Banner-right
Banner-right

ព្យុះទីហ្វុង កាំមួរិ (Kammuri) បានបោកបក់មកដល់ទឹកដីនៃប្រទេសហ្វីលីពីនហើយ ខណៈពេលដែលប្រទេសនេះកំពុងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

(ម៉ានីល)៖ យោងតាមការផ្សាយចេញពីសារព័ត៌មាន រ៉យទ័រ នោថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ព្យុះទីហ្វុង កាំមួរិ (Kammuri) បានបោកបក់មកដល់ទឹកដីនៃប្រទេសហ្វីលីពីន បន្ទាប់ពីអាជ្ញាធរបានជម្លៀសប្រជាជនប្រមាណ ២០០,០០០នាក់ និងព្រមានឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ព្រមទាំងបំណាក់ដីថែមទៀតនោះ។

ព្យុះកំណាចនេះបានធ្វើដំណើរមកដល់ភាគខាងកើតហ្វីលីពីន ហើយកំពុងតែបន្តបោកបក់ ឆ្លងកាត់ភាគកណ្តាលប្រទេសនេះ ឆ្ពោះចេញទៅកាន់ភាគខាងលិច។ ទីភ្នាក់ងារឧតុនិយមហ្វិលីពីន បានឲ្យដឹងថា ព្យុះនេះកំពុងមានកម្លាំងខ្យល់បក់ជាមធ្យម ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក បើតាមអាជ្ញាធរហ្វីលីពីនណែរនាំ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីបំណាក់ដី រលកធំៗ និងទឹកជំនន់ ដែលបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំង។

សូមបញ្ជាក់ផងដែរថាមនុស្សជាង ២០០,០០០នាក់ត្រូវបានជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព នៅតាមបណ្តាខេត្ត ដែលស្ថិតលើគន្លងផ្លូវធ្វើដំណើររបស់ព្យុះ។ ខណៈមានសេចក្តីរាយការណ៍ ពីការខូចខាតទ្រង់ទ្រាយតូចនៅតំបន់ខ្លះៗ ពុំទាន់មានការរាយការណ៍អំពីការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមនុស្សរងគ្រោះថ្នាក់នៅឡើយទេ។

រីឯអាកាសយានដ្ឋានអន្តរជាតិ ធំបំផុតប្រចាំនៅទីក្រុងម៉ានីល នឹងត្រូវផ្អាកដំណើរការរយៈពេល ១២ម៉ោងគិតចាប់ពីថ្ងៃ ១១៖០០នាទីព្រឹករហូតដល់ម៉ោង ១១៖០០នាទីយប់ថ្ងៃអង្គារនេះ (ពេលវេលាក្នុងទីក្រុងម៉ានីល) ប៉ុន្តែការធ្វើដំណើរតាមផ្លូវអាកាស នឹងនៅតែបន្តជាធម្មតា នៅតាមតំបន់ដទៃទៀតដែលមិនរងការប៉ះពាល់។ ក្រៅពីនេះអគាររដ្ឋាភិបាលនិងសាលារៀន ក៏ត្រូវបានបិទទ្វារផងដែរ នៅតាមតំបន់រងការប៉ះពាល់។

ពាក់ព័ន្ធព្រឹត្តិការណ៍ស៊ីហ្គេមវិញ កម្មវិធីប្រកួតមួយចំនួនត្រូវបានពន្យារពេល ជាពិសេសវិញ្ញាសាប្រកួត ដែលតម្រូវឲ្យធ្វើឡើងនៅលើផ្ទៃទឹក។

គួរជម្រាបថា ជាមធ្យមក្នុងមួយឆ្នាំៗប្រទេសហ្វីលីពីនតែងរងការវាយប្រហារ ដោយខ្យល់ព្យុះយ៉ាងតិច ២០ ដែលតែងតែបានផ្តាច់យកជីវិតមនុស្សរាប់រយនាក់។ ព្យុះដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តហ្វីលីពីន គឺកំពូលព្យុះទីហ្វុងឈ្មោះហៃយ៉ាន (Haiyan) ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ឬបាត់ខ្លួនសរុបជាង ៧,៣០០នាក់កាលពីឆ្នាំ២០១៣៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង