Banner-right
Banner-right

ស្វែងយល់អំពីមូលហេតុ និងវិធីធ្វើដូចម្តេច បើស្ត្រីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល

(ភ្នំពេញ)៖ ការបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល ជាបញ្ហាជួបញឹកញាប់ និងជាមូលហេតុ នៃការដាក់ឲ្យសម្រាកពេទ្យក្នុងពេលមានផ្ទៃពោះ។ ការបែកទឹកភ្លោះអាចកើតមានទាំងពេលគភ៌មិនទាន់គ្រប់ខែ (មុន៣៧អាទិត្យ) និងពេលគភ៌គ្រប់ខែ(ក្រោយ៣៧ អាទិត្យ)។ ក្នុងករណីដែលម្តាយមិនបានចាប់អារម្មណ៍លើការបែកទឹកភ្លោះ ឬជ្រាបទឹកភ្លោះមុនពេលសម្រាលអាចបង្កផលប៉ះពាល់ទៅលើសុខភាពទាំងម្តាយ និងទារក។ អ្នកអាចស្វែងយល់អំពីមូលហេតុ និងអ្វីដែលអាចកើតមានឡើងក្រោយបែកទឹកភ្លោះមុនឈឺពោះសម្រាល ឬវិធីធ្វើដូចម្តេច បើបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល? ដូចខាងក្រោមនេះ៖

១) មូលហេតុ
– ភាគច្រើន គឺបណ្តាលមកពីការបង្ករោគ (Infection)
– ការរីកតឹងនៃស្បូន ក្នុងករណីកូនភ្លោះ ឬកូនច្រើន ទឹកភ្លោះច្រើន កូនថ្លោស
– ការប៉ះទង្គិចដូចជា ការរួមភេទ(Coït) ជាដើម។
២) អ្វីដែលនឹងអាចកើតមានឡើងក្រោយបែកទឹកភ្លោះមុនឈឺពោះសម្រាល
– ឈឺពោះសម្រាល៖
+ ៥០ភាគរយ នៃស្ត្រីនឹងសម្រាលក្នុងរយ:ពេលប្រមាណជា៥ម៉ោង
+ ហើយប្រហែល៩០ភាគរយ នឹងសម្រាលក្នុងរយ:ពេលប្រហែល២៤ម៉ោងក្រោយពីបែកទឹកភ្លោះ
– ការបង្ករោគ(Infection) ទៅលើកូន និងម្តាយ
៣) តើគួរធ្វើដូចម្តេច បើស្រ្តីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?
– ការថែទាំ និងការព្យាបាលប្រែប្រួលទៅតាមអាយុគភ៌ នៅពេលដែលបែកទឹកភ្លោះ
– ស្ត្រីត្រូវសម្រាកពេទ្យក្នុងផ្នែកសម្ភព ដើម្បីទទួលការតាមដានម្តាយ ជាពិសេស (កម្ដៅ ការឈឺពោះ) និងទារក (ការបម្រះរបស់កូន តាមដានចង្វាក់បេះដូងកូន)
– កាត់បន្ថយការលូកពិនិត្យទ្វារមាស បើស្ត្រីពុំមានសញ្ញាឈឺពោះ
– ប្រើប្រាស់ថ្នាំផ្សះ បើការបែកទឹកភ្លោះមានរយ:ពេល លើសពី១២ម៉ោង
– ការតាមដានទឹកភ្លោះដោយការពិនិត្យអេកូសាស្ត្រ
– ក្នុងករណីដែលមាត់ស្បូនអំណោយផល ការប្រើប្រាស់ថ្នាំ ដើម្បីឲ្យការសម្រាលបានឆាប់ ដោយកាត់បន្ថយការប៉ះពាល់ដល់ម្តាយ និងទារក ហើយភាគច្រើនទទួលការពេញចិត្តពីអ្នកជំងឺ (ជាជម្រើសនៃអ្នកម្តាយ)
– ក្នុងករណីដែលមាត់ស្បូនមិនអំណោយផល ការតាមដានក្នុងរយ:ពេល១២ម៉ោង ដើម្បីទុកលទ្ធភាព ឲ្យមានការឈឺពោះដោយឯកឯង។ បើ២៤ម៉ោង ស្ត្រីគ្មានសញ្ញាឈឺពោះឯកឯង ការធ្វើ Déclenchement ឲ្យឈឺពោះអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការវះកាត់(Césarienne)
– ជាទូទៅរយ:ពេលពីបែកទឹកភ្លោះ រហូតដល់ការធ្វើ Déclenchement មិនត្រូវលើសពី៤៨ម៉ោង។
« សូមមកពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេស ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យមានផលប៉ះពាល់ដល់ម្តាយ និងទារក »៕ សម្រួល៖ សង្ក្រាន្ត (ប្រភព៖ Post News)

អត្ថបទដែលជាប់ទាក់ទង