Banner-right
Banner-right

ឃាត់ខ្លួនជនជាតិវៀតណាម ៤នាក់ និងរឹបអូសបានគ្រឿងញៀនជាង១០គីឡូក្រាម នៅខណ្ឌបឹងកេងកង

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលគ្មានលេខ ក្រោយមន្ទីរពេទ្យរបេង ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន «ក៣» សហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវ និងបើកប្រតិបត្តិការជាក់ស្តែងបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ដោយចាប់ជនជាតិវៀតណាមចំនួន ៤នាក់ (ស្រី២នាក់) រួមជាមួយថ្នាំញៀនប្រមាណ ១០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត។ នេះបើយោងតាមលោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោកបានបន្ថែមទៀតថា ប្រតិបត្តិការនោះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ។

លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ បានបញ្ជាក់ទៀតថា ក្រោយការចាប់ខ្លួន និងក្រោយការសួរនាំ កម្លាំងនគរបាលក្រោមការសម្របសម្រួលពីតំណាងអយ្យការ នៅពេលនេះ បានចុះមកឡោមព័ទ្ធ និងឆែកឆេរទីតាំងកែច្នៃ និងផលិតគ្រឿងញៀននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១. ឈ្មោះ ទួន អាញ់ អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង, ទី២. ឈ្មោះ ហ័ង វៀត អាយុ២២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង, ទី៣. ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងទី៤. ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង៕

ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងដកហូតវត្ថុតាងមួយចំនួន៖  ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន ១០កញ្ចប់ធំ) និងការឆែកឆេរនៅទីតាំងខាងលើរកឃើញ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់, ក្រាមពណ៌ត្នោត ២០កញ្ចប់, សារធាតុរាវ ៣៨ដប, សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២), ឧបករណ៍ផលិតកែច្នៃមួយចំនួន និងសារធាតុរាវពណ៌ស ១ប៊ីដុង។

វត្ថុតាងដកហូតពីទីតាំងខាងលើ ប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាត់ការបន្ត៕ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង