Banner-right
Banner-right

បន្ទាប់ពីបាត់មុខជិតមួយឆ្នាំអ្នកប្រដាល់ថៃ ប្រា វីត លេចមុខមកវិញ

(ភ្នំពេញ)៖ អ្នកប្រដាល់ជើងចាស់ថៃ ប្រា វីត (Pra Wit) ដែលបាតមុខពីសង្វៀនស្រុកខ្មែរស្ទើរតែមួយឆ្នាំទៅហើយនោះ បានលេខមុខមកវិញដើម្បីប្រកួតជាមួយអ្នកប្រដាល់កម្ពុជា ឌុម កែវដា លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៧ធ្នូនេះ។

សូមបញ្ជាក់ថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់បានផ្ដួលអ្នកប្រដាល់ខ្លាំងៗរបស់កម្ពុជា បានមិនតិចនាក់នោះទេ។ គេជាអ្នកប្រដាល់វ័យចំណាស់ ដែលមានផ្លែវ៉ៃមិនអន់នោះទេ មិនតែប៉ុណ្ណោះកម្លាំងរបស់គេមិនចាញ់កម្លាំងក្មេងឡើយ។ អ្នកប្រដាល់ថៃរូបនេះ ក៏ធ្លាប់ចាញ់នៅលើ​ទឹកដីរបស់កម្ពុជាមិនតិចដែរ។

ចំពោះ កែវ ដា វិញមួយរយៈនេះ គេហាក់ដូចជាស្រុតចុះបន្តិច តែកលល្បិចវ៉ៃរបស់គេមិនអន់នោះទេ គ្រាន់តែកម្លាំងរបស់គេឆាប់ធ្លាក់ចុះដោយសារតែការហ្វឹកហាត់មិនបានដិតដល់។ អ្នកប្រដាល់កម្ពុជារូបនេះ ខ្សោយខាងការពារហើយគេចូលចិត្តប្រើកែង និងជង្គង់វាយប្រហារលើគូប្រកួតណាស់ ប៉ុន្តែកែងរបស់គេវ៉ៃចេញមិនសូវមានប្រសិទ្ធភាពឡើយ។ អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន១១៥ដង ឈ្នះ៩៥ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដង។ ចំពោះអ្នកប្រដាល់ថៃ ប្រា វីត វិញគេមានប្រវត្តិប្រកួតចំនួន៩៨ដង ឈ្នះ៨២សង ចាញ់១៤ដង និងស្មើពិន្ទុ២ដង។ សម្រាប់អ្នកប្រដាល់ទាំង២រូបនេះ នឹងប្រកួតគ្នា៥ទឹកមិនខានឡើយ តែរឿងឈ្នះ ចាញ់មិនអាចនិយាយបានមុនឡើយ។

ដោយឡែក សុខ សុវណ្ណ ក្លិបកងពលធំអន្តរាគមន៍លេខ២នៃសមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួអ្នកប្រដាល់ថៃ ឃុម ផាយ៉ាក់ (Khum Phayak) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ឃុម ផាយ៉ាក់ ក៏ជាអ្នកប្រដាល់មួយរូបមិនស្រួល បង្ក្រាបដែរ ចំណែកឯ សុខ សុវណ្ណ ក៏ធ្លាប់ជាជើងខ្លាំងមួយរូបដែរ ប៉ុន្តែមួយរយៈនេះ គេហាក់​ដូចជាស្រុតចុះ ពិសេសកម្លាំងរបស់គេបន្ទាប់ពីឆ្លងផុតទឹកទី៣ ចាប់ផ្ដើមធ្លាក់តែម្ដង។ អ្នកប្រដាល់កម្ពុជារូបនេះ ចូលចិត្តវ៉ៃប្ដូរ ទោះបីមួយចានទឹកមួយចាន់គោកក៏ដោយ។ សុវណ្ណ មានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៥ដង ចាញ់១៨ដង និងស្មើពិន្ទុ២ដង។ ចំពោះ ឃុម ផាយ៉ាក់ វិញគេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥០ដង ចាញ់១០ដង និងស្មើពិន្ទុ១ដង។ អ្នកប្រដាល់ទាំង២រូបនេះ មិនដឹងថានរណាជួបសំណាងល្អនោះឡើយ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ ឈុន ប្រាក់កាក់ ក្លិបតាឯកដំបងដែកមានរិទ្ធប្រកួតជាមួយ ផុន សុខវិបុល ក្លិបតាព្រហ្មមានជ័យ។ អ្នកប្រដាល់វ័យក្មេងទាំង២រូបនេះ ចូលចិត្តវ៉ៃប្ដូរដូចគ្នាហើយបើគូប្រកួតហ៊ានធ្វើឲ្យគេឈឺសាច់នោះទោះបីមួយចាន់ទឹកមួយចានគោក ក៏គេត្រូវតែតាមសងវិញដែរទោះបីឮបានសម្រេច ឬមិនសម្រេចក៏ដោយ។ មិនដឹងថានរណាជាអ្នកឈ្នះនោះឡើយ។ ចំណែក អេលីត វិចិត្រ ក្លិប ប៉ែន កាក់ គុនខ្មែរត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ កំពែង ខ្មៅ ក្លិបអេភូថងកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ធីម ទាន់ ក្លិបខេត្តរតនគីរីប្រកួតជាមួយ មុត ខ្លឹមខ្មៅ ក្លិបម្កុដរាជសីហ៍។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម៕ ដោយ៖ កូនដូច

អត្ថបទដែលជាប់ទាក់ទង