Banner-right
Banner-right

កសិករខេត្តព្រះវិហារ រីករាយជាមួយតម្លៃស្រូវគួរជាទីពេញចិត្ត

(ព្រះវិហារ)៖ កិច្ចសន្យាដែលផ្នែកសិកម្មជួយកសិករដាំស្រូវសរីរាង្គ ក្នុងខេត្តព្រះវិហារ ធ្វើឱ្យប្រជាកសិករសប្បាយរីករាយជាមួយតម្លៃស្រូវគួរជាទីគាប់ចិត្ត។ សហគមន៍កសិករផលិតស្រូវសរីរាង្គ នៅក្នុងខេត្តព្រះវិហារ បានសម្ដែងការ ត្រេកអរ ដែលបានសហការជាមួយក្រុមហ៊ុននាំចេញអង្ករ ព្រោះតែឆ្នាំនេះ ការប្រមូលផលស្រូវទទួលបានទិន្នផលល្អប្រសើរ។ ចំណែកឯតម្លៃ ទទួលបានជាទីគាប់ចិត្ត។

លោក សំបូរ ប្រធានសហគមន៍កសិកម្មរក្សាស្ទឹងសែនមានជ័យ ក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ បាននិយាយថា ក្នុងឆ្នាំ២០១៩នេះ សហគមន៍ មានសិករចំនួន២២៧នាក់ មានផ្ទៃដី៧៧៤ហិកតា។ ពួកគាត់ បានចុះកិច្ចសន្យា ផលិតស្រូវសរីរាង្គលក់ជូនក្រុមហ៊ុន AmruRice លើបរិមាណស្រូវ ចំនួន ១,៣១៥ តោន ក្នុងឆ្នាំ២០១៩នេះ។ គិតមកត្រឹមដើមសប្ដាហ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សហគមន៍ លក់ស្រូវសិរីរាង្គ ជូនក្រុមហ៊ុនបានជិត៥០ភាគរយហើយ។ លោកបានឱ្យដឹង ទៀតថា « កន្លងមក សហគមន៍ យើងខ្ញុំ បានបញ្ចេញស្រូវសើម បាន៣០០តោន ហើយថ្មីៗនេះ បានបញ្ចេញស្រូវស្ងួត បាន៤០០តោន ក្នុងតម្លៃទិន្និផល គម្រោង AmruRice ដាក់តម្លៃឱ្យនេះ បានធ្វើឱ្យទាំងខ្ញុំ និង កសិករអាចទទួលយកបាន»។

ចំណែក លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានឱ្យដឹងថា នៅឆ្នាំ២០១៩នេះ ទូទាំងខេត្តព្រះវិហារ មានសហគមន៍កសិកម្ម ចំនួន៣៤ បានចុះកិច្ចសន្យាសរីរាង្គជូនក្រុមហ៊ុន ចំនួន៣ មាន ក្រុមហ៊ុន ស៊ី កនេ ត ឈ័ រ អ ហ្វ អេ ស៊ា, ក្រុមហ៊ុន AmruRice និងក្រុមហ៊ុន GoldenRice។​ ប្រជាសហគមន៍ ទាំង៣៤ មាន ប្រមាណ៥៣១៤គ្រួសារ ដែលបានចុះកិច្ចសន្យា លក់ ជូន ក្រុមហ៊ុន ទាំង៣នេះ ដែលលក់បរិមាណស្រូវប្រមាណ២ម៉ឺនតោន ហើយ រហូតមកដល់ពេលនេះ សហគមន៍ បានលក់ជូនក្រុមហ៊ុនប្រមាណ៦០ភាគរយហើយ »។ លោកបានបញ្ជាក់ទៀតថា « បើធៀបតម្លៃជាមួយឈ្មួញកណ្ដាល ឃើញថា ការលក់ឲ្យក្រុមហ៊ុនទាំង៣នេះ លើសតម្លៃ ចន្លោះ ពី ២០០=២៥០ រៀល ក្នុងមួយគីឡូ ដោយក្រុមហ៊ុនឱ្យតម្លៃថ្លៃជាងសម្រាប់ស្រូវសរីរាង្គ ដែលបានចុះកិច្ចសន្យា »។ លោកបន្ថែមថា ប្រជាពលរដ្ឋរីករាយជាខ្លាំង ដោយលក់ជូនក្រុមហ៊ុន សម្រាប់ ស្រូវសើមលេខ១តម្លៃ ១,៣១០រៀល ក្នុងមួយគីឡូក្រាម ស្រូវសើមលេខ២ តម្លៃ១,២៦០ រៀល ក្នុងមួយគីឡូក្រាម ស្រូវស្រពាប់ លេខ១ តម្លៃ ១,៤៤០ រៀល ក្នុងមួយគីឡូ ស្រូវស្រពាប់ លេខ ២ តម្លៃ ១,៤១០ រៀល ក្នុងមួយគីឡូក្រាម ស្រូវស្ងួតលេខមួយតម្លៃ១,៥៩០រៀល ក្នុងមួយគីឡូក្រាម និងស្រូវស្ងួតលេខ២ តម្លៃ១,៤៩០រៀល ក្នុងមួយគីឡូក្រាម៕ ដោយ៖ សួន ពិសិដ្ឋ

អត្ថបទដែលជាប់ទាក់ទង