Banner-right
Banner-right

រដ្ឋមន្រ្តីការបរទេសកម្ពុជា៖ ជំនួយរបស់ជប៉ុនជាង២២លានដុល្លារ ជាការរួមចំណែកឲ្យសម្រេចបាននូវទស្សនវិស័យនៃផ្គត់ផ្គង់ទឹកស្អាតនៅឆ្នាំ២០២៥

(ភ្នំពេញ)៖ ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានេះ បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ¥២.៤០៥.០០០.០០០ (ពីរប៊ីលានបួនរយប្រាំលានយ៉េន) ប្រមាណជាង២២លានដុល្លារ សម្រាប់អនុវត្តគម្រោង “ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់”។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៏ថា នេះជាលើកទី២ហើយ ដែលបានចុះហត្ថលេខាជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ហើយក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសប្រជាជនរស់នៅក្នុងខេត្តពោធិ៍សាត់។ លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយនេះ ដែលមានសារសំខាន់ ក្នុងការរួមចំណែកអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤ – ២០២៥ ដើម្បីសម្រេចទស្សនវិស័យ “ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវបានផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យ ប្រកបដោយនិរន្តរភាព” នៅឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំលឹកថា សម្រាប់ឆ្នាំសារពើពន្ធជប៉ុន២០១៩ (គិតពីថ្ងៃទី១ មេសា ២០១៩ ដល់៣១ មីនា ២០២០) រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុបចំនួន៣.៨១៦លានយ៉េន ស្មើនឹងប្រមាណ៣៤,៥ លានដុល្លារអាម៉េរិក (ដោយពុំទាន់រាប់បញ្ចូលគម្រោង ដែលបានចុះហត្ថលេខានៅថ្ងៃនេះ) សម្រាប់អនុវត្តន៍គម្រោងចំនួន៤ រួមមាន ទី១.សាងសង់ឃ្លាំង Container Freight Station នៅតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទី២. អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ទី៣.ផ្តល់គ្រឿងចក្រ Stabilizer សម្រាប់ជួសជុលផ្លូវថ្នល់នៅកម្ពុជា និងទី៤.អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ និងស្វាហាប់ ដោយរក្សាបានសម្រេចកំណើនយ៉ាងឆាប់រហ័ស ដោយរក្សាអត្រាជាមធ្យម៧ភាគរយ ក្នុងមួយឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ដោយធនាគារពិភពលោក និងជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅអាស៊ី ជាឧទាហរណ៍សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩នេះ ត្រូវបានប៉ាន់ស្មានថាអាចសម្រេចបានក្នុងរង្វង់៧.១ភាគរយ ដោយផលិតផលក្នុងស្រុក (ផសស) សម្រាប់មនុស្សម្នាក់មានរហូតដល់១.៦៧៩ ដុល្លារអាម៉េរិក។ សមិទ្ធផលទាំងអស់នេះ មិនអាចផ្តាច់ចេញបានពីការរួមចំណែកយ៉ាងធំធេងរបស់មិត្តជប៉ុនស្ទើរគ្រប់វិស័យ ក្នុងរយៈកាលជាងពីរទសវត្សរ៍មកនេះទេ។ ការរីកចម្រើននៃសេដ្ឋកិច្ច-សង្គម របស់កម្ពុជាក៏បានជួយបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែច្រើនផងដែរ។

ចំណែកលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងថា តាមរយៈរញ្ញប្បទានឥតសំណងប្រមាណ២២លានដុល្លារអាម៉េរិក ដែលបានចុះហត្ថលេខានេះ ជប៉ុននឹងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងរៀបចំប្រព័ន្ធចែកចាយទឹកជាដើម ក្នុងក្រុងពោធិ៍សាត់។ លោកបន្តថា ទំនក់ទំនងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជាបាននឹងកំពុងពង្រីកដល់វិស័យជាច្រើន ហើយទាំងអស់ក៏ទទួលបានលទ្ធផលដ៏ធំធេង ដូច្នេះហើយខ្ញុំគិតថា កិច្ចសហប្រតិបត្តិការទាំងនេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ទោះបីជាតិចតួចក្តី។ ក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត គឺគួរឲ្យកត់សម្គាល់សម្រាប់រយៈពេលវែង និងទំហំដ៏ធំនៃសមិទ្ធផលដែលសម្រេចបាន។

តាមរយៈក៏ច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាញបច្ចេកទេសជប៉ុន និងកម្ពុជា លោក MIKAMI Masahiro អះអាងថា យើងអាចសម្រេចបាននូវសមិទ្ធផល ដែលត្រូវបានហៅថា “ភ្នំពេញអច្ឆរិយៈ” នៅរាជធានីភ្នំពេញ ប៉ុន្តែអត្រាផ្គត់ផ្គង់ទឹកស្អាត និងគុណភាពទឹកនៅតំបន់ជាច្រើននៅក្នុងខេត្ត ក្រុងផ្សេងទៀត មានស្ថានភាពខ្វះខាតច្រើន។ “ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានកំណត់គោលដៅនៃអត្រាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០ ភាគរយ នៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥។ តាមរយៈគម្រោងនេះ ខ្ញុំរំពឹងថា អត្រាផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់ នឹងមានការកើនឡើង ហើយអត្រាផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងផ្សេងទៀត នឹងមានការអភិវឌ្ឍកាន់តែខ្លាំង”។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ លើកឡើងទៀតថា ទោះបីជាបច្ចុប្បន្ននេះ កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ដោយ ខ្ញុំគិតថា មិនត្រឹមតែការផ្គត់ផ្គង់ទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានៅមានកិច្ចការជាច្រើន ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ដូចជាប្រព័ន្ធទឹកកខ្វក់ បញ្ហាសំរាម និងការកកស្ទះចរាចរណ៍ជាដើម។ ប្រទេសជប៉ុនសង្ឃឹមថា នឹងអាចជួយដោះស្រាយបញ្ហាទាំងនោះបាន ដោយប្រើប្រាស់នូវគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗ៕ ដោយ៖ ភក្តី

អត្ថបទដែលជាប់ទាក់ទង