Banner-right
Banner-right

Booyoung Group និង TYDA ចុះ MOU ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌

(ភ្នំពេញ)៖ TYDA និងប៊ូយ៉ុងគ្រុប (Booyoung Group) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ ដែលពិធីនេះបានរៀបចំធ្វើឡើងក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប (Booyoung Group)។

លោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប (Booyoung Group) បានបរិច្ចាកថវិកា និងចូលរួមធ្វើកិច្ចការមនុស្សធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះ ប៊ូយ៉ុងគ្រុប(Booyoung Group) ក៏បានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិរបស់កម្ពុជាផងដែរ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាមានលំនឹង និងរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក Shin Hyun-Suk បានបញ្ជាក់ថា ដោយមើលឃើញពីទស្សនវិស័យ និងសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ប៊ូយ៉ុងគ្រុប (Booyoung Group) បានចាប់អារម្មណ៍ និងមានទឹកចិត្តចូលរួមសកម្មភាពមនុស្សធម៌ជាមួយTYDA ដើម្បីជួយសង្គ្រោះ និងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការផ្ដល់សេវាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលគិតថ្លៃ។

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា (MOU) គឺបានបង្ហាញនូវការគាំទ្រ និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយ TYDA ដែលមានបេសកកម្មនៅក្នុងការបន្តផ្ដល់នូវការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយសហការ និងគាំទ្រដោយក្រសួងសុខាភិបាល អង្គការដៃគូ និងសប្បុរសជនជាច្រើន។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះមិនត្រឹមតែព្យាបាលជំងឺជូនពួកគាត់ប៉ុណ្ណោះទេគឺផ្ដល់ទាំងស្នាមញញឹម និងក្តីសង្ឃឹសម្រាប់គ្រួសារគាត់ទាំងមូល។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ប៊ូយ៉ុងគ្រុប (Booyoung Group) ដែលមានទំនុកចិត្តនៅក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនសម្រាប់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា TYDA និងប៊ូយ៉ុងគ្រុប បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ ដែលពិធីនេះបានរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប(Booyoung Group)៕ ដោយ៖ ភក្តី

អត្ថបទដែលជាប់ទាក់ទង