កីឡាករគុនខ្មែរ ហ៊ឹម គឹមរៀង កក់មេដាយសំរឹទ្ធិមុនការប្រកួតនៃប្រកួតកីឡា SEA GAMES 2019 នៅហ្វីលីពីន
(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ហ៊ឹម គឹមរៀង របស់កម្ពុជាកក់មេដាយសំរឹទ្ធិបណ្តុះអាសន្នក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលប្រព្រឹត្តថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ២០១៩។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ពីហ្វីលីពីនថា សម្រាប់កីឡាករគុនខ្មែរ ហ៊ឹម គឹមរៀង របស់កម្ពុជាទទួលបានមេដាយសំរឹទ្ធិដោយស្វ័យប្រវត្តិក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ដោយការប្រកួតមានកីឡាករតែ៥រូប ពេលចាប់ឆ្នោតរូបគេឈរចាំតែម្តង។ លោកប្រធានបន្តថា កីឡាករ វ៉ាន់ វឿន ជួបកីឡាករវៀតណាម ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ដែលមានកីឡាករចូលរួមចំនួន៧នាក់ កីឡាការិនី អ៊ុ ស្រីរ័ត្ន ប៉ះកីឡាការិនីវៀតណាមក្នុងប្រភេទទម្ងន់៥៤ គីឡូក្រាម មានកីឡាករចូលរួមចំនួន៥នាក់។ ចំណែកកីឡាករ តាញ់ មករា ប្រកួតជាមួយកីឡាករឡាវ ប្រកួតប្រភេទទម្ងន់៥៧គីឡូក្រាម មានកីឡាករចូលរួមចំនួន៧នាក់ និងកីឡាករ ឡៅ ចិត្រ្តា ប្រកួតជាមួយកីឡាករឡាវ ប្រកួតប្រភេទទម្ងន់៦៣,៥០គីឡូក្រាម មានកីឡាករចូលរួមចំនួន៦នាក់៕ ដោយ៖ កូនដូច