Banner-right
Banner-right

សម្ដេចតេជោ អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសស៊ុយអ៊ែត ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ិស្លាមប៉ាគីស្ថាន ដែលចប់អាណត្តិហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាតឲ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស៊ុយអ៊ែត ចូលជួបសម្តែងការគួរសម។

ក្នុងជំនួបនោះ ឯកឧត្តម Bjorn Haggmark បានជម្រាបជូន​ សម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្ម​ជា​ ឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបាន មានប្រសាសន៍ថា ឯកឧត្តមបានស្វែងយល់អំពីសោកនាដកម្មរបស់កម្ពុជាកន្លងមក ដែលសោកនាដកម្មទាំងនោះគួរគប្បីណា ទប់ស្កាត់កុំឲ្យមានការវិលត្រឡប់មកវិញ។ ក្នុងន័យនេះឯកឧត្តមបានមានប្រសាសន៍ថា ប្រទេសស៊ុយអែតបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់តុលាការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហមកន្លងមក ហើយឯកឧត្តម ក៏បានមានប្រសាសន៍ដែរថា កន្លងមក ស៊ុយអ៊ែតក៏បានផ្ដល់ជំនួយមកកម្ពុជាយើង ជាដំបូងតាមរយៈជំនួយមនុស្សធម៌ហើយនៅពេលនេះទៀត ក៏កំពុងតែរួមចំណែកជួយដល់កម្ពុជានៅក្នុងការអភិវឌ្ឍកម្ពុជាផងដែរ។ ក្នុងន័យនេះ​ ឯកឧត្តម​ បានមានប្រសាសន៍ថា តាមរយៈអ្វីដែលបានធ្វើកន្លងមកនេះ បេសកកម្មការទូតរបស់​ ឯកឧត្តមមកកាន់កម្ពុជា ឯកឧត្តមនឹងមិនចំណាយពេលទៅលើអ្វីផ្សេងទៀតទេ ក្រៅពីការជំរុញទំនាក់ទំនងដែលមានស្រាប់ និងពង្រីកទំនាក់ទំនងដែលមាន ជាពិសេសពង្រីកទំនាក់ទំនងទៅលើបញ្ហាសកល ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសកលភាវូបនីយកម្មផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ​ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះ​ ឯកឧត្តម Bjorn Haggmark ដែលត្រូវបានតែងតាំងជា​ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានថ្លែងអំណរគុណជូនដល់ប្រជាជន រដ្ឋាភិបាលស៊ុយអ៊ែត ដែលកន្លងមកតែងតែ ជួយដល់កម្ពុជា ទាំងផ្នែកមនុស្សធម៌ទាំងការអភិវឌ្ឍន៍។ សម្ដេចតេជោ​ បានលើកឡើងថាជាការពិតកម្ពុជាទទួលរកនូវសោកនាដកម្មអតីតកាលហើយប្រទេសស៊ុយអ៊ែត ជាប្រទេសមួយដែលមិនទទួលអតីតខ្មែរក្រហមអង្គុយនៅកៅអីអង្គការសហប្រជាជាតិ ហើយលើសពីនោះទៀត ក៏បានអនុញ្ញាតឲ្យកម្ពុជាបើកការិយាល័យព័ត៌មាននៅទីក្រុងស្តុកហូម ហើយចាប់ពីពេលនោះមកប្រទេសស៊ុយអ៊ែតជាប្រទេសមួយ ដែលចាប់ផ្ដើមផ្ដល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ​ ជូនចំពោះជំនួយរបស់ប្រទេសស៊ុយអ៊ែត និងរដ្ឋាភិបាលស៊ុយអ៊ែត ក្នុងការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហម គឺជាការជួយដល់កម្ពុជាក្នុងការស្វែងរកសច្ចធម៌ពិតរបស់កម្ពុជា ហើយកន្លងមកនេះក៏បានបន្តជួយដល់កម្ពុជាយើងលើវិស័យអភិវឌ្ឍដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ផងដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការ និងជំនួយលើឆាកអន្តរជាតិដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសាកលភាវូបនីយកម្ម។ សម្ដេចតេជោ​ បានស្នើឲ្យ​ឯកឧត្តម ពិនិត្យពិចារណាស្វែងរកជាមួយភាគីកម្ពុជាលើវិស័យដទៃទៀត ដែលយើងអាចសហការនេះបាន។ ឆ្លៀតឱកាសនេះ​ ​សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បានជម្រាបជូន ឯកឧត្តម Bjorn Haggmark អំពីអាទិភាពរបស់រាជាណាចក្រកម្ពុជា នោះគឺកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានជម្រាបជូនផងដែរ នូវមហិច្ឆតារបស់កម្ពុជា នោះគឺកែប្រែប្រទេសកម្ពុជាយើងពីប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង