Banner-right
Banner-right

ពង្រឹងច្បាប់ចរាចរណ៍៖ នគរបាលគ្រោងនឹងតាមផាកពិន័យដល់ផ្ទះចំពោះអ្នកបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ​តាមរយៈកាមេរ៉ាសុវត្ថិភាពនៅតាមស្តុប

(ភ្នំពេញ)៖ នគរបាលជាតិ មានផែនការក្នុងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ដែលបំពាក់តាមភ្លើងស្តុប ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយនឹងផាកពិន័យដល់ផ្ទះ ចំពោះអ្នកបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចតល្មើសច្បាប់ជាដើម។ នេះ ជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផែនការសណ្តាប់ធ្នាប់ចរាចរណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានថ្លែងថា «ការបំពាក់ឧបករណ៍កាមេរ៉ាសុវត្ថិភាព នៅក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់បច្ចេកទេសបានយ៉ាងល្អ ហើយនៅភ្នំពេញនឹងឈានដល់ការពិន័យ តាមរយៈការប្រើប្រាស់កាមេរ៉ានេះ ចំពោះអ្នកមិនគោរពភ្លើងសញ្ញាតាមដងផ្លូវ និងចតខុស គឺអាចធ្វើការផាកពិន័យ ដោយថតយកលេខរថយន្តបាន [ស្លាកលេខរថយន្ត] ស្រាវជ្រាវរកអត្តសញ្ញាណដល់ផ្ទះ»។ ជាមួយគ្នានេះដែរ លោកក៏បានព្រមានផ្សាយរិះគន់តាម Facebook ចំពោះអ្នកដែលទទួលពិន័យការបើកបរ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចតមិនគោរពច្បាប់ជាដើម ដែលការធ្វើបែបនេះដើម្បីពញាក់ស្មារតី ឲ្យអ្នកប្រព្រឹត្តកំហុសនោះ ឲ្យចេះខ្មាសអៀន និងកែទម្លាប់មកចេះគោរពច្បាប់។ ទោះជាយ៉ាងណា គេនៅតែបារម្ភថា ផែនការនេះ អាចនឹងពិបាកទទួលបានជោគជ័យ ដោយសារតែនៅពេលបច្ចុប្បន្ននេះ មានរថយន្តមួយចំនួនធំ ដែលចរាចរណ៍តាមដងផ្លូវ មិនទាន់បានកាត់ឈ្មោះពីម្ចាស់ដើម មកអ្នកកាន់កាប់ផ្ទាល់ត្រឹមត្រូវនៅឡើយ ឬរថយន្តខ្លះមានអាស័យដ្ឋានមិនច្បាស់លាស់ ដែលជាហេតុនៅពេលនគរបាល ធ្វើការផាកពិន័យតាមស្លាកលេខរថយន្ត មិនចំអ្នកប្រព្រឹត្ត បែរជាចំម្ចាស់ដើម ដែលមិនបានដឹងអីទៅវិញ៕ សម្រួល៖ សង្ក្រាន្ត

អត្ថបទដែលជាប់ទាក់ទង