Banner-right
Banner-right

ចោទប្រកាន់ក្រុមផលិតកែច្នៃស្លាកលេខយានយន្តក្លែងក្លាយ៦នាក់

(ភ្នំពេញ)៖ ជនសង្ស័យចំនួន៦រូប ដែលពាក់ព័ន្ឋនឹងការផលិតកែច្នៃស្លាកលេខយានយន្ត បានត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី៤ ខែធ្នូនេះ ដោយចោទប្រកាន់ ពីបទក្លែងបន្លំឯកសារសាធារណៈ បទក្លែងបន្លំឯកសារសាធារណៈ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីស៊ើបអង្កេតបន្ថែម និងបន្តសម្រេចឃុំខ្លួនដាក់ពន្ឋនាគារបណ្តោះអាសន្ន។ ជនសង្ស័យ៦នាក់ មាន៖ ១)ឈ្មោះ យ៉ុន ផល្លា អាយុ៥០ឆ្នាំ ២)ឈ្មោះ ណុល ណែន អាយុ៤៥ឆ្នាំ ៣)ឈ្មោះ ឡន ផល្លា អាយុ៣១ឆ្នាំ ៤)ឈ្មោះ ឈូ ឈិន អាយុ៤៩ឆ្នាំ ៥)ឈ្មោះ ផេង ធិ អាយុ៣៧ឆ្នាំ និង៦)ឈ្មោះ ថោង សំណាង អាយុ៣៣ឆ្នាំ។

សូមរំលឹកថា នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំសមត្ថកិច្ចចម្រុះ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ផលិតស្លាកលេខយានយន្តក្លែងក្លាយ ចំនួន៣កន្លែង ស្ថិតនៅសង្កាត់ផ្សារថ្មីទី៣ សង្កាត់បឹងរាំង និងសង្កាត់ចតុមុខ ដោយ បានធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ និងដកហូតស្លាកលេខម៉ូតូ រថយន្ត ក្លែងក្លាយចំនួន៧០បន្ទះ រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតផង។ ក្រោយកិច្ចប្រតិបត្តិការនោះ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើសន្និសីទកាសែតស្តីពីលទ្ធផលដែលបង្ក្រាបបានដូចជា៖ ទីតាំងទី១ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងជាស្លាកលេខក្លែងក្លាយ ២២សន្លឹក ស្លាកលេខស៊ីវិល១០បន្ទះ ស្លាកលេខនគរបាល ៣បន្ទះ ស្លាកលេខខេមរភូមិន្ទ៥បន្ទះ ស្លាកលេខរថយន្ដ៣បន្ទះ ស្លាកលេខអ្នកកាសែត១បន្ទះ ម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ម៉ាស៊ីនកាត់ស្ទីកគ័រ២គ្រឿង ថ្នាំកំប៉ុង២៤កំប៉ុង កន្ត្រៃកាត់ស័ង្ហសី២ ដង្កាប់២ និងកន្ត្រៃតូច២។ ចំណែកទីតាំងទី២ ស្ថិតក្នុងសង្កាត់បឹងរាំង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូវត្ថុតាងជាស្លាកលេខក្លែងក្លាយចំនួន២០បន្ទះ ស្លាករថយន្ដលេខស៊ីវិល៣បន្ទះ ស្លាកលេខរថយន្ដនគរបាល៤បន្ទះ ស្លាកលេខរថយន្ដខេរភូមិន្ទ២បន្ទះ ស្លាកលេខម៉ូតូស៊ីវិលចំនួន៨បន្ទះ ស្លាកលេខម៉ូតូ នគរបាល១បន្ទះ ស្លាកលេខម៉ូតូ ខេរភូមិន្ទ១បន្ទះ កន្ត្រៃកាត់ស័ង្ហសី១ ដែកឆាប១ និងថ្នាំពណ៌៦កំប៉ុង។ ដោយឡែក ទីតាំងទី៣ ស្ថិតនៅសង្កាត់ចតុមុខ ឃាត់ខ្លួនជនសង្ស័យ១នាក់ ដកហូតវត្ថុតាង ស្លាកលេខក្លែងក្លាយចំនួន៣៣ស្លាក ស្លាកលេខរថយន្ដស៊ីវិល២១បន្ទះ ស្លាកលេខរថយន្ដរដ្ឋ២បន្ទះ ស្លាកលេខរថយន្ដចង្កូតស្ដាំ៣បន្ទះ ស្លាកលេខម៉ូតូខេរភូមិន្ទ៦បន្ទះ ស្លាកលេខម៉ូតូស៊ីវិល១បន្ទះ កន្ត្រៃកាត់ស័ង្ហសី១ កូនសោរលេខ១៤ មួយ ម៉ាស៊ីនកាត់ស្ទីកគ័រ១គ្រឿង ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង ថ្នាំពណ៌១៥កំប៉ុង និងម៉ាស៊ីនដាប់ជ្រី១គ្រឿង៕ ដោយ៖ លក្ខណ៍

អត្ថបទដែលជាប់ទាក់ទង