ឧតុនិយមពិភពលោក៖ សីតុណ្ហភាពផែនដី បង្ហាញថាជាទសវត្សក្តៅបំផុត

(អន្តរជាតិ)៖ ទសវត្សកន្លងទៅ សឹងតែជាការច្បាស់ហើយថាក្តៅបំផុតតាមដែលបានកត់ត្រា យោងតាមអ្នកជំនាញអំពីធាតុអាកាសបានព្រមានកាលពីថ្ងៃអង្គារ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

នេះជាការបញ្ជាក់អោយឃើញពីការបាត់បង់ទៅនូវសមុទ្រទឹកកក ការកើតមានរលកកំដៅដ៏អន្តរាយ និងការឈ្លានពានពីការឡើងកំពស់ទឹកសមុទ្រ ក្នុងរបាយការណ៍មួយ ដែលបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំកំពូលធាតុអាកាសនៅប្រទេសអេស្ប៉ាញ។

ការវាយតម្លៃប្រចាំឆ្នាំនៃធាតុអាកាសផែនដី ដោយអង្គការឧតុនិយមពិភពលោក ប្រចាំនៅទីក្រុងហ្សឺណែវ បានគូសបញ្ចាក់ពីគ្រោះភ័យទាំងនេះ ក្នុងបំណងពង្រឹងឡើងវិញនូវកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ ដើម្បីបញ្ជៀសមហន្តរាយឡើងកំដៅសាកល។

ក្នុងចំណោមរបកគំហើញនានា មាន សីតុណ្ហភាពជាមធ្យមសំរាប់ ៥ ឆ្នាំ (២០១៥ ដល់ ២០១៩) និងសំរាប់ ១០ ឆ្នាំ (២០១០ ដល់ ២០១៩) ឃើញថាសឹងតែច្បាស់ថាក្តៅបំផុតតាមដែលបានកត់ត្រា និងទឹកសមុទ្រមានជាតិអាស៊ីដ ២៦% ច្រើនជាងមុន ទឹកកក្នុងសមុទ្រអាកទីក មានកម្រិតទាបក្នុងខែកញ្ញា និងតុលា និងសមុទ្រអង់តាកទិក ក៏មានទឹកកកកម្រិតទាបជាច្រើនដង នៅឆ្នាំនេះ៕ ដោយ៖ កុសល