណោះវាក៏ធ្វើឱ្យខូចខាត ផងដែរដល់ក្រុមហ៊ុនអាមេរិកជាពិសេស Google, Facebook, Apple Inc (AAPL.O) និងក្រុមហ៊ុន Amazon ជាដើម។

 

លោក រ៉ូប៊ឺត ឡៃធីហ្សែរ ដែលជាតំណាងពាណិជ្ជកម្មអាមេរិក ក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងពិចារណាថា តើគួរតែបើកការស៊ើបអង្កេតដូចគ្នានេះ ទៅលើគោលនយោបាយពន្ធ លើក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសអូទ្រីស អ៊ីតាលី និងតួកគី ដែរឬក៏យ៉ាងណា។

 

គួបញ្ជាក់ផងដែរថា ការិយាល័យតំណាងពាណិជ្ជកម្ម នឹងប្រមូលមតិសាធារណៈ ពាក់ព័ន្ធនឹងបញ្ជីនៃសំណើយកពន្ធ រហូតដល់ថ្ងៃទី១៤ ខែមករា ហើយនឹងរៀបចំសវនាការស្ដាប់ជាសាធារណៈមួយ នៅថ្ងៃទី៧ ខែមករាខាងមុខនេះ។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទជាក់លាក់ នៃដាក់សំណើយកពន្ធ ១០០ភាគរយលើផលិតផលបារាំងនោះទេ៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង