Banner-right
Banner-right

រថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿងបើកបរក្នុងល្បឿនលឿន បុកគេហើយមិនព្រមឈប់ ក៏រុលទៅបុករថយន្តស៊េរីទំនើប ៣គ្រឿងផ្សេងទៀត

(ភ្នំពេញ)៖ នាវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បង្កឡើងដោយរថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿងបើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករះរថយន្ត៤គ្រឿង និងម៉ូតូកង់បី១គ្រឿងផ្សេងទៀត។

ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6267 រងការខូចខាតក្រពឹតមុខ បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន។

ដោយឡែករថយន្តដែលរងការខូចខាតរួមមាន៖ ទី១. រថយន្តម៉ាក ព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8672 បានរងការខូចខាតទាំងមុខទាំងក្រោយ, ទី២. រថយន្តម៉ាក ឡិចស៊ី NX-200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-6776 រងការខូចខាតផ្នែកខាងក្រោយ។

ទី៣.រថយន្តម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ​ 2R-0819 រងការខូចខាតខ្ទេចមុខនិងចំហៀងខ្លួនខាងស្ដាំ, ទី៤. រថយន្តសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 2A-8297 និងទី៥.​ម៉ូតូកងបី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AB-9538 ក្រឡាប់និងរងការខូចខាតយ៉ាងដំណំ។

ប្រភពដដែលនោះបានបន្ថែមទៀតថា មុនពេលកើតហេតុ រថយន្តបង្កខាងលើ បើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបុករថយន្តព្រុសពីក្រោយពេញទំហឹង រុញផ្ទប់បង្គោលស្លាកប៉ាណូ១ដើម បណ្ដាលឲ្យខ្ទេចទាំងមុខទាំងក្រោយ។

បន្ទាប់មកម្ចាស់រថយន្តបានបើករត់ រួចក៏ជ្រុលទៅកៀររថយន្តឡិចស៊ីស NX200T រងការខូចខាតកាងក្រោយ រួចហើយជ្រុលបន្តទៅបុករថយន្តតាកូម៉ា បណ្ដាលឲ្យខ្ទេចមុខនិងចំហៀងខ្លួន ខណ:នោះរថយន្តបង្កមិនព្រមឈប់ទៀត និងបានបន្តទៅបុកម៉ូតូកង់បី១គ្រឿង បណ្ដាលឲ្យក្រឡាប់រួចជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុងមួយតង់ទៀត ទើបឈប់ស្ងៀម។

ក្រោយមកអ្នកបើកបរ ត្រូវបាននគរបាលចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ចំណែករថយន្តទាំង ៥គ្រឿង និងម៉ូតូកង់បី ត្រូវនគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង