Banner-right
Banner-right

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩

(ភ្នំពេញ)៖ មហាសន្និបាតសមាគមអន្ដរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ចាប់ផ្ដើមជាផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «AIMF ភ្នំពេញ៤០ឆ្នាំក្រោយ»។ ពិធីបើក AIMF លើកទី៣៩ ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងមានការចូលរួមពីប្រតិភូអន្ដរជាតិ ប្រមាណ៤០ប្រទេស នៅសណ្ឋាគារសុខាភ្នំពេញ។

គួររម្លឹកឲ្យដឹងថា រាជធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៍របស់ AIMF ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំង កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៩។ ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា នេះជាឱកាសដ៏មានតម្លៃដែលរាជធានីភ្នំពេញ បង្ហាញស្នាដៃ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុង ដែលងើបចេញពីវាលពិឃាតប្រល័យពូជសាសន៍រហូត មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំប្រទេស។
គួរជម្រាបថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែរាជធានីភ្នំពេញមួយគត់ ដែលជាសមាជិកសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលមានផលប្រយោជន៍ ដើម្បីបង្ហាញទៅដល់ទីក្រុង២៩៤ទីក្រុង ពីភាពរឹងមាំ ពីសក្តានុពលជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ បេតិកភណ្ឌពិភពលោក៕ សម្រួល៖ សង្ក្រាន្ត

អត្ថបទដែលជាប់ទាក់ទង