Banner-right
Banner-right

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន៖ នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ជាមេរៀនរបស់ប្រទេសដទៃសិក្សារៀនសូត្រ ជាបទពិសោធន៍មួយដែលនាំមកនូវសន្តិភាព​ ស្ថិរភាព និងការអភិវឌ្ឍ​ រួមជាមួយភាពសុខដុមរវាងប្រជាជន សាសនា និងសាសនា

(ភ្នំពេញ)៖ ឯកឧត្តម Amjad ALi sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ចប់អាណត្តិប្រចាំកម្ពុជា បានសម្តែងនូវសេចក្តីរីករាយចំពោះការទទួលបានបទពិសោធន៍ពីកម្ពុជា ជាពិសេស នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលវាជាមេរៀនរបស់ប្រទេសដទៃផ្សេងទៀតសិក្សារៀនសូត្រ ជាបទពិសោធន៍មួយដែលនាំមកនូវសន្តិភាព​ ស្ថិរភាព និងការអភិវឌ្ឍ​ រួមជាមួយភាពសុខដុមរវាងប្រជាជន សាសនា និងសាសនាផងដែរ។ ឯកឧត្តមបានសម្តែងនូវក្តីរីករាយបែបនេះ ក្នុងឱកាសឯកឧត្តមត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនោះ ឯកឧត្តម Amjad ALi sher បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ បានអនុញ្ញាតអោយឯកឧត្តមបានជួបសម្ដែងការគួរសមនាពេលនេះ​ ។ ក្នុងឱកាសដែល​ ឯកឧត្តម​ បញ្ចប់បេសកកម្មកាទូតពីព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា រយៈពេល៦ឆ្នាំកន្លះនៅកម្ពុជា ឯកឧត្តមបានរួមចំណែកជាច្រើនក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុងការលើកស្ទួយនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ ពិសេសក៏បានចូលរួមចំណែកផងដែរ ក្នុងការរៀបចំឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាអាទិ៍ ដូចជា ការនាំមកនូវទស្សនកិច្ចរវាងប្រធានព្រឹទ្ធសភាប៉ាគីស្ថានមកកម្ពុជា និងការចូលរួមសន្និសីទផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាននៅកម្ពុជា។ ឯកឧត្តម​ បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដ៏ស្រស់បំព្រងដែលគួរឲ្យចង់រស់នៅ និងស្នាក់អាស្រ័យ។ ក្នុងន័យនេះ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តម នឹងចងចាំនូវអ្វីដែលបានចូលរួមចំណែកជាមួយនឹងកម្ពុជា និងអ្វីដែលទទួលបានតាមរយៈបទពិសោធន៍ពីព្រះរាជាណាចក្រកម្ពុជា ហើយបន្តចូលរួមចំណែកបន្ថែមទៀតក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តមបានធ្វើការងារយ៉ាងច្រើននៅក្នុងការជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានរៀបចំខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរលើកទី៦៥ ជំរុញឲ្យទស្សនកិច្ចរបស់ប្រធានរដ្ឋសភា​ប៉ាគីស្ថាន​ និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ប៉ាគីស្ថានមកកាន់កម្ពុជាផងដែរ។ ឯកឧត្តមក៏បានចូលរួមចំណែកផងដែរក្នុងការលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយនឹងកម្ពុជា។ ក្នុងន័យនេះ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះហើយ ដែលជាមូលដ្ឋានសម្រាប់ការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Amjad ALi sher ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងជូនពរឲ្យឯកឧត្តមជោគជ័យក្នុងបេសកកម្មរបស់ឯកឧត្តមជាបន្តបន្ទាប់ទៀត៕ ដោយ៖ សង្ក្រាន្ត

អត្ថបទដែលជាប់ទាក់ទង