Banner-right
Banner-right

អ្នករត់កង់បីប្រចាំនៅផ្សាទំនើបអ៊ីអន២ប្រហែលជា២០នាក់ ព្រួតគ្នាវាយអ្នករត់កង់បី២នាក់ផ្សេងទៀត បណ្តាលឲ្យរងរបួសយ៉ាងដំណំ

(ភ្នំពេញ)៖ ករណីហិង្សាដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បង្កឡើងដោយជនដៃដល់ ដែលជាអ្នករត់កង់បីប្រចាំនៅផ្សាទំនើបអ៊ីអន២ប្រហែលជា២០នាក់ បានព្រួតគ្នាវាយអ្នករត់កង់បី២នាក់ផ្សេងទៀត បណ្តាលឲ្យរងរបួសយ៉ាងដំណំ។

 

ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សាអ៊ីអន២ តាមបណ្ដោយផ្លូវ១០០៣ កែងនិងផ្លូវ១៩៩២ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទាំងជនដៃដល់ និងជនរងគ្រោះ ត្រូវបានគេអះអាងថា មានមុខរបរជាអ្នករត់ម៉ូតូកង់បីដូចគ្នា។

 

បើតាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ២នាក់ បានបើកម៉ូតូកង់បី ចំនួន២គ្រឿង មកចតនៅចំណុចកើតហេតុ។

ភ្លាមនោះស្រាប់តែលេចមុខ ក្រុមអ្នករត់ម៉ូតូកង់បីដូចគ្នា ប្រហែលជា២០នាក់ មកអះអាងថា ពួកគេបានបង់បេនទីនេះ ហើយក៏នាំគ្នាដេញក្រុមរងគ្រោះឲ្យចេញ ធ្វើឲ្យមានការទាស់សម្តីគ្នា យ៉ាងតឹងសរសៃក។

ប្រភពដដែលនោះបានបញ្ជាក់ទៀតថាមួយសន្ទុះក្រោយមក ក៏ផ្ទុះជាហិង្សា ខាងភាគីម៉ូតូកង់បី ដែលប្រចាំបេន បានព្រួតវាយ អ្នករត់ម៉ូតូកងបីមកពីក្រៅទាំង២នាក់ បណ្ដាលឲ្យរងរបួសបែកក្បាល។

ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ច ចុះមកអន្តរាគមន៍ ធ្វើការឃាត់ខ្លួន ជនបង្កចំនួន៣នាក់ ក្នុងចំណោមបក្ខពួកផ្សេង ដែលរត់គេចខ្លួន រួមនឹងម៉ូតូកង់បីចំនួន៣គ្រឿង បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌសែន ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង