Banner-right
Banner-right

គ្រូបង្វឹកកម្ពុជា និងម៉ាឡេស៊ី និយាយអ្វីខ្លះក្រោយការប្រកួត?

(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតឈ្នះក្រុមម៉ាឡេស៊ី៣ទល់១នោះ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិ U22 កម្ពុជា បានបង្ហាញនូវក្ដីរំពឹងចង់ជួបក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា ម្ដងទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន។ លោកFelixបានលើកឡើងថា ទោះបីលទ្ធផលមិនដូចការចង់បាន ប៉ុន្តែកូនក្រុមលោកបានខំប្រឹងអស់ពីលទ្ធភាពហើយ ហេតុនេះលោកបានស្នើដល់ឲ្យអ្នកគាំទ្របន្ដលើកទឹកចិត្តដល់ពួកគេ។ លើសពីនេះ ការប្ដេជ្ញាដឹកនាំក្រុមរកលទ្ធផលល្អឲ្យខានតែបានក្នុងការប្រកួតចុងក្រោយជាមួយក្រុម U22 ម៉ាឡេស៊ី ដើម្បីប្រជែងកៅអីវគ្គបន្ដនោះលោកក៏ធ្វើបានសម្រេចដែរ។ ពិសេស លោកចង់ជួបក្រុម U22 មីយ៉ាន់ម៉ាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ។

ដោយឡែកលោក Ong KimSwee គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ បានបង្ហាញនូវក្ដីសោកស្ដាយក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍ ភ្ជាប់ជាមួយការថ្លែងបញ្ជាក់ថា ការប្រមូលផ្ដុំរបស់ក្រុមលោកមានរយៈពេលខ្លី គឺជាមូលហេតុនាំឲ្យជ្រុះចេញពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩នេះ។ ការនិយាយដូច្នេះ គឺក្រោយក្រុមរហស្សនាមខ្លាដំបង របស់លោក បានរងបរាជ័យក្រោមថ្វីជើងគោព្រៃកម្ពុជា ដោយលទ្ធផលដ៏តានតឹង ៣-១ កាលពីយប់ថ្ងៃទី០៤ ខែធ្នូ ម្សិលមិញ នៅកីឡដ្ឋាន Rizal Memorial Stadium ក្នុងជំនួបចុងក្រោយប្រចាំពូល ​A លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស។ លោក Ong Kim Swee បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ការរៀបចំក្រុមក្នុងរយៈពេលខ្លី ជាហេតុជំរុញឲ្យក្រុមបរាជ័យក្នុងការរួមបញ្ចូលគ្នាដ៏ល្អបំផុតមួយ មុនពេលធ្វើដំណើរមកកាន់ទីក្រុងម៉ានីលនេះ ប៉ុន្តែយ៉ាងណាលោកក៏សម្ដែងនូវការសរសើរ ក៏ដូចជាអបអរដល់កម្ពុជា ដែលធ្វើបានយ៉ាងល្អក្នុងជ័យជម្នះនេះ។

គ្រូបង្វឹកសញ្ជាតិម៉ាឡេស៊ីរូបនេះបានថ្លែងដំបូងយ៉ាងដូច្នេះថា៖ «អបអរសាទរដល់កម្ពុជា។ ពិតណាស់ យើងលេងមិនបានល្អដូចកម្ពុជានោះទេ យើងបានប្រឹងប្រែងហើយនៅពេលប្រកួត ខ្ញុំគិតថាយើងមិនបានបំបែកឱកាសរបស់យើងបាន នៅពេលដែលយើងមានឱកាសល្អៗនៅវគ្គទី២។» គ្រូបង្វឹករូបនេះបន្ថែមថា«ពួកគេខ្លះបានលេងទៀងទាត់ ហើយខ្លះទៀតមិនបានលេងទេ នៅលីគ ដូច្នេះយើងនៅសល់តែ ២-៣ថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីវគ្គជម្រុះបាល់ទាត់ពិភពលោក

( FIFA World Cup ) ដើម្បីឲ្យពួកគេបានលេងជុំគ្នា។ ក្នុងស្ថានភាពបែបនេះ យើងពិតជាត្រូវការពេលវេលាច្រើនទៀត។ ព្យាយាមប្រាប់ខ្ញុំថា តើកម្ពុជាត្រៀមរយៈពេលប៉ុណ្ណា? តើមីយ៉ាន់ម៉ា និងហ្វីលីពីន ត្រៀមប៉ុណ្ណាដែរ? ទោះបីជាយើងមានកីឡាករល្អក៏ដោយ យើងត្រូវតែឲ្យពួកគេនៅជាមួយគ្នាឲ្យបានយូរ។ យើងមិនអាចមកតែ ២ ឬ ៣ថ្ងៃ ហើយបន្ទាប់មកប្រកួតនោះទេ ហើយពិតណាស់ វានឹងមានបញ្ហា។» លោកក៏បានថ្លែងកោតសរសើរផងដែរអំពីកម្រិតលេងរបស់ក្រុមដូចជាកម្ពុជា ហ្វីលីពីន និងឡាវ នាពេលបច្ចុប្បន្ន គឺមិនដូចទៅនឹងពួកគេកាលពី ២ឬ ៤ ឬក៏ ៦ឆ្នាំមុននោះទេ ដ្បិតពីមុនងាយស្រួលប្រកួតជាមួយ ប៉ុន្តែពេលនេះ គឺមិនដូច្នេះទេ។

សូមបញ្ជាក់ថា ម៉ាឡេស៊ី បានបញ្ចប់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើប្រភេទកីឡាបាល់ទាត់ ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ប្រចាំពូល A ក្រោយប្រកួត ៤ដង ឈ្នះ១ ស្មើ១ និងចាញ់ ២ រកបានតែ ៤ពិន្ទុ ពុំគ្រប់គ្រាន់ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ស្របពេលពូល A នេះ មីយ៉ាន់ម៉ា ជាមួយ កម្ពុជា គឺជាក្រុមដែលត្រូវឡើងវគ្គបន្ត៕ ដោយ៖ កូនដូច

 

អត្ថបទដែលជាប់ទាក់ទង