Banner-right
Banner-right

បន្តកាត់ទោសសំណុំរឿងគ្រឿងញៀននៅក្លិបកម្សាន្តរ៉ុក ដោយមិនមានវត្តមានជនត្រូវចោទ គិត ធាង ចូលរួម

(ភ្នំពេញ)៖ រឿងក្តីគ្រឿងញៀនដ៏ល្បីល្បាញនៃក្លិបកំសាន្តរ៉ុក ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការកាត់ទោសកាលពីថ្ងៃទី០៤ធ្នូ ដែលជាលើកទី៥ ដោយមិនមានជនត្រូវចោទឈ្មោះ គិត ធាង ជាម្ចាស់ក្លិបរ៉ុកនោះចូលរួមទេ។ មេធាវីការពារក្ដីឲ្យជនជាប់ចោទ គិត ធាង បានលើកឡើងថា បញ្ហាសុខភាព ជាមូលហេតុចម្បងដែលកូនក្ដីរបស់គេមិនអាចចូលរួមសវនាការបាន។ នាពេលសវនាការថ្ងៃនេះ តុលាការបានសាកសួរជនជាប់ចោទតែ២នាក់ប៉ុណ្ណោះ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នៅក្នុងក្លិបកម្សាន្តរ៉ុក ហើយចៅក្រមតុលាការក៏បានផ្អាកសវនាការនៅវេលាម៉ោង១២ថ្ងៃត្រង់នេះ។ ដោយសារក្នុងចំណោមជនជាប់ចោទទាំងអស់ មានអនីតិជនម្នាក់ តុលាការបានបិទទ្វារកាត់ទោស ក្រោមរូបភាពអសាធារណៈ ដោយមិនអនុញ្ញាតឲ្យសាធារណជនចូលរួមស្ដាប់ដំណើរការកាត់ទោសទេ។

គួររំលឹកថា លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន អ្នកឧកញ៉ា គិត ធាង ដាក់ពន្ធនាគារ ប៉េ ហ្ស៊ី ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ពី បទសម្រួលឲ្យមានការប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់តាមមាត្រាមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនគាត់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដ៏ល្បីនៅក្លិបកម្សាន្តរ៉ុក។ មាត្រា ៤៤ កថាខណ្ឌ ទី២ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ចែងថា អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬអំពើផ្សេងទៀត បង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួលឲ្យប្រើប្រាស់ ដោយ ខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ២០លានរៀល៕ ដោយ៖ លក្ខណ៍

អត្ថបទដែលជាប់ទាក់ទង