Banner-right
Banner-right

លោក ត្រាំ និង​លោក ម៉ាក្រុង បង្ហាញ​ការ​ខ្វែង​គំនិត​គ្នា ​នៅ​ក្នុង​សន្និសីទ​កំពូលណាតូ

(អន្តរជាតិ)៖ ការ​ខ្វែង​គំនិត​គ្នា​រវាងលោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង ​បានត្រូវបញ្ចេញ​នៅ​ពេល​ពួក​មេដឹកនាំ​នៃ​អង្គការ​ណាតូ បានប្រមូល​ផ្តុំ​គ្នា​ក្នុងសន្និសិទ​កំពូល​នៅ​ក្នុង​ទីក្រុងឡុងដ៍

​រយៈពេល​ជិត ៤០នាទី​ជាមួយ​ក្រុម​អ្នកកាសែត មេដឹកនាំ​ទាំង​ពីរ ​បាន​ប៉ះទង្គិច​គ្នា​ខាង​ពាក្យ​សម្តី ​អំពី​បញ្ហា​មួយ​ចំនួន ដោយមាន​រួមបញ្ចូល​ការ​បែង​ចែក​ ការ​ទទួល​បន្ទុក​នៅ​ខាង​ក្នុង​អង្គការណាតូ ភេរវកម្ម ការ​លុកលុយ​របស់តួកគីនៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃប្រទេស​ស៊ីរី និងការ​ដក​ថយ​របស់​សហរដ្ឋអាមេរិក ចេញ​ពី​សន្ធិសញ្ញា​អាវុធមួយ ​ជាមួយប្រទេស​រុស្សី ។​

មេដឹកនាំ​ទាំង​ពីរ បានជួបគ្នា​តែ​ប៉ុន្មានម៉ោង ​ក្រោយ​ពី​លោក ត្រាំបានរិះគន់​លោក​ ម៉ាក្រុង អំពី​សេចក្តី​ថ្លែង​ការណ៍​របស់លោក កាល​ពី​ពេល​ថ្មីៗនេះ​ដែល​ថា ​អង្គការណាតូ «គ្មានដំណើរការ» ដោយ​សារ​ការ​ចុះ​ថម​ថយភាព​ដឹក​នាំ​របស់​សហរដ្ឋអាមេរិក

លោក​ ត្រាំ បាន​ហៅ​សេចក្តី​ថ្លែងរបស់​លោក​ប្រធានាធិបតី​បារាំង​រូបនេះ​ថា​ជា «សេចក្តីថ្លែងការណ៍​មិនល្អ» នៅ​ពេល​មេដឹកនាំ​ទាំង​ពីរ​ អង្គុយ​ចរចា​គ្នា លោក ត្រាំ បានព្រមាន​ប្រទេស​ជា​សមាជិក​នៃ​អង្គការណាតូ ​ដែលមិនបានបំពេញ​តាមគោលការណ៍​ណែនាំ​​នៃចំណាយ ​២% ​នៃ​ផលិត​ផល​សរុបក្នុង​ស្រុក ដោយ​និយាយយោង​ដល់​ការបន្ថែមពន្ធ​លើ​ផលិតផលនានា ដោយមានរួមបញ្ចូល​ទាំង​ស្រាទំពាំង​បាយជូរ​បារាំងផង​ដែរ

​លោក ម៉ាក្រុង ដែលនៅ​ពេលបច្ចុប្បន្ន​នេះ ​បានធ្វើវិភាគទាន១,៩% នៃផលិត​ផល​សរុបក្នុងស្រុក​របស់​ប្រទេស​បារាំង ដល់​អង្គការណាតូ បានច្រានចោល​សេចក្តី​ថ្លែង​របស់លោក ត្រាំ ។​លោក​ ម៉ាក្រុង បាន​សួរ​លោក​ ត្រាំ ថា «នេះមិន​មែនគិត​តែ​អំពី​ប្រាក់ទេ ។ ចុះម្តេចទៅ​អំពី​សន្តិភាពក្នុង​ទ្វីបអឺរ៉ុប

លោក ម៉ាក្រុង បាន​មានប្រសាសន៍​ថា​ លោកគាំទ្រដល់​អឺរ៉ុប​មួយ ​ដែល​ខ្លាំង​ជាងមុន​នៅក្នុង​អង្គការណាតូ ក៏​ប៉ុន្តែលោកបានចង្អុលបង្ហាញថា​ ក្រោយពេលអាមេរិក​បញ្ចប់​សន្ធិសញ្ញា​កងកម្លាំងនុយក្លេអ៊ែរ មានវង់ប្រតិបត្តិការ​មធ្យម​ ហៅ​កាត់​ថា INF ពួកប្រទេស​អឺរ៉ុប ​កំពុង​ប្រឈមនឹង​ការគំរាមកំហែង​ថ្មី​ដោយមីស៊ីលរុស្សី ៕  ដោយ៖ សែនរដ្ឋា

អត្ថបទដែលជាប់ទាក់ទង